ពិធីបុណ្យចូលព្រះវស្សា នឹងមកដល់នាថ្ងៃ ១១រោច ខែអាសាឍ ត្រូវថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីចូលរួមថែរក្សា និងប្រតិបត្តិតាម ព្រះពុទ្ធសាសនា ឯកឧត្តម ឈាង វុន តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បាននាំយកទៀនព្រះវស្សា និងទេយ្យទាន បច្ច័យ ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តភ្នំរំសាយសក់ និងវត្តសុវណ្ណបារមី ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ ។
ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទំាងពីរ ព្រមទំាងអាជ្ញាធរ ដែលមាន លោក ជាំ ញ៉ អភិបាលស្រុកបាណន់ជាតំណាង បានសម្តែងព្រះទ័យ និងទឹកចិត្តរីករាយយ៉ាងក្រៃលែងចំពោះសទ្ធាជ្រះថ្លារបស់ ឯកឧត្តម ឈាង វុន និងក្រុមការងារទំាងអស់ ដែលបាននាំយកទៀនព្រះវស្សា និងទេយ្យទានជាច្រើនទៀតមកប្រគេន និងចែកជូន លោកយាយ លោកតា នាឱកាសនេះ។ សកម្មភាពទំាងនេះ បានបញ្ជាក់ពីការយកចិត្តទុកដាក់ និងការប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ចំពោះព្រះពុទ្ធសាសនា ក្នុងការធ្វើបុណ្យ ធ្វើទានសម្រាប់ឱកាសបុណ្យចូលព្រះវស្សា ដែលនឹងមកដល់នាពេលខាងមុខ នេះ។
ក្នុងឱកាសនោះ ឯកឧត្តម ឈាង វុន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះព្រះគ្រូចៅអធិការវត្តទំាងពីរ គណៈកម្មការសាងសង់វត្ត ប្រជាពុទ្ធបរិស័ទទំាងអស់ ដែលបានខិតខំចូលរួមចំណែកថែរក្សា និងប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា ព្រមទំាងបានចូលរួមអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើននៅតាមវត្ត ធ្វើឲ្យទីអារាមទំាងពីរនេះ ស័ក្តិសមជាស្រែបុណ្យ ជាទីគោរពសក្ការៈ ចំពោះប្រជាពលរដ្ឋទូទៅ។
ឯកឧត្តមតំណាងរាស្រ្តបានគូសបញ្ជាក់ថា ការខិតខំរបស់ប្រជាពុទ្ធបរិស័ទទំាងអស់នេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យរីកចម្រើនជាលំដាប់ជាមួយរាជរដ្ឋាភិបាល។ ឯកឧត្តម បានមានប្រសាសន៍លើកឡើងថាចាប់តំាងពី ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ មកទល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាង ស្តា អភិវឌ្ឍន៍ឡើងវិញវត្តអារាមនៅទូទំាងប្រទេស ត្បិតអីនៅក្នុងរបបអាវខ្មៅជាង៣ឆ្នាំទីអារាមទូទំាង ប្រទេសត្រូវបានវាយកម្ទេច និងបោះបង់ចោល។
ឆ្លៀតឱកាសនោះ ឯកឧត្តម ឈាង វុន បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទូលថ្វាយព្រះសង្ឃ និងជម្រាបជូនប្រជាពលរដ្ឋទំាងអស់ ដោយឯកឧត្តម បានគូសបញ្ជាក់ថា សម្តេចទំាងបួន ជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ និងបានផ្តាំផ្ញើសេចក្តីនឹករលឹកតាមរយៈសមាជិក ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋទូទំាងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង នេះ។
ឯកឧត្តម ឈាង វុន បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងខាងពុទ្ធចក្រនិងអាណាចក្រ។
សូមបញ្ជាក់ថា ក្រៅពីបាននាំយកនូវទៀនព្រះវស្សា ប្រគេនព្រះសង្ឃនៅវត្តចំនួន២ ឯកឧត្តម ឈាង វុន ក៏បាននាំយកទេយ្យទាន បរិក្ខារ និងបច្ច័យជាច្រើនទៀតប្រគេនដល់ព្រះសង្ឃ និងចែកជូនលោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋ អាជ្ញាធរផងដែរ៕
អត្ថបទនិងរូបភាព នាយកដ្ឋានព័ត៌មាន