និស្សិតសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យា- សាស្រ្តសេដ្ឋកិច្ច ប្រមាណជាង ៥០នាក់ បានមកសិក្សាស្វែងយល់ពីតួនាទី និងភារៈកិច្ច របស់រដ្ឋសភា ជុំវិញដំណើរការ លិទ្ធិប្រជាធិបតេយ្យ គោលការណ៍សិទ្ធិមនុស្ស នៅកម្ពុជា។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម ថាវី ប្រធានគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យ បណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានៃរដ្ឋសភា កាលពីថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៤ នៅវិមានរដ្ឋសភា។
ឯកឧត្តម ញ៉ែម ថាវី បានមានប្រសាសន៍ជម្រាបដល់ប្អូនៗនិស្សិតពីតួនាទី និង ភារៈកិច្ចរបស់រដ្ឋសភា ដែលជាអ្នកពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ សេចក្ដីស្នើច្បាប់ និងត្រូវផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និត ជាមួយប្រជាពលរដ្ឋក្នុងនាមជាតំណាង របស់ប្រជាពលរដ្ឋ ទូទាំងប្រទេស។ ការប្រាស្រ័យទាក់ទងនេះ បានជំរុញឲ្យប្រជាពលរដ្ឋ មានការចូលរួមនិងយល់ដឹង កាន់តែច្បាស់ពីបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ព្រមទាំង យល់ដឹងពីសកម្មភាព តួនាទី និងភារៈកិច្ចទទួលខុសត្រូវ របស់ស្ថាប័ននីតិប្បញ្ញតិ្ត។ រដ្ឋសភាជាស្ថាប័ននីតិប្បញ្ញតិ្ត ដោយបំពេញភារៈកិច្ច របស់ខ្លួនស្របទៅតាមរដ្ឋធម្មនុញ្ញនិងច្បាប់ជាធមាន។
ដោយឡែកពាក់ព័ន្ធនឹងតួនាទីនិងភារៈកិច្ច របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តម គឹម សាន្ត អគ្គលេខាធិការរង នៃអគ្គលេខា ធិការដ្ឋានរដ្ឋសភា ក៏បានពន្យល់ដល់ក្រុមនិស្សិតយ៉ាងក្បោះក្បាយពីរចនាសម្ព័ន្ធ របស់អគ្គលេខាធិកាដ្ឋានរដ្ឋសភា ដែលជាសេនាធិការ របស់រដ្ឋសភា មានភារកិច្ច បម្រើជូនសមាជិក សមាជិការដ្ឋសភា ។
បន្ទាប់មកនិស្សិតទាំងអស់ ក៏ត្រូវបានអនុញ្ញាតឲ្យចូលទស្សនា សាលប្រជុំរដ្ឋសភា សាលពិពណ៌ និងសាលបណ្ណាល័យផងដែរ៕