ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » លោកជំទាវ ឡោក ខេង ជំរុញសាលារាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធ លើកកម្ពស់ការងារសុខាភិបាល សង្គមកិច្ចបន្ថែមទៀត
លោកជំទាវ ឡោក ខេង ជំរុញសាលារាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធ លើកកម្ពស់ការងារសុខាភិបាល សង្គមកិច្ចបន្ថែមទៀត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 1:25:41 AM )

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានដឹកនាំ សមាជិក សមាជិកា ជួបពិភាក្សាការងារជាមួយ លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ​និងប្រធានមន្ទីរពាក់ព័ន្ធនានា ដែលមានភារកិច្ចការងារពាក់ព័ន្ធនឹងការទទួលបន្ទុករបស់គណ:កម្មការ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

លោកជំទាវ កែវ សុខពិសី បានជម្រាបជូនគណ:កម្មការជំនាញរដ្ឋសភា ពីលទ្ធផលការងារពាក់ព័ន្ធ ដែលជាការទទួលខុសត្រូវរបស់គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភាថា សាលារាជធានីភ្នំពេញបាន ចូលរួមយ៉ាងសកម្ម ជាពិសេសការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយបញ្ហាសុខុមាលភាព និងការប្រើប្រាស់ប័ណ្ណបេឡា របបសន្តិសុខសង្គម (បសស) ដល់ប្រជាពលរដ្ឋ។ លោកជំទាវអភិបាលរងរាជធានីបន្តថា រាល់ផែនការសកម្មភាពក៏ដូចជាទិសដៅរបស់មន្ទីរដែលដាក់ ចេញមក គឺស្របទៅនឹងផែនការសកម្មភាពរបស់ក្រសួង ដែលតម្រូវអោយមន្ទីរពង្រឹងគុណភាពក្នុងការអនុវត្តការងាររបស់ខ្លួន។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់មន្ទីរពាក់ព័ន្ធ និងបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមករួច លោកជំទាវ ឡោក ខេង បានវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញក៏ដូចជាមន្ទីរពាក់ព័ន្ធក្នុងការអនុវត្តការងារកន្លងមក។ លោកជំទាវបានសម្តែងក្តីសង្ឃឹមថា បន្ទាប់ពីជំនួបពិភាក្សានេះ នឹងខិតខំសហការជាមួយគ្នាបន្តទៀត ដើម្បីសម្រេចការងារតាមគោលដៅ ជាពិសេសការសម្រេចអោយបាននូវយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទីបួន ក្នុងការបម្រើប្រទេសជាតិ និងពលរដ្ឋ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន