ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រសួងមុខងារសាធារណៈមកសិក្សាស្រាវជ្រាវប្រមូលទិន្នន័យអំពីប្រាក់បៀវត្ស មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា
ក្រសួងមុខងារសាធារណៈមកសិក្សាស្រាវជ្រាវប្រមូលទិន្នន័យអំពីប្រាក់បៀវត្ស មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/11/2017 7:25:09 PM )

ឯកឧត្តម ហង្ស ឆាំឆាន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងមន្ត្រីជំនាញ បានមកជួបពិភាក្សាការងារជាមួយ ឯកឧត្តម អៀ ថារ៉ាឌី ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីសិក្សា ស្រាវជ្រាវ ប្រមូលទិន្នន័យអំពីប្រាក់បៀវត្សមន្ត្រីរាជការ នៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។

ឯកឧត្តម ហង្ស ឆាំឆាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានណែនាំអោយក្រសួងមុខងារសាធារណៈ ចុះសិក្សាស្រាជ្រាវ និងប្រមូលទិន្នន័យ អំពីប្រាក់បៀវត្សមន្ត្រីរាជការនៅគ្រប់ស្ថាប័ននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើយ៉ាងណាកុំអោយចំនួនប្រាក់បៀវត្សមន្ត្រីរាជការមានគម្លាតខុសគ្នា ខ្លាំងពេកនៅតាមស្ថាប័នផ្សេងៗ។

ឯកឧត្តម អៀ ថារ៉ាឌី បានជម្រាបជូនថា ប្រាក់បៀវត្សមន្ត្រីរាជការនៃស្ថាប័ននីតិប្បញ្ញត្តិ បែងចែកទៅតាមប្រភេទក្របខ័ណ្ឌ ក្នុងនោះរួមមានក្របខ័ណ្ឌ អភិបាល ក្របខ័ណ្ឌឧបការី ក្របខ័ណ្ឌលេខាធិការ ។ល។ ឯកឧត្តមបានបន្តថា ការរៀបចំក្របខ័ណ្ឌគឺធ្វើទៅតាមនីតិវិធីច្បាប់ និងការណែនាំរបស់ ឯកឧត្តមអគ្គលេខាធិការដ្ឋសភា។ ទន្ទឹមនឹងនោះ ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា បានយកចិត្តទុកដាក់ក្នុងការដំឡើងថ្នាក់ដល់មន្ត្រីនៃអគ្គលេខាធិកា រដ្ឋានរដ្ឋសភា ដែលបានខិតខំបំពេញការងារបម្រើអង្គភាពបានល្អប្រសើរផងដែរ។

ឯកឧត្តម ហង្ស ឆាំឆាន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អៀ ថារ៉ាឌី ដែលបានជម្រាបជូនពីទិន្នន័យប្រាក់បៀវត្សមន្ត្រីរាជការ នៃស្ថាប័ន នីតិប្បញ្ញត្តិ អោយក្រសួងមុខងារសាធារណៈបានជ្រាប ដើម្បីក្រសួងរៀបចំជារបាយការណ៍ទុកសម្រាប់ជម្រាបជូនរាជរដ្ឋាភិបាល។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh