រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានរដ្ឋវៀតណាមកោតសរសើរការរីកចម្រើនរបស់កម្ពុជា
ប្រធានរដ្ឋវៀតណាមកោតសរសើរការរីកចម្រើនរបស់កម្ពុជា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (6/15/2016 7:12:18 PM )

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ត្រាន់ ដាយ ខ្វាង (TRAN DAI QUANG) ប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានមើលឃើញពីការរីកចម្រើន របស់ព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ និងចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា។ ឯកឧត្តម ត្រាន់ ដាយ ខ្វាង បានសម្តែងក្តីរីករាយ នៅពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ។

គណៈប្រតិភូជាន់ខ្ពស់ សាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានទទួលការស្វាគមន៍ យ៉ាងកក់ក្តៅ នៅវិមានរដ្ឋសភា ពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ។ សម្តេចប្រធានរដ្ឋសភា បានចាត់ទុកដំណើរទស្សនកិច្ចនៅពេលនេះថា ជាការផ្តល់កិត្តិយសដ៏ធំធេង ដល់រដ្ឋសភាកម្ពុជា និងបានឆ្លុះបញ្ចំាងពីចំណងមិត្តភាពរឹងមំា និងជាប្រពៃណីរបស់ប្រទេសទំាងពីរកម្ពុជា-វៀតណាម ជាយូរអង្វែងទៅ។

ចំណែក ឯកឧត្តម ត្រាន់ ដាយ ខ្វាង បានលើកឡើងថា ឯកឧត្តមមានក្តីរីករាយខ្លំាងណាស់ ដែលបានឃើញការរីកចម្រើនឥតឈប់ឈរ របស់ប្រទេសកម្ពុជានៅពេលនេះ នៅក្រោមម្លប់ដ៏ត្រជាក់របស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងស្ថិតនៅក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ថ្នាក់ដឹកនាំស្ថាប័នសំខាន់ៗរបស់ជាតិ។ “ក្នុងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម យើងសប្បាយចិត្ត ដែលឃើញ កម្ពុជារីកចម្រើនគ្រប់វិស័យទំាងហេដ្ឋារចនាសម្ព័ន្ធនានា សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ពលរដ្ឋ”។

ឯកឧត្តមប្រធានរដ្ឋ បានជម្រាបសម្តេចពីស្ថានការណ៍ នយោបាយក្នុងប្រទេសវៀតណាមថា វៀតណាមទើបរៀបចំការបោះឆ្នោត ថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗ ហើយនៅកំឡុងខែកក្កដានេះ ថ្នាក់ដឹកនាំមូលដ្ឋាននឹងត្រូវរៀបចំផងដែរ។ ឯកឧត្តមបានលើកឡើងថា ប្រទេសវៀតណាម ក៏ទើបបោះឆ្នោត ជ្រើសរើសស្រ្តី ជាថ្នាក់ដឹកនាំរដ្ឋសភាផងដែរ។

ឯកឧត្តម ត្រាន់ ដាយ ខ្វាង បានជម្រាបជូនសម្តេចថា ប្រធានថ្មី រដ្ឋសភាវៀតណាមគ្រោងអញ្ជើញ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះដែរ។ ឯកឧត្តម បានជំរុញឲ្យរដ្ឋសភា ប្រទេសទំាងពីរពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្នា ឲ្យកាន់តែល្អនិងស៊ីជម្រៅ ដោយក្នុងនោះគួរបង្កើន ការផ្លាស់ប្តូរទស្សនកិច្ចឲ្យបានច្រើន រវាងគណៈកម្មការជំនាញរដ្ឋសភាទំាងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសយើងទាំងពីរ មិនគ្រាន់តែបានផ្ដល់នូវវឌ្ឍនភាព និងវិបុលភាពទាំងសងខាងប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកដ៏ខ្លាំងក្លា ដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងអន្តរជាតិផងដែរ។

ជាមួយគ្នានេះ សម្តេចបានគូសបញ្ជាក់ថា សម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ ប្រទេសទាំងពីរវិញ នៅតែបន្តពង្រឹងនិងពង្រីកចំណងការទូតសភា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក សំដៅជួយគាំទ្រគ្នាទៅវិញទៅមក ស្របតាមទស្សនៈ និងគោលជំហររបស់រដ្ឋាភិបាលរៀងៗខ្លួន តាមរយៈកិច្ចប្រជុំសភាតំបន់ និងវេទិកាអន្តរសភានានា។

សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវការ អបអរសាទរជូនចំពោះ ឯកឧត្តមប្រធានគណៈប្រតិភូ ដែលត្រូវបានរដ្ឋសភាវៀតណាម បោះឆ្នោតគាំទ្រជាប់ជា ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់អាណត្តិឆ្នាំ២០១៦-២០២១។

នៅទីបញ្ចប់ ឯកឧត្តម ត្រាន់ ដាយ ខ្វាង បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅ សាធារណរដ្ឋសង្គមនិយមវៀតណាម តាមពេលវេលាសមស្របណាមួយ។ ការអញ្ជើញនេះដែរ សម្តេចប្រធានរដ្ឋសភាបានទទួលយកមកពិចារណា។

សូមជម្រាបថា ឯកឧត្តម ត្រាន់ ដាយ ខ្វាង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ដោយក្នុងនោះ គណៈប្រតិភូបានចូលក្រាបថ្វាយបង្គំ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងចូលថ្វាយបង្គំ សម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហា សង្ឃរាជនៃគណៈមហានិកាយ និង សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ ផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន