ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញរដ្ឋសភា បញ្ចប់ការពិនិត្យនិងសិក្សាសេចក្ដីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ
គណៈកម្មការជំនាញរដ្ឋសភា បញ្ចប់ការពិនិត្យនិងសិក្សាសេចក្ដីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/13/2018 8:13:46 PM )

សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា៣៤ថ្មី មាត្រា​​៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានគណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលបានបញ្ចប់ការពិនិត្យ និងសិក្សា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។   ​

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានមានប្រសាសន៍នៅក្រោយពេលបានពិនិត្យសិក្សាសេចក្តីព្រាង ច្បាប់នេះ ជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថា គណៈកម្មការជំនាញរដ្ឋសភាបានឯកភាពលើខ្លឹមសារ និងទម្រង់សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធន- កម្មមាត្រា៣៤ថ្មី មាត្រា​​៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។ ឯកឧត្តមប្រធានគណៈកម្មការបានគូសបញ្ជាក់ថា នឹងបញ្ជូនលទ្ធផលនៃការពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ដើម្បីសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនាពេលខាងមុខនេះ ធ្វើការពិភាក្សា និងអនុម័ត។ 

សូមជម្រាបថា ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា និងសមាជិកសមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានជួបប្រជុំពិនិត្យ និងសិក្សា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៤ថ្មី មាត្រា​​៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តាមនីតិវិធីជាមួយតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសហការីនៅវិមានរដ្ឋសភា នាព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ឯកឧត្តម អង្គ វង្សវឌ្ឍានា បានលើកឡើងថា ការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនាពេលនេះ ធ្វើឡើងដើម្បីឆ្លើយតបឲ្យបានត្រឹមត្រូវ តាមស្មារតីនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ទាក់ទងនឹងការទទួលខុសត្រូវរបស់សមាជិក រាជរដ្ឋាភិបាលចំពោះមុខរដ្ឋសភា។ ឯកឧត្តមរដ្ឋមន្រ្តីបានលើក ឡើងថា ចំពោះការធ្វើវិសោធនកម្មមាត្រា១១៨ថ្មី នោះមិនត្រឹមតែអាចបន្ថយចំនួនសមាសភាពរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការ ពង្រឹងប្រសិទ្ធិភាពការងារ និងការទទួលខុសត្រូវរបស់សមាជិករាជរដ្ឋាភិបាលចំពោះមុខរដ្ឋសភា ពិសេសធ្វើឲ្យមានប្រសិទ្ធិភាពខ្ពស់នៃកំណែទម្រង់ស៊ី ជម្រៅរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា កម្ពុជា​គឺជារដ្ឋឯករាជ្យ មានអធិបតេយ្យភាពពេញបរិបូរណ៍ ជារដ្ឋស្មើភាព និងស្មើសិទ្ធិជាមួយនិង រដ្ឋដទៃទៀត និងប្រឆំាងដាច់ខាតនូវការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ទោះបីដោយផ្ទាល់ ឬដោយប្រយោលក្តីពីសំណាក់បរទេស ទោះបី ក្នុងហេតុផលណាក៏ដោយ ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ការស្នើសុំធ្វើវិសោធនកម្មរបស់ រាជរដ្ឋាភិបាល គឺដើម្បីការពារសិទ្ធិនយោបាយពលរដ្ឋ សមាគម គណបក្សនយោបាយ និងការកំណត់សមាសភាពសមាជិករាជរដ្ឋាភិបាល៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន