រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » នាយករដ្ឋមន្រ្តីឡាវ ស្នើសុំសម្តេចប្រធានរដ្ឋសភាគំាទ្រកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលកម្ពុជា-ឡាវ ដើម្បីប្រយោជន៍ ប្រជាជននិងប្រទេសទំាងពីរ
នាយករដ្ឋមន្រ្តីឡាវ ស្នើសុំសម្តេចប្រធានរដ្ឋសភាគំាទ្រកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលកម្ពុជា-ឡាវ ដើម្បីប្រយោជន៍ ប្រជាជននិងប្រទេសទំាងពីរ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (6/27/2016 8:22:30 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  បានទទួលជួបសវនាការជាមួយ  ឯកឧត្តម ថងលូន ស៊ីសូលីត  (​ Thongloun Sisoulith ) នា​យករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ខណៈដែល ឯកឧត្តម នាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅព្រះរាជាណាចក្រ​កម្ពុជា។

គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានទទួលការស្វា​គមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតពីសំណាក់ សម្តេចប្រធានរដ្ឋសភា និងសមាជិកសមា​​ជិការ​ដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបសវនាការនេះ ទំាងសម្តេចប្រធានរដ្ឋសភា និងឯកឧត្តមនាយករដ្ឋមន្រ្តីបានលើកឡើងពីចំណងមិត្តភាពជាប្រពៃណីនិងយូរអង្វែងនៃប្រទេសទំាងពីរ។​​ សម្តេចប្រធានរដ្ឋសភាបានសាទរចំពោះ​ឯកឧត្តម ថងលូន ស៊ីសូលីត ដែលត្រូវបានជ្រើសតំាងជានា​យក​រដ្ឋមន្រ្តីអាណត្តិថ្មី នៃសា​ធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសង្ឃឹមថា ក្នុងការដឹកនាំប្រទេសរបស់ ឯកឧត្តម នៅក្នុងអាណត្តិថ្មីនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី នឹងខិតខំជំរុញ លើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែរឹងមាំថែមទៀត។ ជាមួយគ្នានេះ សម្តេចបានចូលរួម អបអរសាទរជាមួយប្រជាជននិងប្រទេសទំាងពីរកម្ពុជា-ឡាវ ដែលកំពុងទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ចជាតិ ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនពីមួយថ្ងៃទៅមួយ​​​ថ្ងៃ។

ឯកឧត្តម ថងលូន ស៊ីសូលីត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធានរដ្ឋសភា និងសមាជិកសមាជិការដ្ឋសភាទំាងអស់ ដែលបានទទួលស្វាគមន៍ គណៈប្រតិភូយ៉ាងកក់ក្តៅ។ ឯកឧត្តមបានថ្លែងការកោតសរសើរ យ៉ាងក្រៃលែងចំពោះការលះបង់និងពលិកម្មរបស់ សម្តេចប្រធានរដ្ឋសភា ដើម្បីប្រជាជននិងប្រទេសកម្ពុជារហូតមក​។

ជាមួយគ្នានេះ ឯកឧត្តម ថងលូន ស៊ីសូលីត បានលើកឡើងពីផ្លែផ្កានៃដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ ដោយឯកឧត្តម បានជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ការជួបពិភាក្សា ដោយបើកចំហ ស្មោះត្រង់ សាមគ្គីភាព និងបានឯកភាពគ្នានៅគ្រប់ចំនុច គ្រប់វិស័យ ដើម្បីធ្វើយ៉ាងណារក្សាបាននូវផលប្រយោ​ជ​ន៍របស់ប្រទេស និងប្រជាជនទំាងពីរកម្ពុជា-ឡាវ។

ឯកឧត្តមបានលើកឡើងថា រដ្ឋាភិបាលកម្ពុជា និងឡាវបានឯកភាពដើម្បី ធ្វើឲ្យបន្ទាត់ព្រំដែន ប្រទេសទំាងពីរក្លាយជាព្រំដែនសន្តិភាព ព្រំដែនអភិវឌ្ឍន៍។ បើតាមឯកឧត្តម នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ បានឯកភាពគ្នា សាងសង់ស្ពានមួយឆ្លងទន្លេល្ពៅ ដើម្បីតភ្ជាប់ទំនាក់ទំនងប្រ​ទេសទំាងពីរ ក៏ដូចជាជំរុញដល់ការធ្វើទំនាក់ទំនងរវាងប្រទេស និងប្រជាជនទំាងពីរប្រទេស ក្នុងវិស័យ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនានា កាន់តែងាយស្រួល។

ឯកឧត្តម នាយករដ្ឋមន្រ្តី បានស្នើសុំ សម្តេចប្រធានរដ្ឋសភា បន្តគាំទ្រនិងលើកទឹកចិត្តដល់ រដ្ឋាភិបាលទំាងពីរក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឲ្យទទួលបានជោគជ័យ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ក្នុងនាមរដ្ឋសភា សម្តេច គំាទ្រជានិច្ចនូវរាល់​កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងឡាវ និងសូមឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ឲ្យកាន់តែស៊ីជម្រៅ និងនៅលើគ្រប់វិស័យ ដើម្បីបម្រើដល់ ផលប្រយោជន៍ប្រទេសនិងប្រជាជនកម្ពុជា-ឡាវ។

សូមជម្រាបជូនថា ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith) ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ  បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ គឺចាប់ពី ថ្ងៃទី២៧  ដល់  ថ្ងៃទី២៨  មិថុនា ឆ្នាំ២០​១៦​។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ថងលូន ស៊ីសូលីត នឹងចូលបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា ជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន