សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (4/18/2024 6:47:18 PM )
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពីចក្ខុវិស័យទឹក÷ទស្សនវិស័យពីកម្ពុជា ដែលបានរៀបចំធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជែនស៊ី ភ្នំពេញ (Hyatt Regency ភ្នំពេញ) នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។
 
ក្នុងនាមសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតផ្ទាល់ បានមានប្រសាសន៍ថា «សិក្ខាសាលាស្តីពីវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា» ដែលក្រុមប្រឹក្សាទឹកអាស៊ី (Asia Water Council-AWC) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute-AVI) បានផ្តួចផ្តើម និងសហការរៀបចំនាពេលនេះ គឺពិតជាមានសារសំខាន់ណាស់។
 
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បន្តថា បច្ចុប្បន្នការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមសកល ដែលបង្កឡើងដោយកត្តាសំខាន់ៗដូចជា ការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ ការប្រើប្រាស់ចំហេះប្រេងឥន្ធនៈ ការកើនឡើងនៃចំនួនប្រជាជនពិភពលោក និងការរេចរឹលនៃគម្របព្រៃឈើពិភពលោកជាដើម។ វិបត្តិអាកាសធាតុ បានក្លាយជាប្រធានបទសកល ដែលទាមទារឱ្យមានការចូលរួមដោះស្រាយរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងប្រទេសតូច ទាំងប្រទេសធំ ទាំងកម្រិតរដ្ឋាភិបាល វិស័យឯកជន និងអង្គការសង្គមស៊ីវិល។
 
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១នៃរដ្ឋសភា បានមានប្រសាសន៍ទៀតថា​ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែរ បានរងផលប៉ះពាល់ដោយផ្ទាល់ពីការប្រែប្រួលអាកាសធាតុ ស្របពេលដែលចំនួនប្រជាជន​ និងទីក្រុងបានកើនឡើងជាបន្តបន្ទាប់ ហើយបញ្ហាទឹកក៏បានក្លាយជាបញ្ហាប្រឈមភ្ជាប់ទៅនឹងការរីកចម្រើននៃទីក្រុងដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនទាំងនៅទីប្រជុំជននិងជនបទ។
 
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍លើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីមុនរហូតមក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ក្រោមដំបូលនៃសន្តិភាព និងតាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពកម្ពុជា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏បានបន្តដឹកនាំអភិវឌ្ឍន៍កម្ពុជាប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ដោយបានបន្តកំណត់យកវិស័យ «ទឹក» ជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
 
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបង្ហាញក្ដីសង្ឃឹមថា សិក្ខាសាលានាថ្ងៃនេះ នឹងក្លាយជាវេទិកាពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ អំពីស្ថានភាពជាក់ស្តែង និងចក្ខុវិស័យនៃវិស័យទឹកនៅកម្ពុជា ហើយក៏នឹងឈ្វេងយល់បន្ថែមអំពីបញ្ហាប្រឈមនិងកាលានុវត្តភាព ដើម្បីជំរុញការអនុវត្តគម្រោងពាក់ព័ន្ធនឹងវិស័យទឹកទៅតាមស្ថានភាពតម្រូវការជាក់ស្តែង។ ទន្ទឹមនឹងនេះ​ អង្គសិក្ខាសាលាអាចពិចារណាដាក់ចេញអនុសាសន៍ ឬបង្កើតផែនទីចង្អុលផ្លូវ (roadmap) មួយ សម្រាប់ការអភិវឌ្ឍវិស័យទឹកនៅកម្ពុជា ដោយផ្អែកលើធាតុចូលសំខាន់ៗ ដែលទទួលបានពីអង្គសិក្ខាសាលានេះ។
 
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋសភាកម្ពុជានឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយសន្តិវិធី ដើម្បីបង្កើនតម្លៃនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូអន្តរជាតិ សំដៅបង្កើតសុខុមាលភាពទឹក ការគ្រប់គ្រងទឹកប្រកបដោយចីរភាព សកម្មភាពទឹកទាក់ទងនឹងអាកាសធាតុនៅប្រទេសកម្ពុជា និងតំបន់អាស៊ី តាមយន្តការនៃកិច្ចសហប្រតិបត្តិការសភា​ និងសភា។