ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អាល្លឺម៉ង់សាទរការរៀបចំបោះឆ្នោតឃុំ សង្កាត់របស់កម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នោះ
អាល្លឺម៉ង់សាទរការរៀបចំបោះឆ្នោតឃុំ សង្កាត់របស់កម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នោះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/12/2017 6:12:20 PM )

ឯកឧត្តមឯកអគ្គរដ្ឋទូត ប្រទេសអាល្លឺម៉ង់ប្រចំានៅកម្ពុជា បានចូលរួមអបអរសាទរ ចំពោះ​ការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់របស់ ប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងមកនេះថា បានដំណើរល្អគ្មានអំពើហិង្សា។ ឯកឧត្តមបណ្ឌិត Ingo Karsten  ឯកអគ្គរដ្ឋទូត ប្រទេសអាល្លឺម៉ង់ បានវាយតម្លៃដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ញ៉ែម ថា្ថវី សមាជិករដ្ឋសភាកម្ពុជា និងជាអនុប្រធានក្រុមមិត្តភាព រដ្ឋសភា កម្ពុជា-អាល្លឺម៉ង់ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៤នោះ ឯកឧត្តមបានសង្កេតឃើញថា មានភាពល្អប្រសើរ ដោយបាន​ដំណើរការដោយរលូន ប្រជាពល​រដ្ឋ​ភាគច្រើនបានចេញទៅបោះឆ្នោត ដែលមានតួលេខរហូតដល់​ជាង៨០%។

ឯកឧត្តម ញ៉ែម ថ្ថាវី បានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ ក៏ដូចជាបណ្តាប្រទេសធំៗដទៃទៀត ដែលបានធ្វើការវាយតម្លៃជាវិជ្ជមាន ចំពោះការ បោះឆ្នោតនៅកម្ពុជា ស្របតាមទិដ្ឋភាពជាក់ស្តែង។ ឯកឧត្តមសមាជិករដ្ឋសភា បានលើកឡើងពីដំណើរលទ្ធិប្រជាធិបតេយ្យថា​ កំពុងតែដំណើរការល្អ នៅក្នុងប្រទេសកម្ពុជា។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់​នេះ គឺ​ជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ដែលរដ្ឋសភា និងរាជរដ្ឋាភិបាល កម្ពុជា បានយកចិត្តទុកដាក់ជាខ្លំាង។

ឯកឧត្តម ញ៉ែម ថ្ថាវី បានលើកឡើងថា ក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-អាល្លឺម៉ង់ ចង់ស្នើឲ្យមានដំណើរទស្សនកិច្ចទៅសិក្សា សែ្វងយល់ពីរបៀប នៃការរៀបចំបោះឆ្នោតនៅប្រទេសអាល្លឺម៉ង់ នា​ពេលខាងមុខផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានស្វាគមន៍ និងគំាទ្រចំពោះការលើកឡើងរបស់ ឯកឧត្តម ញ៉ែម ថ្ថាវី ដោយបានគូសបញ្ជាក់ថា នៅក្នុងអាណត្តិការទូតរបស់ ឯកឧត្តម ឯកឧត្តមនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជានិងអាល្លឺម៉ងឲ្យកាន់តែរឹងមាំ មានការរីកចម្រើនថែមទៀត។ ការរីកចម្រើន ដែលមានទំាងខាងស្ថាប័ន នីតិប្បញ្ញត្តិនៃប្រទេសទំាងពីរផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh