រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ជំនួបពិភាក្សាស្វែងយល់ ពីសេចក្តីព្រាងច្បាប់ស្តីពី ផលិតផលថ្នាំជក់​
ជំនួបពិភាក្សាស្វែងយល់ ពីសេចក្តីព្រាងច្បាប់ស្តីពី ផលិតផលថ្នាំជក់​
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (3/27/2015 2:50:44 PM )

គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្ដម​បណ្ឌិត​រដ្ឋ ជាម យៀប ប្រធានគណៈកម្មការ បានជួប ពិភាក្សាការងារ​ជាមួយ ​លោក ​មុំ គង់ នាយកប្រតិបត្តិ​អង្គការ​​សម្ព័ន្ធដើម្បីសុខភាពកម្ពុជា ​ក្នុងគោលបំណង​ស្វែង​យល់​ពីសេចក្តីព្រាងច្បាប់​ ស្តីពីផលិត ផល​ ថ្នាំ​ជក់ នា​ព្រឹក​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥​ នៅវិមានរដ្ឋសភា។

ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប​ បានមាន​ប្រសាសន៍ថា ថ្នាំជក់ជាមូលហេតុចម្បងដែលនាំឲ្យ​កើត​ជំងឺមហារីក។ ជារៀងរាល់ឆ្នាំ ថ្នាំជក់បានសម្លាប់ មនុស្សប្រមាណ​៦លាននាក់ ​នៅលើពិភពលោក។ ដោយ​ឡែក​នៅកម្ពុជា ជារៀងរាល់ថ្ងៃ​មានមនុស្សជិត​៣០នាក់​ ស្លាប់ដោយសារជំងឺដែលទាក់ទង ទៅនឹង​ការប្រើ​ប្រាស់ ថ្នាំជក់ ហើយភាគច្រើន​នៃ​អ្នកស្លាប់ទាំងនោះស្ថិតក្នុងវ័យ​កំពុងពេញកម្លាំងពលកម្ម។ ម្យ៉ាងវិញ​ទៀតទឹក​ប្រាក់ជិត ​១០០​លាន​ដុល្លារ​ ត្រូវបានប្រើសម្រាប់ទិញបារីជក់​ក្នុង១ឆ្នាំៗ នៅ​ប្រទេស​កម្ពុជា។​

ឯក​ឧត្តមបន្តថា ព្រះរាជាណាចក្រកម្ពុជា​ បានចូលជា​សមាជិក​រដ្ឋ​ភាគីនៃអនុសញ្ញា​ស្ដីពី​ការត្រួត​ពិនិត្យ ​ថ្នាំជក់​របស់អង្គការសុខភាព ពិភពលោក នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០០៥​ ហើយអនុ​សញ្ញានេះ បង្កើតឡើង​ដើម្បីការពារមនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់​ក្រោយ​ពីមហន្តរាយសុខភាព បរិស្ថាន និង​សេដ្ឋកិច្ច ​ដែល​បង្ក​ដោយការប្រើប្រាស់​ថ្នាំជក់ ​ដូច្នេះហើយ​ទើបរាជរដ្ឋាភិបាល​បាន​សម្រេច​ រៀបចំសេចក្តី​ព្រាងច្បាប់​ស្តីពីការត្រួតពិនិត្យ​ផលិត​ផល​ថ្នាំជក់ នេះឡើង ក្នុងគោលបំណង​កំណត់វិធាន​ការ ​ដើម្បីត្រួត​ពិនិត្យ​​​​ផលិតផល​ថ្នាំ​ជក់  និង​កាត់បន្ថយផលប៉ះពាល់នានា។ ​សេចក្តីព្រាង​ច្បាប់​នេះមាន​១៣ជំពូក រួមមាន​៤៩មាត្រា។

លោក ​មុំ​ គង់ នាយកប្រតិបត្តិ​អង្គការសម្ព័ន្ធដើម្បី​សុខភាពកម្ពុជា បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ថ្មីនេះ​ពិតជារួមចំណែក​យ៉ាង​សំខាន់ ​ក្នុងការ​កាត់បន្ថយហានិភ័យសុខភាព​បង្កដោយថ្នាំ​ជក់រឺបារី។ លោកបន្តថា​យុវជនកម្ពុជា៩៩ភាគរយ សំណូម​ពរឲ្យរាជរដ្ឋាភិបាលកម្ពុជាមានច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​ថ្នាំជក់​អោយបានឆាប់រហ័ស ហើយ៨៦​ភាគរយ នៃយុវជនកម្ពុជា សូមអោយមានការ​តំឡើង​ពន្ធ​លើផលិផលថ្នាំជក់ ដែលជាការជួយបង្កើន​ចំណូល​ពន្ធរដ្ឋផង និងជួយអ្នកជក់អោយផ្តាច់បារី​ផងដែរ។

លោក​ មុំ​ គង់ ​ក៏បានថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះឯកឧត្តមបណ្ឌិតរដ្ឋ​ ដែលបាន​ចំណាយ​​​ពេល​វេលា ជួបពិភាក្សាជាមួយលោកនាពេលនេះ ហើយ លោក ក៏បានសំណូមពរ​ ឯកឧត្តម​បណ្ឌិតរដ្ឋ ជួយ​ជំរុញ​ច្បាប់នេះដាក់ចូលសម័យប្រជុំសភាពេញអង្គ​អោយបានឆាប់ នាពេល​ខាងមុខនេះផងដែរ៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន