រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាកម្ពុជាឡាវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ ទំាងទ្វេភាគី និងនៅលើវេទិកាសភាអន្តរជាតិ
រដ្ឋសភាកម្ពុជាឡាវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ ទំាងទ្វេភាគី និងនៅលើវេទិកាសភាអន្តរជាតិ
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (11/24/2022 7:26:45 PM )

បន្ទាប់ពីបានអញ្ជើញចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរួចមក ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបន្តដឹកនាំគណៈ- ប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា

សម្តេចអគ្គមមហាពញាចក្រី ហេង សំរិន បានរៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូន ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន និង គណៈប្រតិភូ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា បន្ទាប់មកប្រធានរដ្ឋសភាទំាងពីរបានជួបពិភាក្សាការងារទ្វេភាគី ក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងរដ្ឋសភា រដ្ឋាភិបាល និងប្រជាពលរដ្ឋប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។

ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៅក្នុងការរៀបចំកិច្ចកំពូលអាស៊ាន លើកទី៤០ និង៤១ ព្រមទំាងកិច្ចប្រជុំពាក់ព័ន្ធ និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់រៀបចំ ដែលធ្វើឱ្យកិត្យានុភាពរបស់កម្ពុជា កាន់តែរន្ទឺឡើងនៅលើឆាកអន្តរជាតិ។ ឯកឧត្តមប្រធានរដ្ឋសភា ថែមទំាំងបានបញ្ជាក់ថា ជោគជ័យ របស់កម្ពុជានាពេលនេះ ជាមេរៀននិងបទពិសោធន៍សំខាន់មួយ សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអាយប៉ា លើកទី៤៥ របស់ប្រទេសឡាវ នៅក្នុងឆ្នាំ២០២៤ខាងមុខ។

ប្រធានរដ្ឋសភាប្រទេសទំាងពីរ បានគំាទ្រចំពោះ វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបានឈាន ដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ដោយបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានសន្យាថា នឹងខិតខំជំរុញ កិច្ចសហប្រតិបត្តិការ រវាងរដ្ឋ និងប្រជាជនប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ និងសកម្មឡើងទៀតនៅលើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភា ចូលរួមកិច្ចប្រជុំកំពូល រវាងប្រធានរដ្ឋសភាឡាវ តំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ដែលរដ្ឋសភាឡាវនឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយក ការគោរពអញ្ជើញ របស់ឯកឧត្តមប្រធានរដ្ឋសភានេះ។ សម្តេចមានសេចក្តី សោមនស្សរីករាយជាខ្លំាងដែល ឯកឧត្តមប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់ បានមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅ ព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចចាត់ទុកការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ឡាវ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នឹងរួមចំណែកបន្ថែមទៀត ដល់ការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមាន ជាង៦០ឆ្នាំមកនេះ កាន់តែរឹងមាំទ្វេដងថែមទៀត។

នៅក្នុងជំនួបទ្វេភាគីនេះ ប្រធានរដ្ឋសភាប្រទេសទំាងពីរ បានផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក លើស្ថានការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ពិសេសអំពីរដ្ឋសភាទំាងពីរទៅវិញទៅមក។ បន្ទាប់មក សម្តេចប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តមប្រធានរដ្ឋសភាឡាវ បាន អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាងរដ្ឋសភាប្រទេសទំាងពីរ និងបានអញ្ជើញជាអធិបតីភាពក្នុងការចុះហត្ថ- លេខាលើអនុស្សរណៈយោគយល់ (MoU) រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងឡាវ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឱ្យកាន់តែទូលំទូលាយឡើង នៅគ្រប់កម្រិត ទំាងក្របខណ្ឌទ្វេភាគី និងពហុភាគី នៅលើវេទិកាអន្តរសភានានា សំដៅ បម្រើដល់ផលប្រយោជន៍ប្រទេសទំាងសងខាង ស្របតាមសភាពការណ៍ជាក់ស្តែង ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន