គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាននិងធនធានទឹក នៃរដ្ឋ សភា ដឹកនាំដោយឯកឧត្តម ប៉ុល ហំម ប្រធាន គណៈកម្មការ និងសមាជិក សមាជិកា បានអញ្ជើញចុះបំពេញបេសកកម្មនៅ ខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២៦ដល់ ថ្ងៃ២៩ ខែមីនា ឆ្នាំ២០១៥ ក្នុងគោល បំណងចុះសិក្សាស្វែងយល់ពី បញ្ហាមួយចំនួន ក្នុងខេត្តស្ទឹងត្រែង ពិសេសពលរដ្ឋដែលស្ថិតនៅតំបន់ប៉ះពាល់ នៃការសាង សង់ទំបន់វារីអគ្គិសនី សេសាន្តក្រោម២ និងទំនប់វារីអគ្គិសនីដនសាហុង នៅក្នុងប្រទេសឡាវ។ បេសកកម្មរបស់គណៈកម្មការជំនាញ រដ្ឋសភា នៅពេលនោះ ក៏មានការអម ដំណើរ ពីឯកឧត្តម ប៉ុន សារឿន អនុរដ្ឋលេខាធិការក្រសួងបរិស្ថានផងដែរ។
ឯកឧត្តម កុល សំអ៊ុល អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ជម្រាបជូន គណៈប្រតិភូ ថា អាជ្ញាធរខេត្តបាន ខិតខំយកចិត្ត ទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។ នៅក្នុងនោះអាជ្ញាធរខេត្ត បានខិតខំទប់ស្កាត់បទល្មើសផ្សេងៗ ដូចជាការកាប់ឈើ និងដឹក ឈើឆ្លងកាត់ខេត្ត ជាច្រើនករណី ទៀតផង។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា អនុវត្តន៍តាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត បានជួយ និងលើកទឹកចិត្ត ប្រជាពលរដ្ឋ នៅតាមតំបន់ឆ្ងាយៗ ឲ្យបង្កើតសហគមន៍ទេសចរណ៍ ដើម្បីរកចំណូលបន្ថែមជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសហគមន៍ បន្ថែមពីរបរ កសិកម្ម ដូចជានៅក្នុងស្រុកថាឡាបរិវ៉ាត បានបង្កើតជាសហគមន៍អេកូទេសចរណ៍ព្រះរំកិល តំបន់ទេសចរណ៍អន្លង់ផ្សោតជាដើម។
ទាក់ទងការសាងសង់ទំនប់វារីអគ្គិសនី ដែលពលរដ្ឋព្រួយបារម្ភថា នឹងមានផលប៉ះពាល់ដល់ធនធានធម្មជាតិ និងការរស់នៅរបស់ពួកគាត់ ដូចជាការ សាងសង់ទំនប់វារីអគ្គិសនី ដនសាហុង ស្ថិតនៅប្រទេសឡាវ និងទំនប់វារីអគ្គិសនី សេសាន្តក្រោម២ ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែងនេះ ត្រូវបាន ឯកឧត្តម អភិបាលខេត្ត លើកឡើងថា ប្រជាពលរដ្ឋនៅក្នុងស្រុក ថាឡាបរិវ៉ាត បានស្នើសុំដល់អាជ្ញាធរខេត្ត ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ពិសេសរាជ រដ្ឋាភិបាល និងរដ្ឋសភា ជួយ ទប់ស្កាត់ការសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង នេះតែម្តង ព្រោះវាធ្វើឲ្យបាត់បង់ពូជត្រី ធ្វើឲ្យខ្វះទឹកប្រើប្រាស់ ខូចគុណភាពទឹក ពិសេសប៉ះពាល់បរិស្ថានទាំងអស់ដែលស្ថិតនៅខ្សែទឹកខាងក្រោម។
ដោយឡែក ចំពោះទំនប់វារីអគ្គិសនីសេសាន្តក្រោម២វិញ ត្រូវបានប្រជាពលរដ្ឋម្នាក់ឈ្មោះ អ៊ំ លីបិ តំណាងឲ្យប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ បានលើកឡើងថា ការសាងសង់ទំនប់វារីអគ្គិសនីនេះបានធ្វើឲ្យ ប្រជាពលរដ្ឋមួយចំនួនផ្លាស់ប្តូរលំនៅដ្ឋាន ដែលតម្រូវអោយភាគីក្រុមហ៊ុន ត្រូវសង សំណង ដល់ប្រជាពលរដ្ឋ ទៅតាមគោលការណ៍ចរចារគ្នា។ តំណាងពលរដ្ឋបានលើកឡើងថា ប្រជាពលរដ្ឋខ្លះបានស្នើសុំឲ្យផ្អាកការសាងសង់ទំនប់ វារីអគ្គិសនីសេសាន្តក្រោម២នេះសិន រងចំាដំណោះស្រាយ ពីព្រោះរហូតមកដល់ពេលនេះ ពលរដ្ឋជាច្រើននៅមិនទាន់ទទួលបានសំណង ហើយពលរដ្ឋ ខ្លះមិនចង់ឲ្យមាន ការសាងសង់ទំនប់វារីអគ្គិសនីនេះតែម្តង។ ប៉ុន្តែបើតាមពលរដ្ឋខ្លះ ពួកគាត់បានគំាទ្រឲ្យមានការសាងសង់ ទំនប់វារីអគ្គិសនីនេះ ការ សាងសង់ ដែលនាំឲ្យពួកគាត់មានថាមពលអគ្គិសនីប្រើប្រាស់ និងជួយអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការ បានមានប្រសាសន៍កោតសរសើរ ដល់អាជ្ញាធរមូលដ្ឋាន ខេត្តគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលខិតខំប្រឹងប្រែង យកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពល រដ្ឋទូទាំងខេត្ត ព្រមទាំងបានទប់ស្កាត់នូវបទល្មើសផ្សេងៗ បង្កើតបរិយាកាសសុខសន្តិភាព ក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋ។
ទាក់ទងបញ្ហាការសាង់សង់ទំនប់វារី ដែលពលរដ្ឋបានលើកឡើង ឯកឧត្តមប្រធាន គណៈកម្មការ បានសន្យាថា នឹងយកសំណើដែលជាក្តីបារម្ភរបស់ ពលរដ្ឋ ទៅជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួយអន្តរាគមន៍ ទៅរាជរដ្ឋាភិបាលតាមសំណើរបស់ពលរដ្ឋ។
សូមជម្រាបដែរថា នៅក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា បានអញ្ជើញចុះពិនិត្យជាក់ស្តែងនៅតំបន់អន្លង់ផ្សោត។ អញ្ជើញទៅដល់ព្រំដែនកម្ពុជា ឡាវដើម្បីពិនិត្យមើលពី ចម្ងាយ តំបន់សាងសង់ទំនប់វារីអគ្គិសនី ដនសាហុង នឹងបានអញ្ជើញទៅ ពិនិត្យទីតាំងតំបន់សាងសង់ ទំនប់វារីអគ្គិសនីសេសាន្តក្រោម២ ដោយផ្ទាល់ផងដែរ៕
អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន