តបតាមការអញ្ជើញ របស់ គណៈកម្មការកិច្ចការបរទេសរដ្ឋសភា នៃសាធារណៈរដ្ឋប្រជាមានិតចិន គណៈប្រតិភូគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងជាមិត្តភាព នៅ សាធារណៈរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៥។
នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ និងជាមិត្តភាព នៅសាធារណៈរដ្ឋប្រជាមានិតចិន គណៈប្រតិភូរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈាង វុន បានជួបសំដែងការគួសម និងធ្វើសវនាការជាមួយ ឯកឧត្តម វ៉ាង ស៊ាវជូ ( Wang Xiaochu ) អនុប្រធានគណៈកម្មការកិច្ចការ បរទេស នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស។ នៅក្នុងជំនួបសំដែងការគួសម និងធ្វើសវនាការ នោះ ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ ថា៖ នេះជាដំណើរទស្សនកិច្ចលើកទី២ របស់ឯកឧត្តម មកកាន់សាធារណៈរដ្ឋប្រជាមានិតចិន ដែលលើកទី១ បានធ្វើឡើងនៅក្នុងឆ្នាំ ២០០៩ និងនា ពេលនេះ គឺជាអណត្តិថ្មី នៃរដ្ឋសភាកម្ពុជា បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣ នាពេលកន្លងទៅ ហើយគណបក្ស ដែលជាប់ឆ្នោតមានពីរគណបក្ស គឺគណបក្សប្រជាជន កម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្ន កំពុងធ្វើការជាមួយគ្នា។ ឯកឧត្តម បានបន្តថា គោលបំណង នៃដំណើរ ទស្សនកិច្ចនេះ គឺដើម្បីពង្រឹង ចំណងមិត្តភាព សាមគី្គភាព និងកិច្ចសហប្រតិបត្តិការ ដែលមានតាំងពីយូរលង់ នៃថ្នាក់ដឹកនាំជំនាន់មុន បានបន្សល់ទុកឲ្យ ហើយថ្នាក់ដឹកនាំជំនាន់ក្រោយ បានបន្តពង្រឹងចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនេះជាបន្តទៀត ដើម្បីឲ្យទំនាក់ទំនងនេះបានល្អ និងក្លាយជា យុទ្ធសាស្រ្ត គ្រប់ជ្រុង ជ្រោយ ក្នុងការកសាង អភិវឌ្ឍន៍ ប្រទេសជាតិ។ ទន្ទឹមនឹងនោះទំនាក់ទំនងនេះត្រូវ បានពង្រឹងដោយ រដ្ឋាភិបាល និងរដ្ឋសភានៃប្រទេសទាំងពីរ ហើយនៅក្នុងឆ្នាំ ២០១០ នាពេលកន្លងទៅ ឯកឧត្តម វូ ប៉ាងហ្គួ ប្រធានសភាតំណាង ប្រជាជនចិន ទូទាំងប្រទេស ធ្លាប់បានមកបំពេញទស្សនកិច្ច ផ្លូវការ និងជាមិត្តភាពទៅកាន់ ព្រះរាជាណាចក្រកម្ពុជាដែរ ហើយឯកឧត្តមបានគូសបញ្ជាក់ពីចំណង មិត្តភាព ល្អយូរអង្វែង រវាងប្រទេសទាំងពីរកម្ពុជា-ចិន។
ម្យ៉ាងវិញទៀត ការរីកលូតលាស់សេដ្ឋកិច្ច របស់ប្រទេសចិន គឺជាផលវិជ្ជមានមួយដល់បណ្តាប្រទេសក្នុងតំបន់ ជាពិសេសបណ្តាប្រទេសអាស៊ាន ត្រូវការ ប្រទេសចិន ជួយជ្រោមជ្រែង ក្នុងនោះប្រទេសកម្ពុជា ក៏ត្រូវការប្រទេសមហាមិត្តចិនជួយ ជ្រោមជ្រែងក្នុងការ កសាងអភិវឌ្ឍន៍សេដ្ឋកិច្ចដែរ។ ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា មានគោលជំហរច្បាស់លាស់ ទាំងរាជរដ្ឋាភិបាល និងរដ្ឋសភាបានចាត់ទុក បញ្ហាតៃវ៉ាន់ ជាផ្នែកមួយរបស់ប្រទេសចិន និងបញ្ហាឈូងសមុទ្រចិនខាងត្បូង ភាគីកម្ពុជាគាំទ្រការ ដោះស្រាយដោយសន្តិវិធី ជាមួយបណ្តាប្រទេសពាក់ព័ន្ធ។ ដោយ ឡែកលើការងារអន្តរជាតិភាគីកម្ពុជា តែងតែគាំទ្រភាគីចិន នៅលើ គ្រប់វេទិការអន្តរជាតិ ក្នុងកិច្ចប្រជុំធំៗដូចជា វេទិការ AIPA IPU APF APA ។ល។
ឯកឧត្តម ឈាង វុន ក៏បានសំនូមពរផងដែរដល់ ឯកឧត្តមអនុប្រធាន គណៈកម្មការកិច្ចការ បរទេសនៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស ឲ្យជួយសង់អគារធ្វើការមួយខ្នង និងជួយផ្តល់ ជាជំនួយរថយន្ត០៦គ្រឿង បន្ថែមទៀតដល់រដ្ឋសភាកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម វ៉ាង ស៊ាវជូ បានសំដែងនូវសេចក្តីសោមនស្សរីករាយ និងសំដែងការ ស្វាគមន៍នូវដំណើរទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាព របស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មកកាន់សាធារណៈរដ្ឋប្រជាមានិតចិន។ ហើយប្រទេសចិន ក៏សូមថ្លៃងអំណរគុណដល់ភាគីកម្ពុជា ដែលបានគាំទ្រលើបញ្ហា តៃវ៉ាន់ និងឈូងសមុទ្រចិនខាងត្បូង។ ហើយប្រទេសចិនបច្ចុប្បន្ន ក្រោមការដឹករបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីសាធារណៈរដ្ឋប្រជាមានិតចិន កំពុងធ្វើកំណែទម្រង់ស៊ីជម្រៅ លើការកសាងអភិវឌ្ឍន៍ ជា ពិសេសយកចិត្តទុកដាក់ លើផ្លូវសេដ្ឋកិច្ចសមុទ្រ ដែលគ្រោងចំណាយថវិកា ៤០ពាន់លានដុល្លារ ក្នុងនោះនៅក្នុងតំបន់អាស៊ាន ២០ពាន់លានដុល្លារ ដែល១០ពាន់លានដុល្លារជាកម្ចីឥតយកការប្រាក់ និង១០ពាន់លានដុល្លារ ទៀតជាកម្ចីដែលយកការប្រាក់ទាប ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ផ្លូវសមុទ្រឲ្យមានការ អភិវឌ្ឍន៍ឡើង។
ដោយឡែកការស្នើសុំសាងអគារមួយខ្នង របស់រដ្ឋសភា និងស្នើរថយន្តចំនួន០៦គ្រឿង ឯកឧត្តមនឹងជម្រាបជូនស្ថាប័នពាក់ព័ន្ធ និងធ្វើការឆ្លើយតបនៅពេលក្រោយ។ នៅក្នុងកិច្ចសវនាការនោះដែរ គណៈប្រតិភូបានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អនុប្រធាន រដ្ឋសភា តំណាង ប្រជាជនចិន ទូទាំងប្រទេស ឯកឧត្តម លូ ហ្សេនមីន ( LIU ZHENMIN ) អនុរដ្ឋមន្រ្តី ក្រសួងការបរទេសសាធារណៈរដ្ឋប្រជាមានិតចិន ដោយ ឯកឧត្តម ឈាង វុន បានស្នើសុំឲ្យភាគីចិន ជួយភាគីកម្ពុជា លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្នែកសេដ្ឋកិច្ចលើផ្លូវសមុទ្រ ដោយសារភាគីកម្ពុជា ជាប្រទេសក្នុងអាស៊ាន ដែលទើបកកើតថ្មីៗ ការកសាងអភិវឌ្ឍន៍ប្រទេសនៅមានលក្ខណៈខ្វះខាត ដូច្នេះដើម្បីទាន់បណ្តាប្រទេសអាស៊ានដទៃទៀត សូមឲ្យភាគីចិន ជួយជ្រោមជ្រែងជួយដល់ភាគីកម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចលើផ្លូវសមុទ្រ។
នៅក្នុងដំណើរទស្សនកិច្ចនោះដែរ ឯកឧត្តម ឈាង វុន បានជួប សំដែងការគួរសម និងធ្វើសវនាការ ជាមួយ ឯកឧត្តម ស៊ាវ ហ៊ុយណាន ( Xiao Huaiynan) សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ ទីក្រុងធានជីង ដោយទីក្រុងនេះជាទីក្រុងប្រវត្តិសាស្រ្ត របស់សាធារណៈរដ្ឋ ប្រជាមានិតចិន មានការអភិវឌ្ឍន៍ ជឿនលឿន លើវិស័យឧស្សាហកម្ម និងកសិកម្ម។ ទីក្រុងនេះក៏មាន វិទ្យាល័យល្អផ្តល់អាហារូបករណ៍ ដល់និសិ្សតបរទេសជាច្រើន។ ឯកឧត្តម ឈាង វុន ក៏បានស្នើសុំ ឯកឧត្តម ស៊ាវ ហ៊ុយណាន ជួយផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា លើផ្នែកអាកាសចរណ៍ និងកសិកម្ម។ នៅក្នុងដំណើរ ទស្សនកិច្ចនេះ គណៈប្រតិភូរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈាង វុន បានអញ្ជើញទៅ ទស្សនាទីកន្លែង Forbidden city និងវិទ្យាស្ថានបច្ចេកវិទ្យា កសិកម្ម និងសារមន្ទីរ នៅ ទីក្រុងប៉េកាំង និង ទីក្រុងធានជីង ផងដែរ៕