ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចក្រុមការងារ សម្រាប់រៀបចំកិច្ចប្រជុំសភានិយាយភាសាបារាំង(APF) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចក្រុមការងារ សម្រាប់រៀបចំកិច្ចប្រជុំសភានិយាយភាសាបារាំង(APF) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/8/2017 12:45:23 AM )

នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជា អនុប្រធានក្រុមសភាជាតិកម្ពុជា(APF) បានដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចក្រុមការងារ សម្រាប់ត្រៀមរៀបចំ កិច្ចប្រជុំសភានិយាយភាសាបារាំង (APF) តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៨ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ នៅខេត្ត ព្រះសីហនុ។

នៅក្នុងកិច្ចប្រជុំនាពេលនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ុល ហំម អនុប្រធានក្រុមសភាជាតិកម្ពុជា(APF)ទទួលបន្ទុក(APF) តំបន់អាស៊ី ប៉ាស៊ីហ្វិក លោកជំទាវ ទី បូរ៉ាស៊ី អនុប្រធានក្រុមសភាជាតិកម្ពុជា(APF) ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ដែលជា សមាជិកក្រុមការងារសភាជាតិកម្ពុជា(APF) និង ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ព្រមទាំងសមាជិកក្រុមការងារមួយចំនួនទៀត។​

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា ដើម្បីឲ្យដំណើរការនៃកិច្ចប្រជុំសភានិយាយភាសាបារាំង(APF) តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៨ នាពេលខាងមុខទទួលបានជោគជ័យ ចាំបាច់យើងត្រូវបែងចែកភារកិច្ចជូនដល់ក្រុមការងារទាំងអស់ ដើម្បីបានត្រៀមលក្ខណៈសម្បត្តិជាមុន ក្នុងការ រៀបចំដំណើរការកិច្ចប្រជុំ ទៅតាមផែនការដែលបានគ្រោងទុក។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ក៏បានអាននូវបញ្ជីឈ្មោះ ឯកឧត្ដម លោកជំទាវ និងក្រុមការងារ ដែលគ្រោងនឹងចេញជាសេចក្ដីសម្រេច ដែលមានភារកិច្ច ទទួលខុសត្រូវ នៅក្នុងដំណើរការនៃកិច្ចប្រជុំនាពេលខាងមុខ ដើម្បីទទួលបានមតិយោបល់ កែលម្អបន្ថែមពីសមាជិកអង្គប្រជុំ មុននឹងមានការចុះ ហត្ថលេខាលើសេចក្ដីសម្រេចជាផ្លូវការ។

បន្ទាប់ពីបានស្ដាប់នូវមតិលើកឡើងមួយចំនួនរបស់ ឯកឧត្ដម លោកជំទាវ និងក្រុមការងាររួចមក ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា កិច្ចប្រជុំសភានិយាយភាសាបារាំង(APF) តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៨ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ យើងក៏បានបែងចែកជាប្រធានបទសម្រាប់តុមូលចំនួន២។ ប្រធានបទតុមូលទី១ ស្ដីពី“គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៥-២០៣០ និងសមភាពរវាងបុរស និងស្ត្រី” និងប្រធានបទតុមូលទី២ ស្ដីពី“កិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់ ក្នុងគោលដៅធានានូវសន្តិភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព” ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh