នៅសាលាខេត្ត បាត់ដំបងថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៥ គណៈប្រតិភូរដ្ឋសភាដឹកនាំដោយ លោកជំទាវនិន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូនទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ព្រមទាំង សមាជិក សមាជិការគណៈកម្មការ បានជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ដោយ មានការចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នជំនាញនានាជុំវិញខេត្ត។
កិច្ចប្រជុំពិភាក្សាការងារ ដែលប្រារព្ធធ្វើឡើងនៅក្នុងសាលាខេត្តបាត់ដំបងដើម្បីស្វែងយល់ពីសកម្មភាពការងារ សមិទ្ធផលនានារបស់ ខេត្តដែលសម្រេចបាន និងទិសដៅអនុវត្តបន្ត។
សូមបញ្ជាក់ថា ជំនួបពិភាក្សាក្នុងឱកាសនេះ ជាផ្នែកមួយនៃដំណើរបេសកកម្ម របស់គណៈកម្មការជំនាញ រដ្ឋសភា នៅក្នុងខេត្ត បាត់ដំបង និងខេត្ត បន្ទាយមានជ័យ។ នៅថ្ងៃទី១៩ មករា ដដែលនោះ ក្រោយពីបានជួបពិភាក្សាការងារជាមួយ អាជ្ញាធរខេត្ត បាត់ដំបង ហើយ គណៈប្រតិភូ រដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន បានអញ្ជើញចុះ ទស្សនាការស្ថាបនា ផ្លូវចាក់កៅស៊ូ ដែលតភ្ជាប់ពី ផ្លូវជាតិលេខ៥ ចូលក្នុងផ្សារសឿ ស្ថិតក្នុងឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលមានប្រវែង ៣៣គីឡូម៉ែត ជាគម្រោងស្ថាបនា របស់ក្រសួង សាធារណការ និងដឹកជញ្ជូន និង បានចុះពិនិត្យជាក់ស្តែង ទីតាំងក្រុមហ៊ុន ភូយ៉ាងរបស់ចិន ដែលកំពុងធ្វើអាជីវកម្ម រុករករ៉ែមាស ស្ថិតនៅក្នុង ស្រុកភ្នំព្រឹកខេត្តបាត់ដំបងផងដែរ៕