Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា៖ នីតិរដ្ឋ គឺប្រទេសមានច្បាប់និងការអនុវត្តច្បាប់មានតម្លាភាព
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា៖ នីតិរដ្ឋ គឺប្រទេសមានច្បាប់និងការអនុវត្តច្បាប់មានតម្លាភាព
Prepaired By: NA0989 ​ Date: (9/21/2015 9:24:14 AM )

នៅក្នុងឱកាសធ្វើបទបង្ហាញពី ភារកិច្ចរដ្ឋសភា ជូនដល់លោកគ្រូ អ្នកគ្រូមធ្យមសិក្សាកម្រិត២ មកពីសាលាចំនួន២៤ នៅក្នុងខេត្ត បន្ទាយមានជ័យ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធាន គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានលើកឡើងថា ដើម្បីឲ្យប្រទេសជាតិ ក្លាយជានីតិរដ្ឋ គឺរដ្ឋ ត្រូវបង្កើត ច្បាប់ឲ្យបានច្រើន។ រដ្ឋសភាជាកន្លែង ពិ​ភាក្សា និងអនុម័តច្បាប់ ទំាងសេចក្តីស្នើច្បាប់ និងសេចក្តីព្រាងច្បាប់។

លោកគ្រូ អ្នកគ្រូមធ្យមសិក្សាកម្រិត២ មកពីសាលារៀនចំនួន២៤ នៅក្នុងខេត្តបន្ទាយ​​មានជ័យ ចំនួន៥៥រូប ដឹកនាំដោយ ធម្មបណ្ឌិត ហេង មណីចិន្តា ប្រធានអង្គការពុទ្ធសាសនាដើម្បីអភិវ​ឌ្ឍន៍ បានឣញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ឣំពីតួនាទី ភារកិច្ច របស់រដ្ឋស​ភា​ នៃព្រះរាជាណាចក្រកម្ពុជា  កាលពីរសៀលថ្ងៃទី១៨ ​ខែសីហាឆ្នាំ២០១៥។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា  ឯកឧត្តម មិត្ត ការ៉េន អគ្គលេ​ខា​​ធិការស្តីទី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញជាអធិបតី ក្នុងការទទួល ស្វាគមន៍ និងធ្វើបទបង្ហាញ ឆ្លើយទៅនឹងចម្ងល់     ទំាង​ឡាយ របស់​លោក​គ្រូ អ្នកគ្រូ នៅក្នុងឱកាសនោះ ដោយមានការចូលរួមពី លោកជំទាវ    គ្រួច សំអាន លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា លោកបណ្ឌិត ឃឹម   ឈុនអុី និង លោក ផាត់ ពៅស៊ាង ទីប្រឹក្សាច្បាប់អមរដ្ឋសភា ផងដែរ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានលើកឡើងបន្តថា ក្នុងរយៈពេល ៥អាណត្តិមកនេះ រដ្ឋសភាកម្ពុជា បានអនុម័ត​ច្បាប់ជាង៤០០។ ជាមួយគ្នានេះ រដ្ឋសភាកំពុងបន្តពិនិត្យ សិក្សា សេចក្តីព្រាងច្បាប់ជាច្រើនទៀត ដើម្បីពង្រឹងនីតិរដ្ឋពីព្រោះថា ច្បាប់ទំាងអស់នោះ ជាយន្តការដ៏សំខាន់សម្រាប់រាជរដ្ឋា ភិបាល យកទៅអនុវត្តក្នុងការគ្រប់គ្រង ដឹកនាំប្រទេសជាតិ។ ឯកឧត្តម បានបញ្ជាក់ថា ប្រទេសនីមួយៗ ត្រូវការច្បាប់ច្រើនណាស់ ដើម្បីគ្រប់​គ្រងប្រទេសស្រប​តាមគោលការណ៍នីតិរដ្ឋ។

ឯកឧត្តមបណ្ឌិត ប្រធានគណៈ កម្មការ បានលើកជា ឧទាហរណ៍ថា “ កាលពីពេលថ្មីៗនេះ រដ្ឋសភា ទើបតែបានអនុម័ត សេចក្តីស្នើច្បាប់ ស្តីពី “ភតិសន្យាពិសេស”។ ច្បាប់នេះមានសារៈសំខាន់ណាស់ជួយសម្រួលបន្ទុកជីវ​ភាព​របស់សិស្ស  និសិ្សត និងកម្មករទំាងឡាយ ដែលជួលបន្ទប់ស្នាក់នៅ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា មានប្រសាសន៍បន្ថែមថា ការផ្សព្វផ្សាយច្បាប់ដែលរដ្ឋសភាបានអនុម័តរួច ជាកក្តាសំខាន់ក្នុងការជំរុញប្រ​សិទ្ធភាព ការអនុវត្តច្បាប់ ព្រោះថា នៅពេលប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ បានដឹង បានយល់ពីច្បាប់ទំាងអស់គ្នា។ ការអនុវត្តច្បាប់ នឹងដំណើរទៅដោយរលូន ព្រមទំាងមានប្រសិទ្ធភាព។

ចំណែក ឯកឧត្តម មិត្ត ការ៉េន បានមានប្រសាសន៍លើកឡើងថា ស្ថាបន័នីតិប្បញ្ញត្តិ ដែលមានព្រឹទ្ធ​សភា និងរដ្ឋសភា គឺជាស្ថាប័នកំពូលមួយរបស់ជាតិ ក្នុងចំណោមស្ថាប័នកំពូលៗ ដែលមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ ឯកឧត្តមបញ្ជាក់ថា រដ្ឋសភាកើតឡើងពីការបោះឆ្នោតជាសកល។ រដ្ឋសភាក្នុងមួយអាណត្តិមាន  រយៈពេល ៥ឆ្នាំ ហើយនៅពេលបច្ចុប្បន្ននេះ តំណាងរាស្ត្រ មានចំនួន១២៣រូប។

ឯកឧត្តមអគ្គលេខាធិការស្តីទី បានគូសបញ្ជាក់ថា សមាជិករដ្ឋសភា ដែលជាតំណាងរបស់ប្រជាពល​​រដ្ឋ​មានភារកិច្ចសំខាន់ៗ ចំនួនបី គឺការពិភាក្សា និងឣនុម័តច្បាប់ ដូចដែល ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានលើកឡើងពីខាងលើ ។ រីឯ តួនាទីពីរទៀត​របស់តំណាងរាស្រ្តគឺ ការឃ្លំាមើលដំណើរការ អនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងភាពជាតំណាងប្រ​ជាពលរដ្ឋ ។

ឯកឧត្តម មិត្ត ការ៉េន បានបន្ថែមថា ក្នុងតួនាទីភាពជាតំណាងប្រជាពលរដ្ឋ តំណាងរាស្រ្ត បានចុះសាកសួរសុខទុក្ខ ម្ចាស់ឆ្នោតដល់មូលដ្ឋាន និងបានពាំនាំ រាល់សំណូមពរ កង្វល់ តម្រូវការរបស់​ប្រជាពលរដ្ឋ មកជូនរាជរដ្ឋាភិបាលដើម្បីដោះស្រាយ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា លោកជំទាវ គ្រួច សំអាន និង ឯកឧត្តម មិត្ត ការ៉េន បានថ្លែងអំ​ណរ​​គុណយ៉ាងជ្រាលជ្រៅ ដល់លោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលចំណាយពេលវេលា ធ្វើទស្សន​កិច្ចសិក្សា ស្វែងយល់ពីតួនាទី និងភារកិច្ចរដ្ឋសភា នៅពេលនេះ ដើម្បី​ជាគន្លឹះយកទៅ បណ្តុះបណ្តាល ដល់ សិស្សានុសិស្ស បន្តទៀត។

មុននឹងបញ្ចប់ គណៈអធិបតី បានជូនវត្ថុអនុស្សាវរីយ៍ ជាថវិកាចំនួន ១លានប្រាំសែនរៀលដល់អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ និងជូនលោក គ្រូអ្នកគ្រូទំាង៥៥នាក់ ដោយម្នាក់ៗ ទទួលបាននូវថវិកា២ម៉ឺនរៀល ផងដែរ៕