សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកស្រី អាន មីល្ស ហ្គ្រីហ្វីត ( Ann Mills Griffith ) ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធភាពជាតិ ក្រុមគ្រួសារយុទ្ធ ជនឈ្លើយសឹក និងបាត់ខ្លួន សហរដ្ឋអាមេរិក នាសម័យសង្គ្រាម នៅតំបន់អាស៊ីអាគ្នេយ៍ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា។
លោកស្រី អាន មីល្ស ហ្គី្រហ្វីត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចប្រធាន រដ្ឋសភា ដែលបានចំណាយពេល វេលាដ៍មានតម្លៃ ទទួលជួបគណៈប្រតិភូលោកស្រី។ លោក ស្រីប្រធានគណៈប្រតិភូ បានជម្រាបជូនសម្តេចថា សម្ព័ន្ធភាពជាតិក្រុមគ្រួសារយុទ្ធជនឈ្លើយសឹក និងបាត់ខ្លួនរបស់សហរដ្ឋអាមេរិក មានបេសកកម្មមនុស្សធម៌និងជាការលើកទឹកចិត្ត ទៅដល់ក្រុមគ្រួសារទាហាន របស់សហរដ្ឋអាម៉េរិកដែលបានស្លាប់ក្នុងសម័យសង្គ្រាម ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទូទាំងសកលលោក។
លោកស្រី អាន មីល្ស ហ្គី្រហ្វីត បានគួសបញ្ជាក់ថាដំណើរទស្សនកិច្ច របស់គណៈប្រតិភូលោកស្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា គឺស្វែងរកកិច្ច សហការបន្តជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បី ស្វែងបន្តស្វែងរកអដ្ឋិធាតុទាហានសហរដ្ឋអាមេរិកដែលបាត់ បង់ជីវិតនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យសង្រ្គាម។ លោកស្រីប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះរដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទំាងប្រជាពលរដ្ឋកម្ពុជា ដែលបានសហការល្អ ជាមួយភាគីអាមេរិក ក្នុងការស្វែងរកអដ្ឋិធាតុ ទាហានអាមេរិក នាពេលកន្លងមក។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងនាមរដ្ឋសភា សម្តេច បានស្វាគមន៍ចំពោះបេសកកម្មរបស់ សម្ព័ន្ធភាពជាតិក្រុមគ្រួសារ យុទ្ធជនឈ្លើយសឹក និងបាត់ខ្លួនសហរដ្ឋអាមេរិក និងបានជូនពរឲ្យបេសកកម្មរបស់ សម្ព័ន្ធនេះទទួលបានជោគជ័យ៕