ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តាំផ្ញើ ឯកអគ្គរាជទូតកម្ពុជាដែលទើបតែងតំាង ប្រចាំបណ្តាប្រទេសនានាថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តាំផ្ញើ ឯកអគ្គរាជទូតកម្ពុជាដែលទើបតែងតំាង ប្រចាំបណ្តាប្រទេសនានាថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (1/24/2023 7:56:46 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញ- សមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីចំនួន១០រូប ប្រចាំនៅបណ្តាប្រទេសជាមិត្តនានា ចូលជួបសម្តែងការគួរសម និង ទទួលអនុសាសន៍ នៅមុនពេលអញ្ជើញចេញទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេស។

ឯកឧត្តម កុយ គួង ដែលត្រូវបានរាជរដ្ឋាភិបាលតែងតំាងជាឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌា បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ បំផុតជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីទំាងអស់ បានចូលជួបសម្តែងការគួរសម ជម្រាបលា ពិសេសទទួលអនុសាសន៍ដើម្បីអនុវត្តការងារក្នុងការបម្រើប្រទេសជាតិនៅលើឆាកអន្តរជាតិ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម លោកជំទាវ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់ សេចក្តីទុកចិត្ត តែងតាំងជា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅបណ្តាប្រទេសជាមិត្តរបស់កម្ពុជា ចំនួន ១០ប្រទេស។ សម្តេចបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ឯកឧត្តម លោកជំទាវ គឺជាឥស្សរជនជាន់ខ្ពស់ តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា នៅ បរទេស មានតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយប្រទេសទាំងនោះ ពិសេសការលើកតម្កើងកិត្យានុភាពជាតិ ឯករាជ្យ និងការការពារអធិបតេយ្យជាតិរបស់យើង ឱ្យខាងតែបាន។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឯកឧត្តម លោកជំទាវ មានការងារសំខាន់ៗជាច្រើនដែលត្រូវបំពេញ លើការងារនយោបាយ ការបរទេស ក្នុងស្ថានភាពដែលពិភពលោក មានការប្រែប្រួលក្នុងបរិបទថ្មី នៃសណ្ដាប់ធ្នាប់ពិភពលោក។ ក្នុងកាលៈទេសៈបច្ចុប្បន្ន ការស្តាសេដ្ឋកិច្ចសង្គម ឱ្យងើបឡើងវិញបានឆាប់រហ័ស ជាកត្តាមួយដ៏សំខាន់ និងចាំបាច់ ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ។

នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តល់ជាអនុសាសន៍មួយចំនួនដល់ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត កម្ពុជាផងដែរ ដូចជាការត្រូវតម្កល់ប្រយោជន៍ជាតិជាធំ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច ជាដើម។ ត្រូវយកចិត្តទុកដាក់ ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋយើង ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការបង្កើតទំនាក់ទំនង ឱ្យបានខ្ជាប់ខ្ជួនជាមួយ បងប្អូនពលរដ្ឋខ្មែរ ជាដើម។

សូមជម្រាបថា ឯកអគ្គរាជទូតថ្មីទាំង១០រូបដែលបានចូលជួបទទួលអនុសាសន៍ និងជម្រាបលាសម្តេចប្រធានរដ្ឋសភា នាឱកាសនេះមាន ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌា ឯកឧត្តម ស្មាន ម៉ាណាន ឯកអគ្គរាជទូតប្រចាំប្រទេសគូវ៉ែត ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតប្រចាំនៅប្រទេសថៃឡង់ដ៏ ឯកឧត្តម ជឺនបូរាណ ច័ន្ទបុរី ឯកអគ្គរាជទូតប្រចាំនៅប្រទេសអូស្រ្តាលី ឯកឧត្តម ជា ធីរៈ ឯកអគ្គរាជទូតប្រចាំប្រទេសគុយបា ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតប្រចាំប្រទេសរុស្ស៊ី ឯកឧត្តម អ៊ិន តារា ឯកអគ្គរាជទូត ប្រចាំប្រទេសស្វីស ឯកឧត្តម ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតប្រចាំនៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្តម លឹម ហុកសេង ឯកអគ្គរាជទូតប្រចាំនៅ ប្រទេសប្រ៊ុយណេ ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូត ប្រចាំនៅប្រទេសម៉ាឡេស៊ី ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន