សេចក្តីថ្លែងការណ៍ របស់ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃសៅ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧__ ឯកឧត្តម ឈាង វុន និងក្រុមការងារចុះសួរសុខទុក្ខពលករខ្មែរ នៅខេត្តស្រះកែវ ប្រទេសថៃ__ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងចុះសាកសួរសុខទុក្ខប្រជាពលករនៅច្រកទ្វារតំបន់ភ្នំដី__ សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ៕ ដំណឹងមរណទុក្ខ របស់ ឯកឧត្តម អឹុម សិទ្ធី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានទទួលអនិច្ចកម្មកាលពីព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ គ.ស ២០១៧ វេលាម៉ោង ៤:៤៥ នាទីព្រឹក ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ព្រះមហាក្សត្រ៖ កិច្ចខិតខំរបស់សភា និងរាជរដ្ឋាភិបាល បានធានាស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច
ព្រះមហាក្សត្រ៖ កិច្ចខិតខំរបស់សភា និងរាជរដ្ឋាភិបាល បានធានាស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/11/2017 8:59:40 PM )

ក្នុងព្រះរាជសាររបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនរដ្ឋសភា នៅក្នុង ឱកាសរដ្ឋសភា បើកសម័យប្រជុំលើកទី៩ នីតិកាលទី៥ ព្រះអង្គបានមានព្រះបន្ទូលថា “កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសភា និងរាជរដ្ឋាភិបាល បាន ធានាឲ្យមានស្ថិរភាពនយោបាយ និងសង្គម ជាមួយនឹងការគ្រប់គ្រងសេដ្ឋកិច្ចប្រកបដោយភាពត្រឹមត្រូវ និងជឿនលឿនទំាងនេះ បាននាំឲ្យកម្ពុជាអាច សម្រេចបាននូវអត្រាខ្ពស់នៃកំណើនសេដ្ឋកិច្ចបន្តបន្ទាប់”។

ព្រះរាជសារលិខិតផ្ញើជូនរដ្ឋសភា ដែលអានដោយ សម្តេចប្រធានរដ្ឋសភា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តថា “កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ គឺជាសកម្មភាពបម្រើជាតិមាតុភូមិដ៏ឧត្តុង្គឧត្តម ដែលញ៉ាំងឲ្យប្រទេសជាតិយើង រក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលប្រជាពលរដ្ឋកម្ពុជា គ្រប់រូបប្រាថ្នាចង់បាន និងត្រូវការជាចំាបាច់ ដើម្បីរស់នៅដោយភាពសុខសាន្ត”។

ក្នុងព្រះរាជសារដែលមានពីរទំព័រនោះ ព្រះករុណាព្រះមហាក្សត្រ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិតអនុប្រធានទី២នៃរដ្ឋសភា និងសមាជិកសមាជិកានៃរដ្ឋសភាទំាងអស់ ដែលបានបំពេញការងារអស់ពីកម្លំាង កាយចិត្ត ពុំគិតពីការនឿយហត់ខិតខំយកចិត្តទុកដាក់ក្នុងការបម្រើដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ក្នុងវិស្សមកាលកន្លងមកនេះ។

ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលបន្តថា ការខិតខំប្រឹងប្រែងរបស់ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃរដ្ឋសភាគ្រប់រូប គឺជា សកម្មភាពបម្រើប្រជាពលរដ្ឋ ដោយបានអញ្ជើញយ៉ាងសកម្មចុះសួរសុខទុក្ខ និងជួយដោះស្រាយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទំាងទទួលយក បញ្ហាកង្វល់ និងការលំបាកទំាងឡាយរបស់ប្រជាពលរដ្ឋមកជម្រាបជូនរាជរដ្ឋាភិបាល ដើម្បីរិះរកវិធានការដោះស្រាយបញ្ហាទំាងនោះ។

ក្នុងព្រះរាជសារផ្ញើជូនរដ្ឋសភា ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ផងដែរ ដែលសម្តេចបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការប្រកបដោយជោគជ័យ នៃការស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញ។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិករដ្ឋសភាពេលផ្តើមសម័យប្រជុំចំនួន៦៧រូប។

សម័យប្រជុំរដ្ឋសភានាព្រឹកនេះ បានអនុម័តរបៀបវារៈមកពិភាក្សា និងអនុម័តចំនួន០៦ ក្នុងនោះមានរបៀបវារៈទី១ ព្រះរាជសារ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥។ ទី២ របាយ ការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៨ និងលើកទី៩ នីតិកាលទី៥។ ទី៣ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីឧបាស្រ័យពាណិជ្ជកម្ម។

ចំណែករបៀបវារៈទី៤ ការពិភាក្សា និងអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំ ទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងសាធារណរដ្ឋ ប្រជាមានិតចិន។ របៀបវារៈទី៥ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការទទួលស្គាល់ សុពលភាពនៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។ និងរបៀបវារៈ ទី៦ គឺការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រ តក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៣/ ០០៥ ចុះថ្ងៃ ទី២២ ខែមករា ឆ្នាំ២០០៣។

សម័យប្រជុំរដ្ឋសភា បានពិភាក្សា និងអនុម័តតាមរបៀបវារៈ ចំពោះលទ្ធផលសម័យប្រជុំរដ្ឋសភាទំាងស្រុង អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងចេញ សេចក្តីប្រកាសព័ត៌មាន នៅក្រោយពេលរដ្ឋសភាបញ្ចប់សម័យប្រជុំនាថ្ងៃនេះ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh