ឯកឧត្តម កឹម សុខា អនុប្រធានទី១ រដ្នសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ បានអញ្ជើញជា អធិបតីយភាព ក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានា នៅក្នុងវត្តជោតិមន្នីមានជ័យ (ហៅវត្តត្រពាំងពីរល្វែង) ដែលស្ថិតនៅភូមិអូរឬស្សី ឃុំស្រែ ខាងត្បូងស្រុក ដងទង់ ខេត្តកំពត។
វត្តជោតិមន្នីមានជ័យ ជាវត្តដ៍ចំណាស់មួយ ហើយបានបំផ្តិចបំផ្លាញ ស្ទើរទំាងស្រុង នៅក្នុងរបបប៉ុតពត និងបានផ្តើមកសាង ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងវត្តឡើងវិញ ជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០០៨មក ដោយកម្លំាងសទ្ធា របស់ពុទ្ធបរិស័ទចំណុះជើងវត្ត ជិតឆ្ងាយ។ នៅពិធីបញ្ចុះខណ្ឌ័សីមា និងសម្ពោធសមិទ្ធផលនានា កាលពីថ្ងៃទី២៥មករានេះ មានការអញ្ជើញចូលរួមពីពុទ្ធបរិសទ័យ៉ាងច្រើនកុះករ។
ក្នុងឪកាសនោះ ឯកឧត្តម កឹម សុខា បានមានប្រសាសន៍ថា វត្តអារាម ក៍ដូចជាព្រះពុទ្ធសាសនាមានតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ។ ទីវត្តអារាម មិនគ្រាន់តែជាទីសក្ការៈសម្រាប់ការគោរពបូជា តាមផ្លូវជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាលបណ្តុះបណ្តាល ចំណេះដឹង ទូទៅ អប់រំសីលធម៌ និងផ្តល់ជំនួយស្មារតី ដល់ប្រជាពលរដ្ឋ ឲ្យរួមរស់ជាមួយគ្នា ដោយ សាមគ្គីភាព ស្មោះត្រង់ អហិង្សាជាដើម។
ឯកឧត្តមអនុប្រធានទី១ រដ្ឋសភាបានគួសបញ្ជាក់បន្តថា ម្យ៉ាងវិញទៀត វត្តអារាមប្រៀបបានជាឃ្លាំងដ៏មានតម្លៃ សម្រាប់រក្សានូវគម្ពីរ ទំនៀបទម្លាប់ វប្បធម៌ប្រពៃណី របស់ជាតិខ្មែរឲ្យបានគង់វង្សស្ថិតស្ថេរទៀតផង៕