នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាព្រះរាជតំណាង ដ៏ខ្ពង់ខ្ពស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានទទួលសារតាំងពី ឯកឧត្តម នុត្ថាវុធ ផូទីសារ៉ូ (H.E.MrNuttavudhPhotisaro)ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាពព្រះរាជាណាចក្រថៃដែលទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ជាប្រទេសជិតខាងគ្នា ហើយប្រជាជន នៃប្រទេសទាំងពីរ ក៏មានទំនាក់ទំនងល្អនឹងគ្នា ដែលកត្តាទាំងនេះជម្រុញឲ្យប្រទេសទាំងពីរ ត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបន្ថែមទៀត។ សម្តេចបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទំាងពីរ ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ សុខាភិបាល ក៏ដូចជាវិស័យអប់រំជាដើម។
សម្តេចក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ក្នុងអាណត្តិការទូតថ្មីរបស់ ឯកឧត្តមឯកអគ្គរាជទូត កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ នឹងត្រូវបានពង្រីកឲ្យកាន់តែមានកម្រិតខ្ពស់ថែមទៀត ដើម្បីផលប្រយោជន៍ទាំងសងខាង។
ឯកឧត្តម នុត្ថាវុធ ផូទីសារ៉ូ ឯកអគ្គរាជទូតថៃថ្មី បានមានប្រសាសន៍ថា ឯកឧត្តមមានកិត្តិយស ដែលបានមកជូនសារតាំង ចំពោះសម្តេច ដែលជា ព្រះរាជតំណាង ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានឯកភាព ទៅលើប្រសាសន៍ របស់សម្តេចពញាចក្រី ហេង សំរិន ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ហើយក្នុងនាម ឯកឧត្តមជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណា ពង្រឹងទំនាក់ទំនង ប្រទេស ទាំងពីរឲ្យកាន់តែរឹងមាំខ្លាំងក្លាទ្វេឡើងថែមទៀត។
ឯកឧត្តមក៏បានរម្លឹកផងដែរថា បេសកកម្មការទូតនៅកម្ពុជា សម្រាប់ឯកឧត្ដម ពេលនេះគឺជាលើកទី៣ហើយ ដែលលើកទី១ គឺអំឡុងទស្សវត្សរ៍៩០ លើក ទី២ គឺនៅក្នុងឆ្នាំ២០០៣ ហើយលើកទី៣ គឺនៅក្នុងឆ្នាំ២០១៥នេះតែម្ដង៕
អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន