ក្រុមតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងមាន ឯកឧត្តម ប៊ិន ឈិន ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ បានអញ្ជើញជួបសំណះសំណាលជាមួយ មន្ត្រីអប់រំ មន្ត្រីសុខាភិបាល កងកម្លំាងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ ភូមិ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែងសរុបមានចំនួនប្រមាណជាង១ពាន់នាក់ ។ នៅក្នុងឱកាសនោះតំណាងរាស្រ្តទំាងអស់ បានជំរុញ និងលើកទឹកចិត្តដល់មន្រ្តីរាជការ គ្រប់ផ្នែកទំាងអស់ ត្រូវខិតខំបន្តក្នុងការផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
បន្ទាប់ពី លោក ប៉ិច សុង អភិបាល នៃគណៈអភិបាលស្រុកព្រះស្តេច រាយការណ៍ជូនពីស្ថានភាពទូទៅ និងការអភិវឌ្ឍនៅក្នុងស្រុករួចមក ឯកឧត្តមតំណាងរាស្រ្តទំាងបីរូប បានឡើងមានប្រសាសន៍ម្នាក់ម្តងៗទៅកាន់ពិធីសំណេះសំណាលនេះ។ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានពាំនាំ ការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនមន្ត្រីរាជការកងកម្លំាងប្រដាប់អាវុធ និងអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ដោយបានគូសបញ្ជាក់ថា សម្តេចទំាងបី តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ពលរដ្ឋគ្រប់កាលៈទេសៈ។ សម្តេចទំាងបី តែងតែជំរុញដល់សមាជិកសមាជិកាទំាងអស់ ត្រូវខិតខំបំពេញភារកិច្ច ដោយត្រូវដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាពខ្ពស់។
ចំណែក ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានគូសបញ្ជាក់ថា ក្នុងរយៈពេលជិត៥អាណត្តិមកនេះ រដ្ឋសភាបានអនុម័តច្បាប់សរុបចំនួន ៤៨០ច្បាប់ ក្នុងនោះច្បាប់ និងក្រមសំខាន់ៗដូចជាក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី ដែលច្បាប់ និងក្រមទំាងអស់នេះ សុទ្ធសឹងជាច្បាប់គោល ជាមូលដ្ឋានគ្រឹះ សម្រាប់ពង្រឹងការដឹកនាំ និងគ្រប់គ្រងប្រទេសជាតិ ជាពិសេសគឺដើម្បីកសាងនីតិរដ្ឋដែលផ្តល់មកនូវ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ។
ឯកឧត្តម ប៊ិន ឈិន បានកោតសរសើរ ចំពោះការខិតខំបំពេញការងាររបស់មន្រ្តីរាជការនាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្តមបានផ្ដាំផ្ញើ និងជំរុញដល់មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ អាជ្ញាធរទំាងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តភារកិច្ចរៀងៗខ្លួនបន្តទៀត។ ឯកឧត្តមបានលើកឡើងនូវ ប្រសាសន៍របស់ សម្តេចនាយករដ្ឋមន្រ្តី មកជម្រាបជូនមន្រ្តីរាជការទំាងអស់ថា “មន្រ្តីរាជការត្រូវដាក់ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋមិនមែនជាចៅហ្វាយ នាយរបស់ពលរដ្ឋឡើយ”។
ឯកឧត្តមបានគូសបញ្ជាក់ថាបើជាលោកគ្រូអ្នកគ្រូ ត្រូវខិតខំបង្រៀនកូនសិស្ស បើជាមន្រ្តីរាជការត្រូវផ្តល់សេវាសាធារណៈ ត្រូវខិតបំពេញការងារ ឲ្យបានរហ័ស មានតម្លាភាព មានប្រសិទ្ធភាពជូនពលរដ្ឋ ហើយបើជាកងកំលាំងប្រដាប់អាវុធ ត្រូវបង្កើនការការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យមាន លក្ខណៈល្អប្រសើរដល់ការរស់នៅ ការធ្វើដំណើរ ការប្រកបរបរទទួលទានរបស់ពលរដ្ឋ។
សូមបញ្ជាក់ថាបើតាមរបាយការណ៍ របស់ថ្នាក់ដឹកនាំស្រុកព្រះស្តេច ស្រុកនេះធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋបានល្អ។ សមត្ថកិច្ចបាន អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានខ្ជាប់ខ្ជួន។ ចំណែកការអភិវឌ្ឍវិញបានដំណើរការទៅមុខជានិច្ច។ លោក ប៉ិច សុង អភិបាល នៃគណៈអភិបាលស្រុកព្រះស្តេច បានលើកឡើងពីសមិទ្ធិផលមួយចំនួន ដែលស្រុកសម្រេចបានកន្លងមកមានដូចជា បានសាងសង់ផ្លូវ ប្រព័ន្ធធារាសាស្រ្ដ អគារសិក្សា ស្ពាន មន្ទីរពេទ្យជាដើម។ ជាក់ស្ដែងគិតមកដល់ខែកក្កដាឆ្នាំ២០១៦នេះ ស្រុកព្រះស្តេចបានសាងសង់ ប្រព័ន្ធប្រឡាយមេសំខាន់ៗបានចំនួន១២ខ្សែ ប្រវែងជិត២០គីឡូម៉ែត្រ និងប្រឡាយរងចំនួន០៨ខ្សែដែលមានប្រវែងជាង១០គីឡូម៉ែត្រដើម្បីទាញយក ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រចំាថ្ងៃ និងការប្រកបរបរស្រែចម្ការស្រោចស្រពដំណាំកសិកម្ម។ ក្រៅពីនេះស្រុកបានកសាងផ្លូវយុទ្ធសាស្រ្តចំនួន ០៤ខ្សែ ដែលមានប្រវែងជាង៧៩គីឡូម៉ែត្រដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ៕
អត្ថបទ និងព័ត៌មាន នាយកដ្ឋានព័ត៌មាន