សម្តចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋ ក៏បានរំឭកអំពីទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់កម្ពុជាជំនាន់មុន និងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត ដែលមានទំនាក់ទំនងដ៏ល្អប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ និងក្ដីនឹករឭក។
ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត បានជម្រាបទៅប្រធានរដ្ឋឡាវអំពីលទ្ធផលនៃកិច្ចប្រជុំ និងការចុះអនុស្សរណៈយោគយល់គ្នារវាងរណសិរ្ស ៣ប្រទេស ប្រកបដោយផ្លែផ្កា។ សម្តេចបានបន្តទៀតថា ទំនាក់ទំនងល្អប្រពៃនៃថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់កម្ពុជា និងឡាវ ជំនាន់មុន នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ ដែលត្រូវតែថែរក្សាឲ្យបានគង់វង្សយូរអង្វែង។
ទន្ទឹមនោះ ឯកឧត្តមប្រធានរដ្ឋ បានសម្ដែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចពិភាក្សា ដែលនេះជាលទ្ធផលប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ និងបានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។