រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » គណ:កម្មការរដ្ឋសភា និងក្រសួងបរិស្ថានជួបប្រជុំពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ
គណ:កម្មការរដ្ឋសភា និងក្រសួងបរិស្ថានជួបប្រជុំពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (1/18/2024 1:07:10 AM )

គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត បានជួបពិនិត្យពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ជាមួយតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសហការី នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា គណៈកម្មការជំនាញផ្សេងៗទៀត នៃរដ្ឋសភាផងដែរ។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ជម្រាបជូនពីគោលបំណងចម្បង នៃសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនេះ គឺប្រមូលផ្តុំសំយោគបញ្ចូលគ្នា នូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធាន ធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្ម ឱ្យមានភាពជាក់ស្ដែងនិយម សង្គតិភាព វិសាលភាព ទូលំទូលាយ គ្រប់ជ្រុងជ្រោយ និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែនសមត្ថកិច្ច នៃក្រសួង ស្ថាប័ន ពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារ និងតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងបរិបទរីកចម្រើន នៃសង្គម កម្ពុជាថ្មី។

សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនេះ បំពេញបន្ថែម និងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់ពាក់ព័ន្ធនានា ដូចជា ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ភូមិបាល ច្បាប់ស្ដីពីទេសចរណ៍ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ។ល។ ក្នុងគោលដៅបន្តជំរុញដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ និងការពង្រឹងនីតិរដ្ឋទៅកាន់ដំណាក់កាលថ្មីនៅលើមាគ៌ាចីរភាព។

ឯកឧត្តមបន្តថា សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានតាក់តែងឡើងដោយផ្អែកលើ គោលការណ៍សំខាន់៣គឺ (១).លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិត្រូវបានធ្វើសមាហរណកម្ម (២).លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យ បរិស្ថាន និងធនធានធម្មជាតិត្រូវបានធ្វើសុខដុមនីយកម្ម និង(៣).លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាត្រូវបានធ្វើទំនើបកម្ម ឱ្យឆ្លើយតប នឹងនិន្នាការវិវត្តន៍នៃសង្គម។ ហេតុនេះ សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ អាចដើរតួជាគោលការណ៍គ្រឹះ និងជាក្របខ័ណ្ឌរួម សម្រាប់ចូលរួមរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងតុល្យភាព ចំពោះបណ្តា បញ្ហាស្មុគស្មាញជាច្រើន ដែលបាននឹងកំពុងបន្តកើតមានឡើងក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយសារអន្តរកម្មជិតស្និទ្ធជាមួយ វិស័យផ្សេងៗជាច្រើន។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា សេចក្តីព្រាងក្រមនេះ នឹងរួមចំណែក (១).ធ្វើឱ្យប្រសើរឡើងនូវភាពខ្វះចន្លោះ ភាពមិនច្បាស់លាស់ ឬភាព ហួសសម័យ នៃបទប្បញ្ញត្តិច្បាប់មួយចំនួន ដោយសារភាពស្មុគស្មាញ និងការវិវត្តយ៉ាងលឿនផ្នែកបច្ចេកទេសបរិស្ថាន (២).ដោះស្រាយ បញ្ហាដែនសមត្ថកិច្ចត្រួតគ្នា និងធ្វើឱ្យប្រសើរឡើង នូវកិច្ចសម្របសម្រួលរវាងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការងារគ្រប់គ្រងបរិស្ថាន និង ធនធានធម្មជាតិ និង(៣).លើកកម្ពស់ប្រសិទ្ធភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅកម្ពុជា។

ឯកឧត្ដមក៏បានជម្រាបជូនគណៈកម្មការរដ្ឋសភា នូវគុណប្រយោជន៍ចម្បងៗនៃសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនេះ និងថា សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលរួមមាន១២គភ៌ និង៨៦៥មាត្រា ត្រូវបានពិនិត្យពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់ យ៉ាងល្អិតល្អន់ និងស៊ីជម្រៅ ដោយឈរលើមូលដ្ឋានធាតុចូលសំខាន់ៗ ដែលទទួលបានតាមរយៈការពិគ្រោះយោបល់ កម្រិតជំនាញ បច្ចេកទេស និងកម្រិតនយោបាយជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍មូលដ្ឋាន ហើយជា ចុងក្រោយ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដើម្បីបញ្ជូន មកស្នើសុំការពិនិត្យនិងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។

បន្ទាប់ពីបានស្តាប់ ការពន្យល់បកស្រាយបំភ្លឺយ៉ាងក្បោះក្បាយរបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានរួចមក ឯកឧត្តម ឡូយ សុផាត ក៏ដូចជា ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា គណៈកម្មការជំនាញនានានៃរដ្ឋសភា បានថ្លែងកោតសរសើ និងវាយតំលៃខ្ពស់ ចំពោះការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជា ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រី និងសហការី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងវិស័យ បរិស្ថាន ដែលបានខិតខំលះបង់ទាំងកំលាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងតាក់តែងចងក្រងនូវសេក្តីព្រាងក្រមនេះ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងប្រទេសជាតិ។

ឯកឧត្ដម ឡូយ សុផាត បានមានប្រសាសន៍បញ្ជាក់ថា គណៈកម្មការរដ្ឋសភា បានឯកភាពគាំទ្រទៅលើសេចក្ដីព្រាងក្រមនេះទាំងស្រុង ដោយពុំមានការកែប្រែអ្វីឡើយ ហើយគណៈកម្មការទី៣ នៃរដ្ឋសភា នឹងធ្វើសេចក្តីរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យសម្រេចដាក់បញ្ចូលសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនេះ ទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បី ពិភាក្សា និងអនុម័តនាពេលខាងមុខនេះ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន