ដោយបានការអនុញ្ញាតពី សម្តេច អគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹក ថ្ងៃទី២០ខែមករា ឆ្នាំ២០១៥ គណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម អេង ឆៃអ៊ាង ប្រធាន គណៈកម្មការ បានអញ្ជើញចុះបំពេញបេសកកម្មការងារនៅ ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដើម្បីសិក្សាស្វែងយល់ពី បញ្ហាដីធ្លី។
ឯកឧត្តម អេង ឆៃអ៊ាង បានមានប្រសាសន៍បញ្ជាក់ថា បេសកកម្មរបស់គណៈកម្មការជំនាញ រដ្ឋសភានៅក្នុងខេត្ត ទំាងពីរខាងលើនេះ ក្នុងគោលបំណង ពិនិត្យ អង្កេត ស្រាវជ្រាវពី ករណីទំនាស់ដីធ្លី តាមពាក្សបណ្តឹង ប្រជាពលរដ្ឋ ដាក់ជូនគណៈកម្មការជំនាញរដ្ឋសភា។
ក្នុងបេសកកម្មនេះ គណៈប្រតិភូរដ្ឋសភា បានចុះទៅជួបប្រជាពលរដ្ឋនៅក្នុងឃុំត្រមួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវិនិយោគចំការកៅស៊ូCO.LTD។ ករណីទំនាស់ដីធ្លីនៅក្នុងភូមិត្រពាំងស្រែ និងភូមិត្រពាំងស្បែកខាងកើត ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ករណីទំនាស់ដីធ្លីនៅភូមិប៉ោដើមស្វាយ ភូមិប៉ោដើមចេក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ករណីទំនាស់ដីធ្លីនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ករណីទំនាស់ដីធ្លីនៅក្នុងភូមិជ្រោយអំពិល១ ឃុំចំបក់ ភូមិកំពង់គរ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងករណីទំនាស់ដីធ្លីនៅក្នុងឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនយូប៊ីអ៊ី ឌីវេលុបមេន ក្រុមហ៊ុនដាយណាម ក្រុមហ៊ុនកាសូទឹម និងក្រុមហ៊ុនដួងទៀងក្រចេះ រ៉ាប់ប៊ើរ ឌីវេទ្បុបមេន លីមីធីត ៕