ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភារៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយវិធានប្រពៃណី គោលនយោបាយនិងច្បាប់ជាតិ ច្បាប់អន្តរជាតិ ពាក់ព័ន្ធជនជាតិដើមភាគតិចនៅកម្ពុជា
រដ្ឋសភារៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយវិធានប្រពៃណី គោលនយោបាយនិងច្បាប់ជាតិ ច្បាប់អន្តរជាតិ ពាក់ព័ន្ធជនជាតិដើមភាគតិចនៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/11/2017 6:50:45 PM )

រដ្ឋសភាកម្ពុជា បានរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយវិធានប្រពៃណីគោលនយោបាយច្បាប់ជាតិ និងអន្តរជាតិពាក់ព័ន្ធជនជាតិដើមភាគតិច នៅកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ វិមានរដ្ឋសភា ។​ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានអញ្ជើញជាអធិបតីបើកអង្គសិក្ខាសាលា ដោយមានការចូលរួមពី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល ជនជាតិភាគតិច និង អ្នកសារព័ត៌មានជាច្រើនរូប។ អង្គសិក្ខាសាលានេះ រៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា និងអង្គការជនជាតិដើមភាគតិច កម្ពុជា ។

ក្នុងប្រសាសន៍​ស្វាគមន៍ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា​ បាន​​ថ្លែងអំណរគុណ ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល ជនជាតិភាគតិច និងអ្នកសារព័ត៌មាន ដែលបានរួមគ្នារៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងពិភាក្សា ស្វែងយល់ ពីការផ្សព្វផ្សាយវិធាន ប្រពៃណី គោលនយោបាយច្បាប់ជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងជនជាតិដើមភាគតិច ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញអំពីបញ្ហាប្រឈមនានា និងដំណោះ ស្រាយរួមគ្នា ដើម្បីរៀបចំផែនការវិនិយោគព្រៃឈើប្រកបដោយភាពជោគជ័យស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។

លោកស្រី ឡាត់ សុខឯម តំណាងអង្គការជនជាតិដើមភាគតិច បានលើកឡើងថា បងប្អូន​ជនជាតិដើម​ភាគតិច ​ភាគច្រើន​រស់នៅ​រាយប៉ាយ​តាម​តំបន់​ដាច់ស្រយាល​ ព្រៃភ្នំ និង​ពឹង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ ការ​បរបាញ់​សត្វ និង​ការនេសាទតាម​បែប​បុរាណសម្រាប់​ការចិញ្ចឹម​ជីវិត។ ទោះជាមានកិច្ច ខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាល និងមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការគាំទ្រដល់សហគមន៍មូលដ្ឋាន ដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៍ក៏ដោយ ក៏ជនជាតិ ភាគតិចកំពុងប្រឈមទៅនឹងបញ្ហាចំពោះមុខជាច្រើនទៀត ដែលយើងទាំងអស់គ្នាត្រូវធ្វើកិច្ចសហការរួមគ្នាដើម្បីជួយដោះស្រាយ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា សិក្ខាសាលា​នេះមាន​គោលបំណងផ្សព្វផ្សាយគោលនយោបាយ​ជាតិ​ ស្តីពី​ការអភិវឌ្ឍ​ជនជាតិដើម​ភាគតិច​ឲ្យបាន​ទូលំទូលាយ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ ប្រជាពលរដ្ឋ និង​បងប្អូន​ជនជាតិដើម​ភាគតិច​ ដើម្បីឲ្យ ការអនុវត្តន៍​គោលនយោបាយ​ជាតិ​នេះ ឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់។ ជាក់ស្តែងនៅ​ឆ្នាំ២០០៩ រាជរដ្ឋាភិបាល​ បានអនុម័ត​គោលនយោបាយ​ជាតិ​ស្តីពី ការអភិវឌ្ឍ​ជនជាតិដើម​ភាគតិច និង​ស្ថាប័ន​​ពាក់ព័ន្ធ អង្គការ​ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ ​បន្ត​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​ជនជាតិដើម​ភាគតិច​នេះ។ ឯកឧត្តមបណ្ឌិតបាន​បន្ថែមថា រាជរដ្ឋាភិបាលក្រោម​ការដឹកនាំរបស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជានិច្ចកាល​តែង​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ជនជាតិដើម​ភាគតិច។ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល នៃប្រទេសនានាទូទាំងពិភពលោក កំពុងតែខិតខំដោះស្រាយ ធ្វើយ៉ាងណាឲ្យក្រុមចម្រុះជនជាតិទាំងនោះ អាចរស់នៅជាមួយគ្នាក្រោមដំបូលតែមួយ ដោយសន្តិភាព គ្មានសង្រ្គាមផ្លូវកាយ ផ្លូវចិត្ត គ្មានការរើសអើងប្រកាន់ពូជសាសន៍ និងជំនឿសាសនាជាដើម។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍ទៀតថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយសំដៅកែលម្អជីវភាពរស់នៅ ដើម្បីលើកកម្ពស់ គុណភាពនៃជីវិតរបស់ជនជាតិភាគតិច។ ដោយឈរលើគោលការណ៍នេះ រាជរដ្ឋាភិបាលបានធ្វើសកម្មភាពផ្តោតការយកចិត្តទុកដាក់លើការថែរក្សា វប្បធម៌ ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល បរិស្ថាន កសិកម្ម ដីធ្លី ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធយុត្តិធម៌ និងទេសចរណ៍ជាដើម។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននឹងកំពុងជំរុញការខិតខំធ្វើយ៉ាងណាកាត់បន្ថយគម្លាតរវាងទីក្រុង ទីប្រជុំជន និងជនបទ រវាងជនជាតិ ភាគច្រើន និងជនជាតិភាគតិច ហើយក្នុងច្បាប់រដ្ឋធម្មនុញ្ញក៏បានកំណត់ថា ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និង ករណីកិច្ចដូចគ្នា ដោយឥតមានប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ឋានៈសង្គម ធនធាន ភាសា ឬស្ថានភាពឯទៀតឡើយ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ក៏បានផ្តាំផ្ញើឱ្យអង្គសិក្ខាសាលាទាំងអស់ ត្រូវផ្តោតការពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន ដែលស្របគ្នាទៅនឹង គោលនយោបាយជាតិ និងអន្តរជាតិ ដោយឯកឧត្ដមបណ្ឌិតសង្ឃឹមថា បន្ទាប់ពីសិក្ខាសាលានេះចប់ទៅ ក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា នឹងចូលរួមសហការ ដើម្បីអនុវត្តន៍គម្រោងនេះឲ្យទទួលបានជោគជ័យ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh