លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយ លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។
លោកជំទាវ អុឹង កន្ថាផាវី បានជម្រាបគណៈកម្មការជំនាញរដ្ឋសភាថា ក្នុងអាណត្តិទី៥កន្លងមកនេះ ក្រសួងបានសម្រេចនៅលទ្ធផលការងារជាច្រើន ស្របទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដែលរាជរដ្ឋាភិបាលបានចាត់ទុកស្រ្តីគឺជាឆ្នឹងខ្នងនៃសេដ្ឋកិច្ច។ ស្រ្តីជាដៃគូមិនអាចខ្វះបានក្នុង សង្គម។
លោកជំទាវរដ្ឋមន្រ្តីបានឲ្យដឹងថា រាជរដ្ឋាភិបាលបានជំរុញ និងលើកទឹកចិត្តដល់ស្ត្រី ឲ្យមានការចូលរួមធ្វើសេចក្តីសម្រេចចិត្តតាំងពីថ្នាក់ជាតិរហូតថ្នាក់ ក្រោមជាតិ និងបានធ្វើការផ្សព្វផ្សាយនៅច្បាប់ផ្សេងៗដែលរដ្ឋសភាបានអនុម័តគាំទ្រដល់ស្រ្តី ជាពិសេសគឺច្បាប់អំពើហិង្សាក្នុងគ្រួសារ អនុសញ្ញា CEDAW និងអនុសញ្ញាផ្សេងៗទៀត ដើម្បីបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋ។
នៅក្នុងអាណត្តិទី៦នេះ ក្រសួងកិច្ចការនារី បានដាក់ចេញនូវយន្តការដើម្បីឲ្យស្របទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ដោយទុកស្ត្រី និងផែនការយុទ្ធសាស្រ្តនារីរតនៈទី៥(២០១៨-២០២៣) ដើម្បីសមភាពយេនឌ័រ និងបង្កើននៅភាពអង្គអាចដល់ស្ត្រី និងឲ្យស្ត្រីស្ថិតក្នុង ការធ្វើសេចក្តីសម្រេច និងការបញ្រ្ជាបយេនឌ័រក្នុងគោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា។ នេះជាការគូសបញ្ជាក់របស់លោកជំទាវរដ្ឋមន្រ្តី ក្រសួងកិច្ចការនារី។
លោកជំទាវ ឡោក ខេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងនៅគ្រប់កាលៈទេសៈ ដើម្បីធ្វើការផ្សព្វ- ផ្សាយនៅច្បាប់នានាដែលពាក់ព័ន្ធទៅនឹងអំពើហិង្សាលើស្ត្រី និងកុមារ ទៅតាមផែនការយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។
លោកជំទាវប្រធានគណៈកម្មការជំនាញរដ្ឋសភា បានស្នើឲ្យក្រសួងធ្វើការទំនាក់ទំនងឱ្យបានជិតស្និទ្ធជាមួយគណៈកម្មការ ដើម្បីផ្លាស់ប្តូរព័ត៌មានគ្នា ទៅវិញទៅមក រួមសហការគ្នាអោយបានល្អ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណទី៤របស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ ដើម្បីជាផល ប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន










