រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេល ផ្តើមសម័យប្រជុំ ចំនួន១១១រូប។
សម័យប្រជុំរដ្ឋសភានាថ្ងៃនេះ បានធ្វើការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២ ដែលនៅសល់ កាលពីកិច្ចប្រជុំម្សិលមិញនេះ មានដូចជា៖
១-សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ សេចក្តីព្រាងច្បាប់នេះ មាន៦ជំពូក និង៤៤មាត្រា ដែលមាន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូន អង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការី ជាតំណាង រាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។
២-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃ អក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩។ សេចក្តីព្រាងច្បាប់នេះ មាន ៣មាត្រា ដែលមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និង លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងសហការី ជាតំណាង រាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។
ចំពោះសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នាថ្ងៃនេះ នឹងផ្សាយជូននៅពេលបញ្ចប់ នៃកិច្ចប្រជុំ។
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន