ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាលេខាធិការគណៈកម្មការនីតិកម្ម និងយុតិ្តធម៌នៃរដ្ឋសភា និងជាប្រធាន ក្រុមការងារចុះជួយឃុំពពេល ស្រុកពញាក្រែក ព្រមទាំងឯកឧត្តម លោកជំទាវ ជាក្រុមការងារចុះជួយ ឃុំពពេល ស្រុកពញាក្រែក និងសហការី បាននាំយកនូវទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្ត ចំនួន៣ គឺវត្តនទីជ័យមង្គល (ហៅវត្តស្ទឹងជ័យ ) វត្តពពេល និងវត្តស្រះ ស្ថិតក្នុងភូមិស្ទឹងជើង ឃុំពពេល ស្រុកពញាក្រែក ។
ទៀនព្រះវស្សា និងទេយ្យវត្ថុ ដែលត្រូវបានប្រគេនជូនវត្តចំនួន៣ រួមមាន៖ ទៀនព្រះវស្សា ១គូ អង្ករ ២បាវ មី ៤កេស ស្ករស ១បេ ទឹកដោះគោ ១កេសធំ ទឹកក្រូច ៤កេស ទឹកបរិសុទ្ធ ៤កេស ស្លាដក និងបច្ច័យ៨០ម៉ឺនរៀល និងប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ១០ម៉ឺនរៀល និង៤អង្គទៀតក្នុងមួយអង្គៗ៥ម៉ឺនរៀលថែមទៀត ដើម្បីទុកប្រើប្រាស់ ក្នុងរដូវចូលវស្សារយៈពេលបីខែ និងតាជី យាយជី ១០០នាក់ ក្នុងម្នាក់ៗក្រណាត់ស១ដុំ ប្រេងក្រទ្បា១ប្រអប់ និងថវិកា១០០០០រៀល។
ពិធីប្រគេនទេយ្យទាន និងទៀនព្រះវស្សានេះ បានប្រារព្ធរៀបចំតាមគន្លងព្រះពុទ្ធសាសនា នៅវត្តនទីជ័យមង្គល (ហៅវត្តស្ទឹងជ័យ) ដែល ស្ថិតក្នុងភូមិស្ទឹងជើង ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានសំណេះសំណាលជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត និងបានជម្រុញឲ្យមានការប្រុងប្រយ័ត្នការពារ សុខភាពឲ្យបានល្អពិសេសពីជំងឺកូវីដ-១៩ គឺត្រូវអនុវត្តឱ្យបានល្អតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជាប្រចាំ។
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន