គណៈប្រតិភូ គណៈកម្មការ សិទ្ធិមនុស្ស ទទួល ពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម អេង ឆៃអ៊ាង ប្រធានគណៈកម្មការ បានអញ្ជើញចុះបំពេញបេសកកម្ម នៅខេត្តព្រះវិហារ ចាប់ពី ថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០១៤ ក្នុងគោលបំណងពិនិត្យ អង្កេត ស្រាវជ្រាវពីរករណី ទំនាស់ដីធ្លី និងជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ ព្រមទាំងជួបពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។
បន្ទាប់ពីបានទទួល ពាក្យបណ្តឹង ជាបន្តបន្ទាប់ ពីប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន នឹងសហគមន៍ជា ច្រើនរួចមក គណៈប្រតិភូ គណៈកម្មការទី១ នៃរដ្ឋសភា បានអញ្ជើញចុះ ទៅតាមតំបន់ ដែលមាន វិវាទដីធ្លី នៅតាមឃុំស្រុកនានា ក្នុងខេត្តព្រះវិហា ដើម្បីធ្វើការស្រាវជ្រាវ ប្រមូលព័ត៌មានបន្ថែម ពីប្រជាពលរដ្ឋ ដែលជួបវិវាទដីធ្លី ការរុះរើផ្ទះសម្បែង បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ សែ្រ ចំការ ថាតើមានការដោះដូរ សមស្របដែរឬទេ ហើយទទួលបាន ការដោះស្រាយ តាម គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាឬអត់។
ក្នុងឱកាសនោះ គណៈប្រតិភូ គណៈកម្មការទី១ នៃរដ្ឋសភា ក៏បានជួបជាមួយ តំណាងប្រជាពលរដ្ឋ នៅតាមតំបន់វិវាទនីមួយៗ រាយការណ៍ បង្ហាញពីទុក្ខលំបាកវេទនា និងការខ្វះខាត ដីបង្កបង្កើនផល និងដីលំនៅដ្ឋាន ដែលត្រូវក្រុមហ៊ុនចិន ឈ្មោះហេង យូ និងកុ្រមហ៊ុន ចិន រយហ្វេង ព្រមទាំងអាជ្ញាធរប្រាសាទព្រះវិហារធ្វើការដកហូតយក ដែលដីទាំងអស់នេះ ប្រជាពលរដ្ឋរស់នៅ តាំងពីឆ្នាំ១៩៩៨ និងមានអ្នកខ្លះមានស្រុកកំណើតនៅទីនេះ តែម្តងដោយបានបន្តរស់នៅ រហូតដល់ពេលបច្ចុប្បន្ន។ តំណាងប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមមូលដ្ឋានមានវិវាទដីធ្លី បានស្នើសុំឲ្យរាជរដ្ឋាភិបាល ជួយដោះស្រាយ ទៅតាមការស្នើសុំរបស់ពួកគាត់ និងតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេស សូមឲ្យចេញប្លង់កម្មសិទ្ធិ កាន់កាប់ដីលំនៅដ្ឋាន ស្រែ ចំការជូនប្រជាពលរដ្ឋ នៅទីនោះតែម្ដង។
ក្រោយពីបានជួបប្រជាពលរដ្ឋរួចមក គណៈប្រតិភូគណៈកម្មការទី១នៃរដ្ឋសភា ក៏បានជួបពិភាក្សាការងារបន្ថែមទៀត ជាមួយអាជ្ញាធរខេត្ត ដឹកនាំដោយ ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដើម្បីស្នើសុំឲ្យអាជ្ញាធរខេត្តជួយរកដំណោះស្រាយ និងធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋឲ្យបានឆាប់ថែមទៀត។
ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ឲ្យដឹងថា អាជ្ញាធរខេត្តបានបង្កើត ក្រុមការងារចុះទៅជួយ ប្រជាពលរដ្ឋលើបញ្ហាទំនាស់ដីធ្លី ទាំងនេះជាច្រើនលើកច្រើនសារ និងទទួលបានជោគជ័យ ជាបន្តបន្ទាប់ ដោយកន្លែងមួយចំនួន ត្រូវបានក្រុមហ៊ុនឃ្វាលដី ជាលក្ខណៈស្បែកខ្លា ជូនប្រជាពលរដ្ឋ និងកន្លែងខ្លះបានធ្វើការដោះដូរ ដីជូន ដោយចេញប្លង់កម្មសិទ្ធិ រួចរាល់ផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា អាជ្ញាធរខេត្ត បានខិតខំរិះរក វិធីសាស្រ្តល្អៗ ដើម្បីដោះស្រាយជូន ប្រជាពលរដ្ឋម្តងមួយជំហានៗ លើបញ្ហាទំនាស់ដីធ្លីនេះ។ ចំពោះករណីដី ត្រូវអភិរក្សជុំវិញប្រាសាទព្រះវិហារ អាជ្ញាធរបាន ធ្វើការដោះដូរជូន ប្រជាពលរដ្ឋរួចរាល់ដោយជូនថវិការ សម្ភារៈធ្វើផ្ទះមួយចំនួន និងប្រគល់ដីលំនៅដ្ឋាន និងដី សម្រាប់បង្កបង្កើនផល ជូនរួចរាល់ហើយដែរ។
ឯកឧត្តម អេង ឆៃអ៊ាង ប្រធានគណៈប្រតិភូ បានមានប្រសាសន៍ ថ្លែងអំណរគុណ និងកោតសរសើរ ដល់អាជ្ញាធរខេត្ត គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ បំពេញតួនាទីបំរើប្រជាពលរដ្ឋ ព្រមទាំងស្នើសុំឲ្យខេត្តជួយពិនិត្យ ស្រាវជ្រាវឡើងវិញ និងរកវិធីសាស្រ្តថ្មីៗ បន្ថែមទៀត ដើម្បីដោះស្រាយ វិបត្តិដីធ្លី ដែលនៅសេសសល់ឲ្យបានលឿន និងសូមឲ្យរួមសហការជាមួយ អង្គការសង្គមស៊ីវិលជាដៃគូរសម្រាប់ជួយ និងចៀសវាងការចោទប្រកាន់ផ្សេងៗ ពីប្រជាពលរដ្ឋ។
លោកជំទាវ ឡោក ខេង សមាជិកគណៈប្រតិភូ បានមានប្រសាសន៍ដែរថា គណៈប្រតិភូរដ្ឋសភា ចុះមកដើម្បីស្វែងរក ព័ត៌មានពិតប្រាកដជាក់ស្តែង និងជួយសម្របសម្រួល ដល់អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ ព្រមទាំងក្រុមហ៊ុន ធ្វើការចូលរួមរកវិធីដោះស្រាយ លើបញ្ហាវិវាទដីធ្លី នេះឲ្យបានឆាប់ និងចៀសវាង ការប្រើអំពើហិង្សាដាក់គ្នា។ លោកជំទាវ ក៏បានស្នើសុំឲ្យអាជ្ញាធរខេត្ត ធ្វើការពន្យល់ បង្ហាញឲ្យបានច្បាស់ជូន ប្រជាពលរដ្ឋអំពីគោលនយោបាយ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល គោលនយោបាយ អភិរក្សតំបន់ប្រាសាទ សម្រាប់ធ្វើទេសចរណ៍ និងដោះដូរជាមួយប្រជាពលរដ្ឋ ឲ្យមានភាពយុត្តិធម៌ សមធម៌ អាចទទួល យកបាន ។