ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមប្រឹក្សាខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ទំាងអស់របស់ខណ្ឌដង្កោ សិក្សាស្វែងយល់ពីតួនាទី និងភារកិច្ចរដ្ឋសភា
ក្រុមប្រឹក្សាខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ទំាងអស់របស់ខណ្ឌដង្កោ សិក្សាស្វែងយល់ពីតួនាទី និងភារកិច្ចរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/11/2018 7:27:55 PM )

សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ និងសមាជិកសង្កាត់ទំាងអស់នៅក្នុងខណ្ឌនេះ សរុបមានគ្នាចំនួន៧៩នាក់ ដឹកនាំដោយ លោក នុត ពុធដារ៉ា អភិបាល ខណ្ឌដង្កោ បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និង លោជំទាវ គ្រួច សំអាន លេខាធិការគណៈកម្មការ បានទទួល ស្វាគមន៍ប្រតិភូដែលជាថ្នាក់ដឹកនាំមូលដ្ឋាននេះ និងបានធ្វើបទបង្ហាញយ៉ាងលម្អិតពីតួនាទីភារកិច្ចរបស់រដ្ឋសភាដល់ប្រតិភូ។

លោក នុត ពុធដារ៉ា បានរាយការណ៍អំពីការអភិវឌ្ឍរបស់ខណ្ឌដល់សមាជិករដ្ឋសភាបានជ្រាបផងដែរ។ លោកអភិបាលខណ្ឌ បានលើកឡើងថា ខណ្ឌដង្កោបានកំពុងទទួលបានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីបម្រើដល់ការរីកចម្រើនផ្នែកជីវភាពរបស់ពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ។

លោកអភិបាលខណ្ឌអះអាងថា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ក្នុងការបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយ ផ្តោតលើការពង្រឹងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អប្រសើរ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ ជាមួយនឹងការអភិវឌ្ឍ ដែលរដ្ឋាភិបាលបានកំពុងខិតខំទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុន និងបោះទីតំាងនៅក្នុងខណ្ឌដង្កោជាបន្តបន្ទាប់។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានគូសបញ្ជាក់ថា រដ្ឋសភាជាស្ថាប័នកំពូលរបស់ជាតិ ដែលកើតចេញពីការបោះឆ្នោតដោយពលរដ្ឋ និងមានតួនាទី ភារកិច្ចសំខាន់បី។ ភារកិច្ចសំខាន់ទំាងបីរបស់រដ្ឋសភានោះមាន ទី១ ជាការងារនីតិកម្ម ជាអ្នកតាក់តែង និងឣនុម័តច្បាប់។ការងារស្នូលមួយទៀត គឺការតាមដានការឣនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។ ចំណែកការងារសំខាន់ទី៣ គឺភាពជាតំណាងពលរដ្ឋ។

ឯកឧត្តមបណ្ឌិតបានលើកឡើងថា នៅក្នុងតួនាទីភាពជាតំណាងពលរដ្ឋនេះ ច្បាប់រដ្ឋធម្មនុញ្ញបានចែងថា តំណាងរាស្រ្តជាតំណាងពលរដ្ឋទូទំាង ប្រទេស បើទោះបីជាមណ្ឌលខ្លួនឈរឈ្មោះក្តី។ នៅក្នុងបេសកកម្មនេះ សមាជិករដ្ឋសភាតែងតែចុះស្វែងយល់ពីសុខទុក្ខ តម្រូវការពលរដ្ឋដល់ មូលដ្ឋាន ដើម្បីលើកឡើងជូនរាជរដ្ឋាភិបាលដោះស្រាយ និងចាត់វិធានការ។

ឯកឧត្តមប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌របស់រដ្ឋសភា បានមានប្រសាសន៍បន្ថែមថា ក្នុងរយៈពេល៥អាណត្តិមកនេះ រដ្ឋសភាកម្ពុជាបាន អនុម័តច្បាប់ចំនួន៥១៣។ បច្ចុប្បន្ននេះរដ្ឋសភាកំពុងបន្តពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ជាច្រើនទៀតដើម្បីពង្រឹងនីតិរដ្ឋ។ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានគូសបញ្ជាក់ថា ច្បាប់ទំាងអស់ដែលរដ្ឋសភាបានអនុម័ត ជាយន្តការដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាល យកទៅអនុវត្តក្នុងការគ្រប់គ្រងដឹកនាំប្រទេស ជាតិ។

លោកជំទាវ គ្រួច សំអាន បានរំលឹកឡើងវិញខ្លះៗអំពីប្រវត្តិរដ្ឋសភាកម្ពុជា ជាពិសេសដំណើរការនៃការប្រតិបត្តិរដ្ឋធម្មនុញ្ញកម្ពុជាចាប់ពីឆ្នាំ១៩៩៣ មក។ លោកជំទាវបានលើកឡើងថា កម្ពុជាជាប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ លោកជំទាវបានបន្តថា ទំរាំទទួលបានសុខ សន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ថ្នាក់ដឹកនាំបានលះបង់ និងពលីកម្មច្រើនណាស់។ សុខសន្តិភាពបានកើតឡើងក្រោមការដឹកនាំរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្សះផ្សាជាតិដែលបែកបាក់ក្រោមយុទ្ធសាស្រ្តឈ្នះ-ឈ្នះ។

លោក នុត ពុធដារ៉ា បានឡើងថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា លោកជំទាវ គ្រួច សំអាន និងសមាជិករដ្ឋសភាទំាងអស់ ដែលបានចំណាយពេលវេលាក្នុងការធ្វើបទបង្ហាញនាឱកាសនេះ។ លោកអភិបាលខណ្ឌបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឲ្យសមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ និងសង្កាត់ទំាងអស់នៅក្នុងខណ្ឌ មានឱកាសបានធ្វើ ទស្សនកិច្ចនៅវិមានរដ្ឋសភា និងបានស្វែងយល់បន្ថែមអំពីតួនាទី និងភារកិច្ចរបស់ស្ថាប័នកំពូលរបស់ជាតិមួយនេះ។

លោកអភិបាលខណ្ឌ បានវាយតម្លៃខ្ពស់អំពីតួនាទីស្ថាប័ននីតិប្បញ្ញត្តិរបស់ជាតិ ដែលក្រោមការដឹកនាំរបស់សម្តេចប្រធាន បានដើរតួនាទីដ៏សំខាន់ក្នុង ការកសាងច្បាប់ដែលមានសារៈសំខាន់ដល់សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិសម្រាប់រាជរដ្ឋាភិបាលអនុវត្ត៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន