សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៦ » សកម្មភាព » តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងជំរុញអាជ្ញាធរ មន្រ្តីរាជការ បម្រើពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ
តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងជំរុញអាជ្ញាធរ មន្រ្តីរាជការ បម្រើពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/8/2016 7:10:21 PM )

ក្រុមតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងមាន ឯកឧត្តម ប៊ិន ឈិន ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា នៅ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ បាន​អញ្ជើញជួប​​សំណះសំណាលជាមួយ មន្ត្រីអប់រំ មន្ត្រីសុខាភិបាល កងកម្លំាងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ ភូមិ ​ស្ថិតក្នុង​ស្រុកព្រះស្តេច ខេត្ត​ព្រៃវែង​សរុបមានចំនួនប្រមាណជាង១ពាន់នាក់ ។ នៅក្នុងឱកាសនោះតំណាងរាស្រ្តទំាងអស់ បានជំរុញ និងលើកទឹក​ចិត្តដល់មន្រ្តីរាជការ គ្រប់ផ្នែកទំាងអស់ ត្រូវខិតខំបន្តក្នុងការផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

បន្ទាប់ពី លោក ប៉ិច ​សុង អភិបាល នៃគណៈអភិបាលស្រុកព្រះស្តេច រាយការណ៍ជូនពីស្ថានភាពទូទៅ និងការអភិវឌ្ឍនៅក្នុងស្រុករួចមក ឯកឧត្តមតំណាងរាស្រ្តទំាងបីរូប បានឡើងមានប្រសាសន៍ម្នាក់ម្តងៗទៅកាន់ពិធីសំណេះសំណាលនេះ។ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានពាំនាំ ការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត  ​ប៊ុន រ៉ានីហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនមន្ត្រីរាជការកងកម្លំាងប្រដាប់អាវុធ និងអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ដោយបានគូសបញ្ជាក់ថា សម្តេចទំាងបី តែងតែយកចិត្តទុក​ដាក់​គិតគូរពីសុខទុក្ខរបស់ពលរដ្ឋគ្រប់កាលៈទេសៈ។ សម្តេចទំាងបី តែងតែជំរុញដល់សមាជិកសមាជិកាទំាងអស់ ត្រូវខិតខំបំពេញភារកិច្ច ដោយត្រូវដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាពខ្ពស់។

ចំណែក ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានគូសបញ្ជាក់ថា ក្នុងរយៈពេលជិត៥អាណត្តិមកនេះ​ រដ្ឋសភាបានអនុម័តច្បាប់សរុបចំនួន ៤៨០ច្បាប់ ក្នុងនោះច្បាប់ និងក្រមសំខាន់ៗដូចជាក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី ដែលច្បាប់ និងក្រមទំាងអស់នេះ សុទ្ធសឹងជាច្បាប់គោល ជាមូលដ្ឋានគ្រឹះ សម្រាប់ពង្រឹងការដឹកនាំ និងគ្រប់គ្រង​ប្រទេស​ជាតិ ជាពិសេសគឺដើម្បីកសាងនីតិរដ្ឋដែលផ្តល់មកនូវ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ។

ឯកឧត្តម ប៊ិន ឈិន បានកោតសរសើរ ចំពោះការខិតខំបំពេញការងាររបស់មន្រ្តីរាជការនាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្តមបាន​ផ្ដាំផ្ញើ និងជំរុញដល់មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ អាជ្ញាធរទំាងអស់ ត្រូវបន្តយកចិត្តទុក​ដាក់អនុវត្តភារកិច្ចរៀងៗខ្លួនបន្តទៀត។ ឯកឧត្តមបានលើកឡើងនូវ ប្រសាសន៍របស់ សម្តេចនាយករដ្ឋមន្រ្តី មកជម្រាបជូនមន្រ្តីរាជការទំាងអស់ថា “មន្រ្តីរាជការត្រូវដាក់ខ្លួនជាអ្នកបម្រើប្រជាពល​រដ្ឋមិនមែនជាចៅហ្វាយ នាយរបស់ពលរដ្ឋឡើយ”។

ឯកឧត្តមបានគូសបញ្ជាក់ថា​បើជាលោកគ្រូអ្នកគ្រូ ត្រូវខិតខំបង្រៀនកូនសិស្ស បើជាមន្រ្តីរាជការត្រូវផ្តល់សេវាសាធារណៈ ត្រូវខិតបំពេញការងារ ឲ្យបានរហ័ស មានតម្លាភាព មានប្រសិទ្ធភាពជូនពលរដ្ឋ ហើយបើជាកងកំលាំងប្រដាប់អាវុធ ត្រូវបង្កើនការការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យមាន លក្ខណៈល្អប្រសើរដល់​ការរស់នៅ ការធ្វើដំណើរ ការប្រកបរបរទទួលទានរបស់ពលរដ្ឋ។

សូមបញ្ជាក់ថាបើតាមរបាយការណ៍ របស់ថ្នាក់ដឹកនាំស្រុកព្រះស្តេច ស្រុកនេះធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋបានល្អ។ សមត្ថកិច្ចបាន អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានខ្ជាប់ខ្ជួន។ ចំណែកការអភិវឌ្ឍវិញបានដំណើរការទៅមុខជានិច្ច។ លោក ប៉ិច ​សុង អភិបាល នៃគណៈអភិបាលស្រុកព្រះស្តេច បានលើកឡើងពីសមិទ្ធិផលមួយចំនួន ដែលស្រុកសម្រេចបានកន្លងមកមានដូចជា បានសាងសង់ផ្លូវ ប្រព័ន្ធធារាសាស្រ្ដ អគារសិក្សា ស្ពាន មន្ទីរពេទ្យជាដើម។ ជាក់ស្ដែងគិតមក​ដល់ខែកក្កដាឆ្នាំ២០១៦នេះ ស្រុកព្រះស្តេចបានសាងសង់ ប្រព័ន្ធប្រឡាយមេសំខាន់ៗបានចំនួន១២ខ្សែ ប្រវែងជិត២០គីឡូម៉ែត្រ និង​ប្រឡាយរងចំនួន០៨ខ្សែដែលមានប្រវែងជាង១០គីឡូម៉ែត្រដើម្បីទាញយក ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រចំាថ្ងៃ និងការប្រកបរបរស្រែចម្ការស្រោចស្រពដំណាំកសិកម្ម។ ក្រៅពីនេះស្រុកបានកសាងផ្លូវយុទ្ធសាស្រ្តចំនួន ០៤ខ្សែ ដែលមានប្រវែងជាង៧៩គីឡូម៉ែត្រដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ៕

អត្ថបទ និងព័ត៌មាន នាយកដ្ឋានព័ត៌មាន