នៅព្រឹកថៃ្ងទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅវិមានរដ្ឋសភាគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការ និងសមាជិក សមាជិកា នៃគណៈកម្មការ ជំនាញផ្សេងៗទៀត នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រី្តប្រតិភូអមនាយករដ្ឋមន្រី្ត និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (CDC)លើវិស័យពាក់ព័ន្ធនានា ក្រោមការគ្រប់គ្រងរបស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
ឯកឧត្តម សុខ ចិន្តាសោភា បានមានប្រសាសន៍ជម្រាបជូនកិច្ចប្រជុំថា ក្នុងឆ្នាំ២០១៤ កម្ពុជាទទួលបានការវិនិយោគចំនួន ៤ ពាន់លាន ដុល្លារ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣ គឺមានទំហំទឹកប្រាក់ប្រហាក់ប្រហែលគ្នា ។ ឯកឧត្តម បានបន្តថា ទឹកប្រាក់វិនិយោគទាំង ៤ ពាន់លានដុល្លារនេះ វិនិយោគគិន បានធ្វើការវិនិយោគទៅលើវិស័យសំណង់ វិស័យកាត់ដេរសម្លៀកបំពាក់ និងក្នុងវិស័យផ្សេងៗ មួយចំនួនទៀត។ ហើយចំពោះអ្នកវិនិយោគវិញ មានកម្ពុជា ចិន ម៉ាឡេស៊ី និងជប៉ុន ។
ទាក់ទិនទៅនឹងការ សុំដំឡើងប្រាក់ឈ្នួលរបស់កម្មករ តាមបណ្តារោងចក្រ និងសហគ្រាសនានានោះ ឯកឧត្តម បានបញ្ជាក់ថា មានផលប៉ះពាល់ ទៅដល់អ្នកវិនិយោគក្រៅប្រទេស ព្រោះថា វិនិយោគគិនទាំងនោះ គេបានសិក្សាពីតម្លៃភ្លើង ប្រាក់ខែកម្មករ និងសេវាផ្សេងៗ ឃើញថាចំណាយ អស់ច្រើនដែលនាំឲ្យគេមានការរារែកចិត្ត។
ឯកឧត្ដម សុខ ចិន្តាសោភា បានបន្តថា វិស័យឧស្សាហកម្មនៅកម្ពុជា ចាប់ផ្តើមមានការប្រែប្រួលនៅក្នុង ឆ្នាំ២០០៦ ដោយហេតុថា មូលដ្ឋាន សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានភាពចង្អៀត និងបានឈរលើវិស័យពីរធំៗ គឺវិស័យកាត់ដេរ និងវិស័យទេសចរណ៍ បន្ទាប់មក មានវិស័យសំណង់ និងវិស័យកសិកម្មជាដើម ដែលស្របទៅតាមយុទ្ធសាស្រ្តចតុកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណតិ្តទី៥ នៃរដ្ឋសភា ។
ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការទី៣នៃរដ្ឋសភាបានមានប្រសាសន៍ កោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា(CDC)ដែលបានខិតខំទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងជំរុញការវិនិយោគក្នុងស្រុក ដើម្បីបង្កើនល្បឿន នៃការអភិវឌ្ឍន៍ ដោយបានធើ្វអោយសេដ្ឋកិច្ចកម្ពុជាមានការរីកចំរើនឥតឈប់ឈរពីមួយថៃ្ងទៅមួយថៃ្ង ហើយប្រជាពលរដ្ឋមានការងារធើ្វ កាន់តែច្រើន និងកាត់បន្ថយ ការធើ្វចំណាកស្រុកទៅក្រៅប្រទេស៕