សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេច ហេង សំរិន ដឹកនាំគណៈប្រតិភូសភាកម្ពុជាត្រឡប់ពីចូលរួមមហាសន្និបាតលើកទី៣៧ អន្តរសភាអាស៊ាន
សម្តេច ហេង សំរិន ដឹកនាំគណៈប្រតិភូសភាកម្ពុជាត្រឡប់ពីចូលរួមមហាសន្និបាតលើកទី៣៧ អន្តរសភាអាស៊ាន
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (10/3/2016 7:51:37 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរ​សៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះ វេលាម៉ោង១៦និង ៣០នាទី បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមមហាសន្និបាត អន្តរសភាអាស៊ានលើកទី៣៧ នៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៩ ខែកញ្ញាមកនោះ។

មហាសន្និបាតអន្តរសភា អាស៊ានលើកទី៣៧ នៅប្រទេសមីយ៉ាន់ម៉ា បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ភាព​រស់រវើករបស់អាយប៉ា ចំពោះការរីក ចម្រើនរបស់អាស៊ាន”។ នៅអំឡុងពេលចូលរួមមហាសន្និ​បាត អន្តរសភាអាស៊ានលើកទី៣៧នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា បានអញ្ជើញឡើងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាត ដោយសម្តេចបានបង្ហាញពីឆន្ទៈសភាកម្ពុជា ក្នុងការចូលរួមគ្រប់សកម្មភាពអន្តរសភា អាស៊ាន ដើម្បីធានាដំណើរការជាប្រក្រតី និងប្រសិទ្ធភាពការងារ របស់ស្ថាប័ននីតិប្បញ្ញត្តិក្នុងតំបន់នេះ ដែលត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាននោះ។

នៅក្នុងឱកាសនោះ សម្តេចក៏បានផ្តល់ជាអនុសាសន៍ដល់អាយប៉ាផងដែរ​ ដោយសម្តេចបានលើកឡើងថា ភាពរីកចំរើនរបស់សហគមន៍អាស៊ានត្រូវការ ចាំបាច់ឲ្យមានសន្ដិភាព និងស្ថិរភាពនយោបាយ​នៅក្នុងតំបន់។ អាយប៉ាត្រូវតែរួមគ្នាជាមួយអាស៊ាន ដើម្បីដោះស្រាយ​រាល់បញ្ហាដែលកើតឡើង​នៅក្នុង តំបន់ប្រកបដោយសន្ដិវិធី។ ជាមួយគ្នានេះ អាស៊ាននិងអាយប៉ាអាចរួមសកម្មភាពជាមួយគ្នា ដើម្បី​បង្ហាញ​​អោយឃើញពីសមិទ្ធផលក្នុងរយៈពេល៥០ឆ្នាំ កន្លងមករបស់អាស៊ាន ដែល​ជាការរួមវិភាគទាន​ក្នុង​ការរក្សាសន្ដិភាពតំបន់ ក៏ដូចជាវឌ្ឍន​ភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។

សម្តចប្រធានរដ្ឋសភា ក៏បានថ្លែងទៅកាន់ប្រធានស្ថាប័នសភានៃបណ្តាប្រទេសអាស៊ាន សម្តេចបានលើកឡើងជាអនុសាសន៍ថា អាយប៉ានិងអាស៊ាន ត្រូវលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបច្ចេកទេសបន្ថែមទៀត តាមរយៈការចែករំលែក និង​ផ្លាស់ប្តូរព័ត៌មាន និងការជួប​ប្រជុំមន្រ្ដី​ជំនាញ​នៃស្ថាប័នទាំងពីរឲ្យទៀងទាត់។ ភាពរឹងមាំរបស់អាយប៉ា ជាកត្តាមួយដ៏សំខាន់ ដើម្បីធានាបាននូវប្រក្រតីភាព និងការប្រព្រឹត្ត​ទៅ​របស់ខ្លួន។ ក្នុងនោះ​ការផ្ដល់អនុសាសន៍ តាមរយៈការដាក់ចេញនូវសេច​ក្ដី​​​​សម្រេច ដល់ប្រទេ​សសមាជិក​អាស៊ានត្រូវតែផ្ដោតលើផលប្រយោជន៍រួមរបស់អាស៊ានដោយត្រូវ បន្តជំរុញនឹងលើកកម្ពស់លទ្ធភាព នៃការធ្វើសុខុដុមកម្មច្បាប់ពាក់ព័ន្ធសំខាន់ៗនានា ដែលសំដៅធានា​ផលប្រយោជន៍រួម​របស់ពលរដ្ឋក្នុងអាស៊ាន។

សូមជម្រាបជូនថា ក្រៅពីការឡើងថ្លែងសុន្ទរកថា របស់សម្តេចប្រធានរដ្ឋសភា នៅក្នុងមហាសន្និបាតលើកទី៣៧ នៃអន្តរសភាអាស៊ាននោះ សមាជិក គណៈប្រតិភូសភាកម្ពុជា ដែលអមដំណើរសម្តេចចូលរួមមហាសន្និ​បាតនេះ ដែលមានសមាជិកព្រឹទ្ធសភា និងរដ្ឋសភា ក៏បានចូលរួមកិច្ចប្រជុំរបស់ គណៈកម្មាធិការនានារបស់អាយប៉ាតាមការបែងចែក ក្នុងនោះមានការចូលរួមប្រជុំ ជាមួយគណៈកម្មាធិការន​យោបាយ គណៈកម្មាធិការសេដ្ឋ​កិច្ច គណៈកម្មាធិការសង្គម គណៈកម្មាធិការស្រ្តី និងគណៈកម្មាធិការរៀបចំជាដើម។

វត្តមានគណៈប្រតិភូសភាកម្ពុជានៅក្នុងវេទិកាស្ថាប័ននីតិប្បញ្ញត្តិតំបន់មួយនេះ ត្រូវបានមជ្ឈដ្ឋានអន្តរជាតិ មើលឃើញពីការចូលរួមយ៉ាងសកម្មរបស់ សភាកម្ពុជា ក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ នៅក្នុងតំបន់និងពិភពលោក ក្នុងភាពជាតំណាង ពលរដ្ឋនោះ៕

អត្ថបទ និងរូបភាពដោយនាយកដ្ឋានព័ត៌មាន