រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី១ » សកម្មភាព » ទិវាពលកម្មអន្តរជាតិ៖ រដ្ឋសភាទទួលញត្តិពីសហជីព ដែលទាមទារកែលម្អលក្ខខណ្ឌការងារកម្មករឲ្យកាន់តែល្អប្រសើរឡើង
ទិវាពលកម្មអន្តរជាតិ៖ រដ្ឋសភាទទួលញត្តិពីសហជីព ដែលទាមទារកែលម្អលក្ខខណ្ឌការងារកម្មករឲ្យកាន់តែល្អប្រសើរឡើង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/1/2018 8:52:44 PM )

នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ដែលជាខួបលើកទី១៣២ នៃទិវាពលកម្មអន្តរជាតិនោះ​ នៅកម្ពុជា​មានការប្រារព្ធទិវានេះច្រើនកន្លែង និងច្រើនរូបភាព មានទាំងខាងរាជរដ្ឋាភិបាល និងសហជីព។ នៅក្នុងនោះមានសហភាពសហព័ន្ធសហជីពសមាគម តំណាងឱ្យកម្មករចំនួន១៦ រាជធានីខេត្ត បានយកញត្តិមកដាក់ជូនរដ្ឋសភា ដើម្បីស្នើសុំរដ្ឋសភាជួយអន្តរាគមន៍ ដោះស្រាយបញ្ហាមួយចំនួន ដើម្បីឲ្យលក្ខខណ្ឌការងារកម្មករ កាន់តែមានភាពល្អប្រសើរឡើង។

បន្ទាប់ពីបានជួបជុំគ្នា នៅសួនច្បារមាត់ទន្លេ ជិតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) រួចមក តំណាងសហជីពទាំងនោះ​ បាននាំយកញត្តិមកដាក់ជូន រដ្ឋសភាហើយ លោកជំទាវ ឡោក ខេង អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា បានចេញទទួលញត្តិពីសហជីព និងបានសំណេះសំណាលជាមួយតំណាងសហជីព ក្នុងបរិយាកាសស្និទ្ធស្នាល ផងដែរ។

នៅក្នុងញត្តិ សហជីពបានស្នើសុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ ជួយដោះស្រាយនូវសំណូមពរ១៩ចំណុច ដើម្បីលើកកម្ពស់ សិទ្ធិសេរីភាព លក្ខខណ្ឌការងារ និងលើកកម្ពស់ផលប្រយោជន៍របស់កម្មករនិយោជិត បន្ថែមទៀត ។

សំណើរបស់សហជីពមានដូចជា​ ស្នើសុំរាជរដ្ឋាភិបាល និងរដ្ឋសភាជាតិកំណត់ប្រាក់ឈ្នួលអប្បបរមា២០៧ដុល្លារក្នុង១ខែ ជូនកម្មករនិយោជិតក្នុង វិស័យកាត់ដេរ និងដេរស្បែកជើង ព្រមទាំងកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ក្នុងវិស័យសំណង់ ទេសចរណ៍​ សេវាកម្ម ដឹកជញ្ជូន និងវិស័យមួយចំនួនទៀត ដែលកំពុងប្រឈម។

នៅក្នុងចំនុចទី២ ក្រុមតំណាងឲ្យកម្មករ បានស្នើសុំរាជរដ្ឋាភិបាលពង្រឹង និងពង្រីកសេវាកម្មរបបសន្តិសុខសង្គម ជូនដល់កម្មករប្រកបដោយ ប្រសិទ្ធភាពខ្ពស់ និងអនុវត្តគោលនយោបាយជាតិសន្តិសុខសង្គមឲ្យមានប្រសិទ្ធភាព និងតម្លាភាព រួមទាំងបញ្ចូលភាគីកម្មករ និយោជិតជាសមាជិក ក្រុមប្រឹក្សាជាតិ សន្តិសុខសង្គមផងដែរ។

លោកជំទាវ ឡោក ខេង បានចូលរួមអបអរសាទរជាមួយកម្មករកម្មការិនីទាំងអស់ នៅក្នុងទិវាពលកម្មអន្តរជាតិ។ លោកជំទាវបានគូសបញ្ជាក់ថា ទាំងរដ្ឋសភា និងរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាជីវភាពកម្មករ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៨នេះ ប្រាក់ឈ្នួលគោល របស់កម្មករក្នុងវិស័យឧស្សាហកម្មកាត់ដេរត្រូវបានដំឡើងដល់១៧០ដុល្លារ ហើយការតំឡើងនេះធ្វើឡើងជារៀងរាល់ឆ្នាំ។ លើសពីនេះទៀត ប្រមុខ រដ្ឋាភិបាល ផ្តល់នូវអត្ថប្រយោជន៍សង្គមជាច្រើនទៀតដល់កម្មករ ។

សូមជម្រាបថា ចាប់ពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានផ្តល់ជូន កម្មករកម្មការិនី នូវការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ ហើយ កម្មការិនីដែលសម្រាលកូន គឺទទួលបានការឈប់សម្រាកពីការងាររយៈពេល៣ខែ និងទទួលបានប្រាក់ខែ១២០%ថែមទៀត។ លើសពីនេះទៀត ពួកគាត់ទទួលបានប្រាក់ឧបត្ថម្ភ៤០ម៉ឺនរៀលសម្រាប់អ្នកសម្រាលបានកូន។ បើសម្រាលបានកូនភ្លោះពីរគឺទទួលបានថវិកា៨០ម៉ឺនរៀល។ សម្រាល បានកូនភ្លោះ៣ ទទួលបានថវិកា១លាន២សែនរៀល។

ទោះយ៉ាងណា ​លោកជំទាវ​ ឡោក ខេង សមាជិការដ្ឋសភា និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា បានសន្យាជាមួយតំណាងសហជីពថា នឹងនាំយកញត្តិដែលតំណាងកម្មករជូននេះ ជូនដល់សម្តេចប្រធានរដ្ឋសភា ដើម្បី ចាត់ការតាមនីតិវិធីបន្តទៀត៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន