ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងឃុំពាមមានជ័យ ស្រុកពាមរក៍
តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងឃុំពាមមានជ័យ ស្រុកពាមរក៍
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/9/2017 12:44:51 AM )

តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ដែលជាប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ផងនោះ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិចំនួន៥ នៃឃុំពាមមានជ័យ ស្រុកពាមរក៏ខេត្តព្រៃវែង ដែលបានទទួលរងគ្រោះដោយទឹកជំនន់នារដូវវស្សានេះ ។

លោក ភេ អីុម សមាជិកក្រុមប្រឹក្សាប្រចាំស្រុកពាមរក៍ បានមានប្រសាសន៍ឲ្យដឹងថា ស្រុកពាមរក៍មិនខុសពីស្រុកដ៏ទៃរបស់ខេត្តព្រៃវែង ដែលស្ថិតនៅ តាមដងទន្លេមេគង្គផ្នែកខាងក្រោមនោះទេ គឺបានទទួលរងទឹកជំនន់បង្កឲ្យលិចលង់ផ្ទះសម្បែងស្រែចម្ការរបស់ពួកគាត់មួយចំនួន និងបានធ្វើឲ្យប៉ះពាល់ ដល់ការរស់នៅ និងការប្រកបជីវភាពប្រចំាថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។

តែទោះយ៉ាងណាលោក ភេ អីុម បានគូសបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន​បានខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អជូនពលរដ្ឋ និងបានខិតខំជួយ អន្តរាគមន៍ដោះស្រាយសម្រួលការលំបាករបស់ប្រជាពលរដ្ឋតាមគ្រប់រូបភាព។ លោកសមាជិកក្រុមប្រឹក្សាស្រុកបានសង្កេតឃើញថា មកដល់ពេលនេះ កម្ពស់ទឹកទន្លេមេគង្គ បានចាប់ផ្តើមស្រកជាបណ្តើរៗហើយ។​

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានកោតសរសើរចំពោះការយកចិត្តទុកដាក់ ក្នុងការជួយដោះស្រាយបញ្ហាដល់ពលរដ្ឋរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងខេត្តព្រៃវែងនេះ។ ជាមួយគ្នានេះ ឯកឧត្តមតំណាងរាស្រ្ត បានណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់បន្ថែម​ទៀត ហើយត្រៀមចុះជួយអន្តរាគមន៍ដល់ពលរដ្ឋឲ្យបានទាន់ពេលវេលាក្នុងករណីដែលកម្ពស់ទឹកទន្លេ ឡើងទៀតនោះ។

ឯកឧត្តមបណ្ឌិតរដ្ឋ បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរត្រូវត្រៀមទីទួលសុវត្ថិភាពសម្រាប់ជម្លៀសពលរដ្ឋ និងសត្វគោក្របី ទ្រព្យសម្បត្តិ ក្នុងករណីមាន ទឹកជំនន់នោះ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋ ជំរុញដល់អាជ្ញាធរផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឲ្យចេះបង្ការ និងប្រុងប្រយ័ត្ននៅក្នុងរដូវវ​ស្សា នេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បាននាំយកថវិកា និងសម្ភារៈមួយចំនួន ចែកជូនពលរដ្ឋ ដែលបានរងគ្រោះដោយទឹកជំនន់នេះ ផងដែរ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh