គណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភាដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ រួមជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហេង វង្សប៊ុនឆាត អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ជាតំណាងរបស់ ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីមួយចំនួនទៀត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា។
ឯកឧត្តម ហេង វង្សប៊ុនឆាត បានមានប្រសាសន៍ឲ្យដឹងថា ក្រុមប្រឹក្សាអ្នកច្បាប់នៃ ទីស្តីការគណៈរដ្ឋមន្ត្រី មានស្នាដៃក្នុងការកសាងច្បាប់ ជាច្រើនដូចជា ច្បាប់ភូមិបាល ច្បាប់ព្រៃឈើ និងច្បាប់ផ្សេងៗទៀត ព្រមទាំងធ្វើការត្រួតពិនិត្យ តាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលបន្ថែមទៀត នូវរាល់ច្បាប់ ទាំងឡាយ ដែលបានដាក់ឲ្យប្រើប្រាស់រួចហើយនោះ។
ឯកឧត្តម បានបន្ថែមទៀតថា បច្ចុប្បន្ន ក្រុមប្រឹក្សាអ្នកច្បាប់នៃ ទីស្តីការគណៈរដ្ឋមន្ត្រី បានបណ្តុះបណ្តាលក្រុមប្រឹក្សាអ្នកច្បាប់ នៅតាមក្រសួង ស្ថាប័នផ្សេងៗបន្ថែមទៀត ដើម្បីសម្រួលដល់ការងារកសាង តាក់តែងសេចក្តីព្រាងច្បាប់ ដែលត្រូវធ្វើជាច្រើនទៀត នៅតាមក្រសួងស្ថាប័នទាំងនោះ ហើយក៏មាន ការចូលរួមសហការពីក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីជួយសម្របសម្រួល កែតម្រូវ ឲ្យសេចក្តីព្រាងច្បាប់នោះពេញលក្ខណៈ។ លើសពីនោះទៀត ក៏មានការចូលរួមពីអន្តរក្រសួង និងស្ថាប័នពាក់ពន្ធ័ផ្សេងៗ ធ្វើការប្រជុំ ពិភាក្សា លើកហេតុផលពីខ្លឹមសារចំណុចវិជ្ជមាន អវិជ្ជមាន ជាច្រើនលើក ច្រើនសារទៀត ទើបធ្វើការប្រជុំចុងក្រោយជាមួយ ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់មកទើបដាក់ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា បានមានប្រសាសន៍ថា ស្ថាប័ននីតិប្បញ្ញត្តិ និងក្រុមប្រឹក្សាអ្នកច្បាប់នៃរដ្ឋសភា តែងមានទំនាក់ទំនងល្អជាមួយក្រសួងនានា ពិសេសក្រសួងយុត្តិធម៌ ដើម្បីធ្វើការត្រួតពិនិត្យឲ្យបានរហ័ស និងមានការប្រជុំពិភាក្សាផ្ទៃក្នុងជាច្រើនលើក ច្រើនសារ នូវរាល់សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ដែលបានបញ្ជូនមកដល់គណៈកម្មការជំនាញនៃរដ្ឋសភា ព្រមទាំងធ្វើការសិក្សា កែសម្រួលនូវ ខ្លឹមសារ អក្ខរាវិរុទ្ធបន្ថែមទៀត អោយបានត្រឹមត្រូវតាមច្បាប់ ទើបរៀបចំបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេច ដាក់ចូលក្នុងរបៀបវារៈ នៃកិច្ចប្រជុំពេញអង្គរដ្ឋសភា។
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ក៏បានស្នើសុំឲ្យខាងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋ មន្ត្រីជួយសម្រួល ត្រួតពិនិត្យ ឲ្យបានម៉ត់ចត់បន្ថែមទៀតលើ សេចក្តីព្រាងច្បាប់ទាំងឡាយ មុននឹងបញ្ជូនមករដ្ឋសភា ដើម្បីរដ្ឋសភា សិក្សាស្វែងយល់លើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ទាំងនោះបានកាន់តែលឿន និងកាន់តែមានលក្ខណៈសុក្រឹត ត្រឹមត្រូវតាមស្តង់ដារច្បាប់៕
អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន





