លោកជំទាវ Halimah Yacob ប្រធានរដ្ឋសភានៃប្រទេសសិង្ហបុរី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងជាមិត្តភាព នៅក្នុងព្រះរាជាណាចក្រ កម្ពុជា រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី៨ ខែឧសភាឆ្នាំ២០១៥។
នៅក្នុងពិធីទទួលស្វាគមន៍ដ៏អធិកអធមនៅមុខវិមានរដ្ឋសភានាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥ ចំពោះលោកជំទាវប្រធានរដ្ឋសភានៃប្រទេសសិង្ហបុរី ដែលត្រូវបានរៀបចំដោយរដ្ឋសភាកម្ពុជានោះ គឺមានវត្តមានស្វាគមន៍ដ៏កក់ក្ដៅពី សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភា ជាច្រើនរូបទៀត។
ក្រៅពីជំនួបសវនាការជាមួយសម្ដេចចក្រី ហេង សំរិន នៅព្រឹកថ្ងៃទី៧ ខែឧសភានេះ លោកជំទាវ Halimah Yacob ប្រធានរដ្ឋសភានៃប្រទេសសិង្ហបុរី ក៏នឹងត្រូវជួបធ្វើសវនាការជាបន្តបន្ទាប់ជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព និងឯកឧត្ដម សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភានៅវិមានព្រឹទ្ធសភាផងដែរ។ នៅក្នុងអំឡុងនៃដំណើរទស្សនកិច្ចនេះ លោកជំទាវប្រធានរដ្ឋសភានៃប្រទេសសិង្ហបុរីក៏នឹងអញ្ជើញទៅទស្សនកិច្ចនៅព្រះបរមរាជវាំង និងសារមន្ទីរជាតិផងដែរ៕
អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន