លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាសហការរួមគ្នារវាងស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ធ្វើយ៉ាងណាសម្រេចឲ្យបានយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល នៅក្នុងនីតិកាលទី៦នេះ។
ការប្តេជ្ញារួមគ្នារវាងតំណាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនេះ បានធ្វើឡើងក្នុងឱកាស លោកជំទាវ និន សាផុន និងសហការី បានចុះសិក្សា ស្វែងយល់ការងាររបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបតំណាងរដ្ឋសភាពីលទ្ធផលការងារដែលក្រសួងសម្រេចបាន ពិសេសកំណើនសេដ្ឋកិច្ចដែលកម្ពុជាទទួលបាន ក្នុងរង្វង់៧% នៅក្នុងរយៈពេលចុងក្រោយនេះ។ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនេះ បានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដូចជាការធានា បាននូវសុខសន្តិភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នៅក្នុងឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្មបានសម្រេចរៀបចំសារជាថ្មី ឯកសារយុទ្ធសាស្ត្រសមាហរណកម្ម ពាណិជ្ជកម្មកម្ពុជាCTIS ក្នុងគោលបំណងសម្រិតសម្រាំង និងបង្កើតជាយុទ្ធសាស្ត្រមួយ ឆ្លើយតបទៅនឹងបរិបទពិភពលោក ក៏ដូចជាបង្កើតជា សកម្មភាពអាទិភាពសម្រាប់អនុវត្តគោលនយោបាយជាតិ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានអោយដឹងថា ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ក្រសួងគ្រោងរៀបចំច្បាប់ មួយចំនួនបន្ថែម ដូចជាច្បាប់ស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ច ច្បាប់ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិក (E-Commerce) ជាដើម។
លោកជំទាវ និន សាផុន បានសាទរចំពោះលទ្ធផលការងារ ដែលក្រសួងសម្រេចបាន និងបានគូសបញ្ជាក់ ពីការត្រៀមសហការជាមួយក្រសួង នៅក្នុងការសិក្សាសេចក្តីព្រាងច្បាប់នានាដែលចាំបាច់ ដើម្បីជំរុញវិស័យពាណិជ្ជកម្មកម្ពុជា អោយសម្រេចបានតាមយុទ្ធសាស្រ្តជាតិ និងបរិបទ ពិភពលោក។
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន








