សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភា នៃខេត្ត Gui zhouប្រទេសចិន
ឯកឧត្តម ឈាង វុន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភា នៃខេត្ត Gui zhouប្រទេសចិន
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (4/27/2016 1:29:55 AM )

ក្នុងដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូបក្សកុម្មុយនីស្តចិន នៃ​ខេត្ត Gui zhou ដឹកនាំដោយ ឯកឧត្តម Jiang HongKun អនុ​គណៈកម្មាធិការអចិន្រ្តៃយ៍សភាខេត្ត និងជាអគ្គលេខាធិការបក្សកុម្មុនីស្តខេត្ត បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការ​ប​រ​ទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា នារសៀលថ្ងៃទី២៦ ខែមេសា​ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។  

នៅក្នុងជំនួបនេះ ឯកឧត្តម ឈាង វុន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិភូនៅកម្ពុជា និងមានក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្ត  Gui zhou នាពេលនេះ នឹងចូលរួមចំណែកក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាពកិច្ច​សហប្រតិបត្តិការរវាង ប្រទេសកម្ពុជានិងចិនឲ្យកាន់តែរឹងមាំថែមទៀត។

ចំណែកឯកឧត្តម ប្រធានគណៈប្រតិភូ បានលើកឡើងពី​សក្តានុ​ពលរបស់ខេត្ត Gui zhou  ដោយបានគូសបញ្ជាក់ថា ​ខេត្តនេះសម្បូរទៅដោយ សម្បត្តិវប្បធម៌ជាតំបន់​ដែលមានជន​ជាតិ​ភាគតិច ច្រើនរស់នៅ។ ខេត្តGui zhou មានសម្រស់ធម្មជាតិស្រស់​បំព្រង ជា​សក្តា​នុ​ពល​ដ៏សំខាន់ ក្នុងវិស័យទេសចរណ៍។ កំណើនសេដ្ឋកិច្ចរបស់ខេត្តនេះមានសន្ទុះ​គួរ​ឲ្យកត់សម្គាល់។​ ចំណែកវិស័យអប់រំវិញ ខេត្តមានមហាវិទ្យាល័យ​ដល់ទៅ ៥៤ស្ថាប័ន។

ឯកឧត្តម  Jiang HongKun បានមានប្រសាសន៍ថា ដោយមាន​ស្ថានភាព​ស្រដៀង​គ្នា​ទៅ​នឹ​ងខេត្តសៀមរាប របស់ប្រទេសកម្ពុជា ខេត្តGui zhou និងខេត្តសៀមរាបបានចុះ​អនុស្សារ​ណៈនៃការយោគយល់គ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិជាមួយគ្នា លើវិស័យទេសចរណ៍ អប់រំ និងពាណិជ្ជកម្ម។​

សូមជម្រាបថា ខេត្តGui zhou  មានប្រជាពលរដ្ឋជាង៧០ម៉ឺននាក់ ហើយចំណូលប្រចាំឆ្នាំ​របស់​ប្រ​ជាជានម្នាក់ៗ មានប្រមាណ១ម៉ឺនដុល្លារ។

ឯកឧត្តម ឈាង វុន បានសម្តែងការអបអរសាទរ ចំពោះកិច្ចសហប្រតិបត្តិការរវាង ខេត្តGui zhou និងខេត្តសៀមរាប។​ ជាមួយគ្នានេះ ឯក​ឧត្តម បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល​ចិន ដែលកន្លងមក បានផ្តល់ជំនួយជាច្រើនមកកម្ពុជា សម្រាប់អភិវឌ្ឍន៍ប្រទេស និងបានជំរុញដល់ការវិនិយោគ និងទេសចរមកកាន់កម្ពុជា ឲ្យមានកំណើនជាលំដាប់។

ឯកឧត្តម ឈាង វុន បានជម្រាបជូនគណៈប្រតិភូថា កម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះតូនាទី របស់ប្រទេសចិននៅ​លើឆាក​អន្តរជាតិ។ ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំមកនូវ សុខសន្តិភាពស្ថិរភាព និង​សហប្រ​តិបត្តិការ នៅលើពិភពលោក។ ឯកឧត្តមប្រធានគណៈកម្មការ បានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តគាំទ្រចំពោះ​គោល​នយោបាយ "ចិនតែមួយ"។

ភាគីទំាងពីរបានសម្តែងក្តីសង្ឃឹមរួមគ្នា យ៉ាងមុតមាំអំពីចំណងមិត្តភាព​ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទំាងពីរ កម្ពុជា និងចិន នឹងមានការ រីកចម្រើនជាលំដាប់ ក្នុងនោះរួមទំាង ស្ថាប័ននីតិប្បញ្ញ​ត្តិ​ផង។

ជាទីបញ្ចប់ ឯកឧត្តម Jiang HongKun បានគោរពអញ្ជើញភាគីរដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ច នៅខេត្ត Gui zhou។ ការគោរពអញ្ជើញនេះ ឯកឧត្តម ឈាង វុន បានស្វាគមន៍និងរកពេលវេលាសម​ស្របណាមួយ ដើម្បីធ្វើទស្សនកិច្ចនៅខេត្ត Gui zhouក្នុងការផ្លាស់ប្តូរបទពិសោធន៍ បង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត៕

អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន