សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញឲ្យឯកអគ្គរាជទូតកម្ពុជា ដែលទើបតែងតាំងថ្មី ប្រចំាប្រទេសនានា ឲ្យលើកកម្ពស់ កិត្យានុភាពកម្ពុជា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញឲ្យឯកអគ្គរាជទូតកម្ពុជា ដែលទើបតែងតាំងថ្មី ប្រចំាប្រទេសនានា ឲ្យលើកកម្ពស់ កិត្យានុភាពកម្ពុជា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/27/2015 12:10:47 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជំរុញឲ្យ​អគ្គ​រាជ​ទូត ដែលទើបតែងតាំងថ្មី ប្រចាំបណ្តាប្រទេសនានាទាំងអស់ បង្កើនកិច្ច​សហប្រតិបត្តិការ​អន្តរជាតិលើគ្រប់វិស័យ រួម​មាន វិស័យនយោបាយ ការបរទេស វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍​ ជាមួយ​ប្រទេស​ដែលខ្លួនបំពេញបេសកកម្ម និងត្រូវចេះលើកកិត្យានុភាពប្រទេសជាតិលើឆាកអន្តរជាតិ ឲ្យបានល្អប្រសើរ។ សម្តេច មានប្រសាសន៍បែបនេះក្នុងឱកាស​ដែលសម្តេច អនុញ្ញាត​ឲ្យ ឯកឧត្តម លោកជំទាវ ដែលទើបតែងតំាងជាឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព​នៃ​ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅបណ្ដាប្រទេសនានាចំនួន៧រូប ចូលសម្តែងការគួរសម និងជម្រាបលា មុនពេលទៅ​បំពេញ​បេសកកម្មការទូត នា​ព្រឹក​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ នៅ​វិមានរដ្ឋសភា ។

សមាសភាពឯកអគ្គរាជទូត ដែលទើបតែងតំាង និងដែលបានអនុញ្ញាតចូលសម្តែងការគួរសមជាមួយ សម្តេច ប្រធា​នរដ្ឋសភា មាន​ ឯកឧត្តម ជុំ ប៊ុនរ៉ុង ជាឯកអគ្គរាជទូត ប្រចំាសហរដ្ឋអាមេរិក ។ ឯកឧត្តម កុយ គួង ជាឯកអគ្គរាជទូត ប្រចំាប្រទេសអូស្ត្រាលី។ ឯកឧត្តម ស្មាន ម៉ាណាន ជាឯកអគ្គរាជទូត ប្រចំារដ្ឋគុយវ៉ែត។ ឯកឧត្តម នង សាកល ជា​ឯកអគ្គរាជទូត ប្រចំាសាធារណរដ្ឋឥណ្ឌូនេស៊ី។ លោកជំទាវ ជា គឹមថា ជាឯកអគ្គរាជទូត ប្រចំាប្រទេស ជប៉ុន។ ឯកឧត្តម ជា ធីរៈ ជាឯកអគ្គរាជទូតប្រចំាប្រទេសប៊ែលហ្សិកឯកឧត្តម ពេជ្រ ឃុនបញ្ញា ជាឯកអគ្គរាជទូតប្រចំាសាធារណរដ្ឋឥណ្ឌា។

នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី បានមានប្រសាសន៍លើកឡើងថា ចាប់ពីពេលនេះតទៅ ​ឯកឧត្ត​ម​លោក​​ជំទាវទំាងអស់ ជាឥស្សរជន តំណាងឲ្យព្រះរាជាណាចក្រកម្ពុជា នៅបរទេស អ្នកទាំងអស់គ្នាមាន​តួនាទី សំខាន់​ណាស់​​​​សម្រាប់​ប្រទេសជាតិ​ ជាតំណាងឲ្យប្រជាជនកម្ពុជា ទំាងមូល នៅលើឆាកអន្តរជាតិ ។

សម្តេចបានផ្តំាផ្ញើថា នៅពេលបំពេញការងារគប្បីត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ការពារផលប្រយោជន៍រប​ស់​ ​ជាតិ និង ប្រជាពលរដ្ឋខ្មែរ ពលករខ្មែរ ដែលរស់នៅប្រកបអាជីវកម្ម និងធ្វើការងារនៅបណ្តាប្រទេសដែល ឯកឧត្តម លោក​ជំ​ទាវ ​ទទួលជាតំណាង ទោះបីស្ថិតក្នុងកាលៈទេសៈ បែបណា ក៏ដោយ។ ​ជាមួយគ្នានេះ​សម្តេច​​បានជំរុញឲ្យ ​ឯកឧត្តម លោកជំទាវ​ ទាំងអស់ ត្រូវក្តាប់ឲ្យបានចំនួនពលរដ្ឋខ្មែរ រស់នៅប្រទេសដែល ឯកឧត្តម លោកជំទាវ ​មាន​បេសកកម្ម ហើយបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើទំនាក់ទំនង ត្រូវការពារផលប្រយោជន៍​ ពលរដ្ឋ និង​ត្រូវបង្កើន​កិច្ចសហ ប្រតិបត្តិការ​ ល្អជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេសដទៃទៀត ប្រចាំនៅប្រទេសទំាងនោះផងដែរ ។​

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា ​មានប្រសាសន៍ផ្តំាផ្ញើបន្តថា ឯកឧត្តម លោកជំទាវ ​ ត្រូវធ្វើ​ការ​ផ្សព្វ​ផ្សាយ ពីសក្តានុពល និង ស្ថិរភាព របស់កម្ពុជា ដើម្បីទាក់​ទាញ​អ្នក​វិនិយោគ និងទេសចរណ៍​ឲ្យមកកាន់​ប្រទេស​កម្ពុជា ឲ្យបានច្រើន។

ឯកឧត្តម ជុំ ប៊ុនរ៉ុង ជាតំណាងឲ្យ ឯកឧត្តម លោកជំទាវ ជាឯកអគ្គរាជទូតកម្ពុជា ទំាងអស់ បាន​មាន​ប្រសាសន៍​ប្តេជ្ញាចិត្តថា នឹងខិតខំធ្វើយ៉ាងណា ដើម្បីបង្កើននូវទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការដ៏ជិតស្និត និងប្រកបដោយផ្លែផ្កា​រវាងប្រទេសដែលតាំងបេសកកម្មការទូតជាមួយព្រះរាជាណាចក្រ កម្ពុជា អោយបាន​ល្អ​ប្រពៃ ​ហើយនឹងខិតខំក្នុងការលើក​កម្ពស់កិត្យានុភាពជាតិ ការពារផលប្រយោជន៍ជាតិ និង ជំរុញវិស័យទេសចរណ៍ វិស័យវិនិយោគ ទុន វិស័យពាណិជ្ជកម្ម វិស័យវប្បធម៌ និងវិស័យផ្សេងៗទៀតដើម្បីរួមចំណែកក្នុងការ អភិវឌ្ឍ​ជាតិ​ឲ្យកាន់តែរីកចម្រើន សម្បូររុងរឿង ទៅថ្ងៃមុខ។

 ឯកឧត្តមបញ្ជាក់ថា ឯកឧត្តម ក៏នឹងខិតខំផ្សព្វផ្សាយ​ពី​វប្បធម៌សន្ទនា ដែលថ្នាក់ដឹកនាំកម្ពុជា កំពុង​តែអនុវត្ត​នា​ពេល​​បច្ចុប្បន្ន​នេះផងដែរ៕


អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន