ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សន្និសីទលើកទី៦រវាងគណៈកម្មការកិច្ចការបរទេសនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម បានបិទបញ្ចប់ដោយបានដាក់ចេញសេចក្តីប្រកាសរួមចំនួន២១ចំណុច និងស្នើនូវយុទ្ធសាស្ត្រ៧ចំណុច
សន្និសីទលើកទី៦រវាងគណៈកម្មការកិច្ចការបរទេសនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម បានបិទបញ្ចប់ដោយបានដាក់ចេញសេចក្តីប្រកាសរួមចំនួន២១ចំណុច និងស្នើនូវយុទ្ធសាស្ត្រ៧ចំណុច
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/3/2017 1:23:00 AM )

សន្និសីទលើកទី៦ រវាងគណៈកម្មការកិច្ចការបរទេសនៃប្រទេសទាំងបី កម្ពុជា‑ឡាវ‑វៀតណាម ស្តីពី“ការពង្រឹងតួនាទីត្រួតពិនិត្យរបស់រដ្ឋសភាចំពោះ​​​​គំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍតំបន់ត្រីកោណនៃប្រទេស កម្ពុជា‑ឡាវ‑វៀតណាម បានប្រារព្ធបិទ និងធ្វើសេចក្តីប្រកាសរួម នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារដួងច័ន្ទផាលេស(Don Chan Palace) នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ ឯកសាវាង វង្សវិចិត្រ (H.E. Mr. Eksavang VONGVICHIT)   សមាជិកគណៈកម្មាធិការ អចិន្រ្តៃយ៍ និងជាប្រធាន​គណៈកម្មាធិការ​កិច្ច​ការ​បរទេស នៃរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមានការចូលរួមពី ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា ឯកឧត្តម ង្វៀន វ៉ាន់ហ្សាវ (H.E. Mr. Nguyen Van Giau) សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈ​កម្មាធិការកិច្ចការ​បរទេស នៃ​រដ្ឋសភា នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ព្រមទាំងប្រតិភូនៃប្រទេសទាំងបីដែលបានអញ្ជើញចូលរួម។

ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ ឯកសាវាង វង្សវិចិត្រ បានមានប្រសាសន៍ថា សន្និសីទលើកទី៦នេះ គណៈប្រតិភូនៃប្រទេសទាំងបី កម្ពុជា‑វៀតណាម‑ ឡាវ បាន​សម្រេច​បង្កើត​ឲ្យ​មានជាលិខិតតូបករណ៍ស្តីពីសេចក្តីប្រកាសរួម មានចំនួន២១ចំណុច ក្នុងគោលបំណងជំរុញ និង​ពង្រឹង​​ពង្រីក​ទំ​នា​ក់​ទំនង​មិត្តភាព កិច្ច​សហប្រតិបត្តិការអភិវឌ្ឍន៍រួមតំបន់ព្រំដែន និងទំនាក់​ទំនង​​ជាប្រពៃណីនៃប្រទេស​ទាំងបីតាំងពីយូរ​លង់​ណាស់​មក​ហើយ។

ក្នុងតួនាទីរបស់ខ្លួន​ជា​តំណាងក្នុង​ការសម្របសម្រួល ជំរុញតាមដានត្រួតពិនិត្យ​ យើងស្នើដាក់​ចេញនូវ​យុទ្ធ​សាស្រ្ត​មួយ​ចំនួនដូចខាងក្រោម៖

           ១-បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងគណ:កម្មាធិការកិច្ចការបរទេសសភា នៃប្រទេស​​ទាំងបី ដោយ​ចាត់​ទុកជាកត្តាដ៏សំខាន់ចំពោះស្ថិរភាព និង ការអភិវឌ្ឍនៃប្រទេស​ទាំងបីនិងតំបន់។

          ២-កត់សំគាល់ឃើញថា ការអភិវឌ្ឍនៅមិនទាន់បានលទ្ធផលសមល្មមទៅនឹងសក្តានុ​​ពលដ៏​ធំធេង​ដែល​​មាននៅក្នុងតំបន់នៅឡើយ ហើយស្នើសុំ ឲ្យរដ្ឋាភិបាលនៃប្រទេស​ទាំង​បី បន្តជំរុញ​កិច្ច​សហប្រតិបត្តិការវិនិយោគ​ និងពាណិជ្ជកម្ម ដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាព ​នូវ​សក្តានុពល​ដែល​ប្រទេស នីមួយៗមាន ក្នុងគោលបំណងបង្រួញ​គម្លាតការអភិវឌ្ឍ​ជា​មួយ​តំបន់ផ្សេងៗទៀត​នៃ​ប្រ​ទេ​ស​ទាំងបី។

          ៣-គាំទ្រគំនិតនិងសេចក្តីសម្រេចនានា ដែលបានព្រមព្រៀងគ្នារួចមកហើយ ក្នុងកិច្ច​ប្រជុំ​រ​ប​ស់នាយក​រដ្ឋមន្រ្តីនៃប្រទេសទាំងបីកន្លងមក។

          ៤-សង្កត់ធ្ងន់លើការងារសំខាន់ៗរបស់រដ្ឋាភិបាលមានជាអាទិ៍ :

          ‑ការខិតខំកែលំអរប្លង់មេឲ្យកាន់តែមានប្រសិទ្ធភាព និងការអនុវត្តកម្មវិធីផ្សេងៗ។

         ‑ការពង្រីកសកម្មភាពទំនាក់ទំនងរវាងភាគីទាំងបីឲ្យបានច្រើនវិស័យ មានដូចជាពាណិជ្ជកម្ម វិនិយោគ ទេស​ច​រ​ណ៍វេទិកាធុរៈកិច្ចសម្រាប់ឯកជន និងវេទិកាអង្គការយុវជន។ល។ ដែលការងារទាំង​នេះ​បង្ហាញឲ្យឃើញពីការ​រីក​ចំរើនជាលំដាប់ក្នុងការអនុវត្តប្លង់មេសម្រាប់អភិវឌ្ឍន៍តំបន់ត្រីកោណ​ទាំង​មូ​ល។

     ៥-អបអរសាទរចំពោះប្រទេសជប៉ុន ដែលបានផ្តល់ជំនួយ ដើម្បីវិនិយោគលើគ្រប់វិស័យសា​ធា​រ​ណៈ ​ក្នុង​​តំបន់​ត្រី​កោ​ណ តាមរយ:គម្រោងឆ្នាំ ២០០៨‑២០០៩ និងបានកំណត់នូវតួនាទី​ដ៏សំខាន់របស់​ប្រទេស​ជប៉ុន ក្នុង​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ ក៏ដូចជាតំបន់ដ៏ទៃទៀតដែរ ព្រមទាំងសង្ឃឹម ជឿជាក់ចំពោះប្រជាជន សភា ក៏ដូចជា​រាជរដ្ឋា​ភិ​បា​ល​នៃប្រទេសជប៉ុន បន្តជួយដល់ការអភិវឌ្ឍតំបន់ត្រីកោណឲ្យបានកាន់តែខ្លាំង​ក្លា​ថែម​ទៀត។

    ៦-សំណូមពរដល់បណ្តាស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរតាមតំបន់នៃប្រទេសទាំងបី​ សហ​ការគ្នា​ដោយ​​ផ្តល់​អាទិ​ភា​ព ក្នុងការសម្រេចនូវគោល នយោបាយ រួមចំណែកបង្កើតនូវបរិយាកាសវិនិយោគល្អ ជម្រុញសហគ្រាសវិនិយោគ​ឲ្យ​វិនិ​យោ​គលើហេដ្ឋារចនាសម្ព័ន្ធដែលខ្វះខាត ដើម្បីរួមចំណែក អភិវឌ្ឍន៍​សេដ្ឋ​កិច្ចកសាងគមនាគមន៍ ធារាសាស្រ្ត ថាមពល​អគ្គីសនី បង្កើនថវិកាសម្រាប់កម្មវិធីកាត់បន្ថយភាពក្រីក្រ បង្កើត​ការងារជូនប្រជាពលរដ្ឋ ក្នុងតំបន់។

ជាមួយនេះ គណៈកម្មា​ធិការកិច្ចការបរទេសនៃប្រទេសទាំងបី បាន​ជំរុញ​ និងលើកទឹកចិត្តចំពោះរដ្ឋាភិបាលនៃប្រទេសទាំងបីក្នុងការ​អភិវឌ្ឍន៍តំបន់ ត្រីកោណ​ប្រកប​ដោយ​ចីរភាព​។

    ៧-យើងសម្រេចបង្កើតឲ្យមានសន្និសីទលើកទី៧ ដែលនឹងប្រារព្ធធ្វើនៅឆ្នាំ២០១៩ នៅសាធារណរដ្ឋសង្គម​និយមវៀតណាម និងបន្តឲ្យមាន យន្តការនេះរហូតធ្វើឲ្យតំបន់ព្រំដែន​ប្រទេ​ស​ទាំងបី កម្ពុជា‑ឡា​វ‑វៀត​​ណា​ម ​​​ទទួលបានការ​អភិវឌ្ឍដោយជោគជ័យ ដើម្បីឲ្យប្រជាជនក្នុងតំបន់នេះរស់ នៅ​ក្នុង​ជីវ​ភាព​សម​រ​ម្យ​។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈាង វុន ប្រធានគណៈប្រតិភូសភាកម្ពុជា បានមានប្រសាសន៍ថា លទ្ធផលនៃសន្និសីទនេះ មានប្រសិទ្ធភាពទៅបាន លុះត្រាតែសំឡេងរួមរបស់​ប្រជាពលរដ្ឋក្នុងតំបន់ត្រីកោណ ត្រូវបានយកចិត្ដទុកដាក់ដោយប្រមុខរដ្ឋាភិបាលប្រទេសទាំងបី។ ឯកឧត្ដមជឿជាក់ថា សំឡេង​រួមដែលកើតចេញពីការពង្រឹងតួនាទី និងការតាមដានរបស់រដ្ឋសភាចំពោះតំបន់អភិវឌ្ឍន៍ត្រីកោណនេះ​ នឹងបន្ដរុញ​ច្រានអោយមានផែនការរួម កិច្ចព្រមព្រៀងរួម ការអនុវត្ដរួម និងបង្ហាញអោយឃើញពីការធ្វើការរួមគ្នា​រវាង​រដ្ឋាភិ​បាលនិងរដ្ឋាភិបាល រដ្ឋសភានិងរដ្ឋសភា ជាពិសេសរដ្ឋសភា និង រដ្ឋាភិបាលនៃប្រទេសទាំងបី ក្នុងគោល​ដៅ​ទាក់ទាញអ្នកវិនិយោគ ធុរជន និងដៃគូអភិវឌ្ឍន៍ជាតិ អន្ដរជាតិ ជាពិសេសបង្ហាញអោយឃើញ​ពីការជឿ​ទុក​ចិត្ដ​ដល់ប្រទេសផ្ដល់ជំនួយ ដូចជាប្រទេសជប៉ុនជាដើម។

ក្នុងនាមគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមមានជំនឿយ៉ាង​មុតមាំថា ការ​ចូលរួមក្នុងកិច្ចពិភាក្សា ផ្លាស់ប្តូរព័ត៌មាន ផ្តល់អនុសាសន៍ និងការផ្លាស់ប្តូរនូវបទពិសោធន៍ល្អៗនៅក្នុងសន្និសីទដ៏មាន​តម្លៃនេះ គឺយើងមានគោលបំណងរួមគ្នា សំដៅធ្វើយ៉ាងណារិះរក​យុទ្ធសាស្រ្ត ដើម្បីកាត់ បន្ថយភាពក្រីក្រ និង​លើក​កំពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ ដែលរស់​នៅតំបន់ព្រំដែន នៃប្រទេសទាំងបី ឲ្យកាន់តែមានប្រសិទ្ធ​ភាព​ខ្ពស់។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh