នៅព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ រដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា បានបន្តសម័យប្រជុំ រដ្ឋសភា លើកទី៣ នីតិកាលទី៥ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័ត សេចក្តីស្នើវិសោធនកម្ម ជំពូកទី១២ ប្រការ៤៨ថ្មី (ពីរ) នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៃ ព្រះរាជាណាចក្រ កម្ពុជា។
សេចក្តីស្នើវិសោធនកម្ម ជំពូកទី១២ ប្រការ៤៨ថ្មី (ពីរ) នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភានេះ ត្រូវបាន ស្នើឡើងដោយតំណាងរាស្ត្រ ជាហត្ថលេខី ចំនួន ៨២រូប ដែលមាន ឯកឧត្តមបណ្ឌិត ប៉ែនបញ្ញា ជាតំណាង តំណាងរាស្ត្រហត្ថលេខី នៃគណបក្ស ប្រជាជនកម្ពុជា និង ឯកឧត្តម អេង ឆៃអ៊ាងជាតំណាង តំណាងរាស្ត្រហត្ថលេខី នៃគណបក្ស សង្គ្រោះជាតិ នឹងត្រូវបានអនុម័ត ដោយរដ្ឋសភា នាថ្ងៃនេះ ដោយចំនួន ១០២សម្លេង នៃចំនួន សមាជិក សភាទាំងមូល។
យោងតាមយោបល់របស់ គណៈកម្មការ នីតិកម្ម និង យុត្តិធម៌ នៃរដ្ឋសភា បានឲ្យដឹងថា សេចក្តីស្នើ វិសោធនកម្ម ជំពូកទី១២ ប្រការ៤៨ថ្មី (ពីរ) នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា ធ្វើឡើងស្របតាមបរិបទ នៃការវិវត្តរីកចម្រើនរបស់សង្គម និងសំណូមពរនៃភារកិច្ច ចំពោះមុខ អនុលោមតាម គោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ សំដៅបង្ករលក្ខណៈឲ្យ រដ្ឋសភា បំពេញតួនាទីរបស់ខ្លួន កាន់តែល្អ ឆ្លើយតបទៅនឹង ទំហំការងារ នាពេលបច្ចុប្បន្ន និងដើម្បី ពង្រឹងវប្បធម៌ នៃការសន្ទនា ចាំបាច់ត្រូវធ្វើវិសោធនកម្មជំពូកទី១២ ប្រការ៤៨ថ្មី (ពីរ) នៃបទបញ្ជា ផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
ខ្លឹមសារសំខាន់ក្នុងបទបញ្ជាផ្ទៃក្នុង ដែលត្រូវបានស្នើធ្វើវិសោធនកម្មនេះ គឺតម្រូវឲ្យប្រធានក្រុមតំណាងរាស្ត្រ នៃគណបក្សនយោបាយ ក្រៅរដ្ឋាភិបាល ដែលមានអសនៈក្នុងរដ្ឋសភា ចាប់ពី២៥ភាគរយឡើងទៅ មានឈ្មោះហៅថា ប្រធានក្រុមមតិភាគតិច នៅរដ្ឋសភា។ ប្រធានក្រុមមតិភាគតិច ជាគូរសន្ទនាជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ទាក់ទងទៅនឹងបញ្ហាប្រទេសជាតិ។ ប្រធាន ក្រុមមតិភាគតិច មានឋានៈស្មើនាយករដ្ឋមន្ត្រី។