លោកជំទាវ ឃួន សុដារី តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាប្រធានក្រុមសភាជាតិ នៃអ្នកនយោបាយស្រ្តី បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធទំាងអស់ រួមទំាងប្រជាពលរដ្ឋផង រួមគ្នាប្រយុទ្ធប្រឆំាង ការជួញដូរមនុស្សនៅក្នុងប្រទេសនីមួយៗ ទាំងក្នុងតំបន់និងពិភពលោក។ លោកជំទាវមានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាលើកទី២របស់អង្គការICAPPស្តីពីការ ជួញដូរមនុស្ស នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ ។
លោកជំទាវ ឃួន សុដារី បានសម្តែងក្តីសង្ឃឹមថា លទ្ធផលនៃកិច្ចពិភាក្សា ក្នុងសិក្ខាសាលាអន្តរជាតិនេះ នឹងជាធាតុផ្សំដ៏សំខាន់ សម្រាប់កិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធនឹងគ្រប់ទម្រង់នៃការជួញដូរមនុស្សសំរាប់ប្រទេសសមាជិក ICAPPឲ្យមានប្រសិទ្ធភាព។
លោកជំទាវ បានគួសបញ្ជាក់ថា អ្នកពាក់ព័ន្ធទាំងអស់រាប់បញ្ចូលទាំង គណបក្សនយោបាយ រដ្ឋាភិបាលនិងទីភ្នាក់ងារអន្តរជាតិ អង្គការជាតិ អន្តរជាតិដ៏ទៃទៀត ក៏ដូចជាប្រជាជនទូទៅ នឹងធ្វើការលើកកម្ពស់ការយល់ដឹងអំពី វិធានច្បាប់ពាក់ព័ន្ធការជូញដូរមនុស្ស ដើម្បីស៊ើបអង្កេត កាត់បន្ថយ និងលុបបំបាត់ នូវសកម្មភាពនិងឧក្រិដ្ឋកម្មដែលសង្គមស្អប់ខ្ពើមនេះ។ ជាមួយនេះលោកជំទាវ ឃួន សុដារី បានសូមអោយ ស្មារតីនៃសិក្ខាសាលាស្តីពីការជួញដូរមនុស្ស ក្លាយជាកត្តាលិករសម្រាប់ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការរំលោភបំពានសិទ្ធពលកម្មដោយបង្ខំ ការសំលាប់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងគ្រប់ជ្រុងជ្រោយ ៕
អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន