លោកជំទាវ ឃួន សុដារី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តីបានមានប្រសាសន៍ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានឆ្លងកាត់ឧបសគ្គ ទុក្ខលំបាកច្រើនណាស់ ទំរាំនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជូន ប្រទេសកម្ពុជា និងប្រជាពលរដ្ឋបានដូចសព្វថ្ងៃនេះ។
លោកជំទាវ ឃួន សុដារី បានមានប្រសាសន៍លើកឡើងបែបនេះ នៅក្នុងឱកាសដែលលោកជំទាវបានចុះស្វែងយល់ពីទុក្ខលំបាក និងតម្រូវការរបស់ ប្រជាពលរដ្ឋ ព្រមទំាងបាននាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទានជាច្រើនទៀត ប្រគេនព្រះសង្ឃ ដែលគង់ចំាព្រះវស្សា នៅតាមវត្តអារាមនានា ក្នុងស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។
នៅក្នុងឱកាសនោះដែរ លោកជំទាវតំណាងរាស្រ្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សា និងការពារសមិទ្ធិផលដែលរាជរដ្ឋាភិបាល សម្រេចបាន ដោយមិនត្រូវជឿលើការអូសទាញ និងការបំពុលបរិយាកាសសង្គមពីសំណាក់មនុស្សមួយចំនួនតូច ក្នុងន័យបង្កអសន្តិសុខ អស្ថិរភាព ដល់សង្គមជាតិនោះឡើយ។ លោកជំទាវបានលើកឡើង ពីសមិទ្ធិផលជាច្រើនដែល រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបាន ក្នុងនោះមានទំាងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។
សូមបញ្ជាក់ថាវត្តចំនួន២ដែល លោកជំទាវ ឃួន សុដារី នាំយកទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនចំពោះព្រះសង្ឃដែល គង់ចំាព្រះវស្សានោះ មានវត្តព្រែកតូច វត្តព្រែកដាច់ និងមណ្ឌលវិបស្សនាទួលអង្កាញ់ ដោយវត្តនីមួយៗក៏ដូចមណ្ឌលវិបស្សនាទទួលបានទៀន ព្រះវស្សា១គូ អង្ករ២បាវ បច្ច័យ១លាន៥០ម៉ឺនរៀលរួមទាំងទេយ្យទាន និងភេសជ្ជ:ជាច្រើនមុខទៀត។
ជាមួយគ្នានេះ លោកជំទាវ ក៏បានចូលរួមកសាង និងប្រគេនបច្ច័យដោយផ្ទាល់ដល់ព្រះសង្ឃ ព្រមទាំងចែកជូនថវិកា ដល់លោកយាយ លោកតាចាស់ៗ អ្នកចូលរួមសរុបទាំងអស់ចំនួនជាង៧លានរៀល និង៨០០ដុល្លារ។
បន្ទាប់មក លោកជំទាវ និងក្រុមការងារបាននាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនដល់ព្រះសង្ឃ គ្រប់វត្តទាំងអស់ទូទាំងស្រុកលើកដែក ក្នុងការចូលរួមធ្វើបុណ្យ នាឱកាសដែលពិធីបុណ្យចូលព្រះវស្សា នឹងមកដល់នាពេលខាងមុខនេះ។ ជាការកត់សម្គាល់ នៅរៀងរាល់ឆ្នាំ ក្នុងរដូវបុណ្យចូលព្រះវស្សា ក្នុងនាមជាអ្នកប្រតិបត្តិព្រះពុទ្ធសាសនាខ្ជាប់ខ្ជួនមួយរូប លោកជំទាវ ឃួន សុដារី តែងតែនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃជាច្រើនវត្តមិនថាតែនៅក្នុងស្រុកលើកដែក ខេត្តកណ្តាលនេះទេ៕