សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការបរិស្ថាន រដ្ឋសភាកម្ពុជានិងចិន បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការងារបរិស្ថាន
គណៈកម្មការបរិស្ថាន រដ្ឋសភាកម្ពុជានិងចិន បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការងារបរិស្ថាន
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/25/2016 6:56:21 PM )

គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈាង វុន រួមនឹងគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម បានជួបពិភាក្សា ការងារជាមួយ ជា​មួយគណៈកម្មាធិការការពារបរិស្ថាននិងធនធានទឹក នៃសភាប្រជាជនចិន នៅវិមានរដ្ឋសភា កាលពីរ​សៀល​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។​

ឯកឧត្តម លូ ហាវ (Lu Hao)​​ ប្រធានគណៈកម្មាធិការការពារបរិស្ថាន និងធនធានទឹកនៃសភាប្រជាជនចិន បានដឹកនាំគណៈប្រតិភូ មកបំពេញ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែឧសភាឆ្នាំ២០១៦នេះ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការរវាង ប្រទេសកម្ពុជា -ចិន លើកិច្ចការការពារបរិស្ថាន ពិសេសកិច្ចសហប្រតិបត្តិរវាងសភាប្រទេសទំាងពីរ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈកម្មការរដ្ឋសភាកម្ពុជាទំាងពីរ ឯកឧត្តម លូ ហាវ បានលើក​ឡើងពីតួនាទីរបស់ គណៈកម្មាធិការ ការពារ បរិស្ថាននិងធនធានទឹកនៃសភាប្រជាជនចិន ថា គណៈកម្មាធិការមួយនេះ មានភារកិច្ចជាសំខាន់លើកិច្ចការការពារបរិស្ថាន ក្នុងនោះត្រូវ តាក់តែងច្បាប់ ជុំវិញបញ្ហាបរិស្ថាន និងការឃ្លំាមើលការអនុវត្តច្បាប់។ នៅក្នុងការឃ្លំាមើលការអនុវត្តច្បាប់ គណៈកម្មាធិការត្រូវចុះពិនិត្យ សិក្សាស្វែងយល់ ផ្ទាល់ នៅតាមខេត្ត ហើយបើខេត្តណាមានបញ្ហា បរិស្ថាន តម្រូវឲ្យអភិបាលខេត្តនោះរាយការណ៍មកគណៈកម្មាធិការ ពីបញ្ហា ទំាងអស់នោះ រៀងរាល់ កន្លះឆ្នាំម្តង។

ឯកឧត្តម លូ ហាវ បានគូសបញ្ជាក់ថា “នៅអាណត្តិ ដែលឯកឧត្តមធ្វើជាប្រធានគណៈកម្មាធិការបរិស្ថាន ពេលនេះ ឯកឧត្តម មានភារកិច្ច ធ្ងន់ធ្ងរណាស់ ដោយត្រូវសិក្សានិងតាក់តែងច្បាប់ ការពារបរិស្ថានជាច្រើន ហើយបញ្ហាបរិស្ថានគឺជារឿងស្មុគស្មាញ និងត្រូវការឲ្យមាន ការចូលរួមពី គ្រប់មជ្ឈដ្ឋាន​។ សភាប្រជាជនចិន បានមើលឃើញពីភាពសកម្ម​ របស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចការពារបរិស្ថាន។ យើងខ្ញុំសូមឲ្យមាន កិច្ចសហប្រតិបត្តិការ គ្នាទៅវិញទៅមក ដើម្បីចែករម្លែកពីការងារបរិស្ថាន​នេះ”។

ជាការឆ្លើយតប ឯកឧត្តម ប៉ុល ហំម បានជម្រាបជូនគណៈប្រតិភូពីភារកិច្ចនិងការទទួលខុសត្រូវរបស់គណៈកម្មការបរិស្ថានរបស់រដ្ឋសភាកម្ពុជា។ ភារកិច្ចរបស់គណៈកម្មការរដ្ឋសភាកម្ពុជានិងចិន ដូចជាមិនខុសគ្នាប៉ុន្មាននោះទេ នៅត្រង់ការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងការឃ្លាំមើល ការអនុវត្តច្បាប់។ ប៉ុន្តែកន្លងមកនេះ គណៈកម្មការជំនាញរបស់រដ្ឋសភាកម្ពុជា មិនសូវបានផ្តួច​ផ្តើមក្នុងការធ្វើសេចក្តីស្នើច្បាប់ទេ ភាគច្រើនគឺសិក្សា ពិនិត្យទៅសេចក្តីព្រាងច្បាប់របស់ក្រសួងជំនាញនៃនីតិប្រតិបត្តិ។

អ្វីដែលខុសគ្នា រវាងគណៈកម្មការជំនាញរដ្ឋសភាកម្ពុជានិងចិន ត្រូវបាន ឯកឧត្តម ប៉ុល ហំម លើកឡើងថា នៅត្រង់សមាជិកគណៈកម្មាធិការ។ សមាជិកគណៈកម្មាធិការ សភាប្រជាជនចិនមានចំនួន៣២នាក់ និងទទួលបន្ទុកតែមួយវិស័យ។ ចំណែកគណៈកម្មការរដ្ឋសភាកម្ពុជា មានតែvសមាជិក ៩នាក់ និងទទួលបន្ទុកវិស័យច្រើន។

ឯកឧត្តម ប៉ុល ហំម បានមានប្រសាសន៍ថា ចំពោះការឃ្លាំមើលការអនុវត្តច្បាប់វិញ គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក បានចុះសិក្សាផ្ទាល់ពីករណីមួយចំនួនដល់មូលដ្ឋាន ហើយករណីខ្លះបានចុះទៅជួបថ្នាក់ដឹកនាំស្ថាប័ន ក្រសួង ដើម្បីស្តាប់ការពន្យល់។ ជាមួយគ្នានេះគណៈកម្មការក៏បាន កោះហៅរដ្ឋមន្រ្តី មកបំភ្លឺ ដល់រដ្ឋសភា ផងដែរ។

ឯកឧត្តមប្រធានគណៈកម្មការបានស្វាគមន៍ ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទំាង​ពីរ លើកិច្ចការការពារបរិស្ថាន នៅពេលនេះ។ គណៈកម្មការជំនាញរដ្ឋសភាបានស្នើសុំដល់ប្រ​ទេសចិនជួយបណ្តុះបណ្តាលមន្រ្តីលើជំនាញបរិស្ថាន និងស្នើសុំឲ្យមានការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។​

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោស​នាការ និងព័ត៌មាន បានស្នើសុំដល់ គណៈកម្មការបរិស្ថាន នៃរដ្ឋសភាកម្ពុជានិងចិន បង្កើតកិច្ចព្រមព្រៀងមួយ លើកិច្ចសហប្រតិបត្តិការនេះ។ “ក្នុងនាមខ្ញុំប្រធានគណៈកម្មការកិច្ចការ សហប្រតិបត្តិការ ខ្ញុំគាំទ្រចំពោះកិច្ចសហប្រតិបត្តិការនេះ។ នៅពេលមានពង្រាងកិច្ចព្រមព្រៀង ខ្ញុំពិនិត្យនិងជំរុញដល់ គណៈកម្មាធិការ អចិន្រ្តៃយ៍ រដ្ឋសភាអនុម័ត”។

ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម ឈាង វុន បានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានជួយ កម្ពុជានៅគ្រប់កាលៈទេសៈនិងគ្រប់រូបភាព។ “ចិនជាមិត្តដ៏ល្អរបស់កម្ពុជា ហើយកម្ពុជាគំាទ្រជានិច្ចនូវគោលនយោបាយចិនតែមួយ។ រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជាមានជំហរតែមួយ គំាទ្រប្រ​ទេស​ចិន ហើយនៅលើវេទិកាសភាអន្តរជាតិនានា កម្ពុជានិងចិនតែងតែគំាទ្រគ្នាជានិច្ច ដើម្បីកិត្យា​នុភាព និងផលប្រយោជន៍នៃប្រទេសទំាងពីរ “៕

អត្ថបទនិងរូបភាព នាយកដ្ឋានព័ត៌មាន