បន្ទាប់ពីមាន បាតុភាពនៃការឆ្លងមេរោគ អេដស៍ នៅឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង លោកជំទាវ កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និង កិច្ចការនារី នៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម ប៉ាល់ សំអឿន អនុប្រធាន គណៈកម្មការ និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា បានអញ្ជើញ ចុះបំពេញ បេសកកម្ម នៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២០ ដល់ ២៣ ខែធ្នូ ឆ្នាំ២០១៤ ។
ក្នុងដំណើរចុះ ជួបសំណេះសំណាល សាកសួរសុខទុក្ខ ប្រជាពលរដ្ឋ នារសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ នៅតំបន់ ដែលមានប្រជាពលរដ្ឋ កំពុង មានការភ្ញាក់ផ្អើល អំពីការឆ្លងមេរោគ អេដស៍ លោកជំទាវ កែ សុវណ្ណរតន៍ ប្រធានគណៈប្រតិភូ គណៈកម្មការទី៨ នៃរដ្ឋសភា បានមានប្រសាសន៍ អំពាវនាវដល់ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិរការ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលកំពុង ឆ្លងមេរោគ អេដស៍ សូមកុំមានការព្រួយបារម្ភ តក់ស្លុត ព្រោះគ្មានការរើសអើងទេ ម៉្យាងទៀត រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ក៏កំពុង យកចិត្តទុកដាក់ ផ្តល់ថ្នាំ និងសេវាព្យាបាលជូន ហើយមន្រ្តីជំនាញ ក៏កំពុងខិតខំស្រាវជ្រាវ រកអោយឃើញ ពីមូលហេតុ ពិតប្រាកដ នៃបញ្ហា ដែលបានកើតឡើងដែរ។
បន្ទាប់មកនៅ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ គណៈប្រតិភូ គណៈកម្មការទី៨ នៃរដ្ឋសភា បានជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយ យោធិនពិការ មកពីឃុំកំពង់ល្ពៅ និង ឃុំតាសាយ ស្រុកសំឡូត ខេត្តបាត់ដំបង។ ហើយនៅព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០ ១៤ ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ក៏បាន ជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ប៊ុត គីមស៊ាន អភិបាលរង ខេត្តបាត់ដំបង និង អាជ្ញាធរពាក់ព័ន្ធ នៅសាលាខេត្តបាត់ដំបងផងដែរ។