នៅថ្ងៃទី២៥ ខែឧសភាឆ្នាំ ២០១៦នេះ ជាខួបកំណើតរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា គម្រប់៨២ឆ្នាំ ឈានចូល ៨៣ឆ្នាំ។ ក្នុងឱកាសដ៏នក្ខត្តឬក្សនេះ គេសង្កេតឃើញមាន ព្រះរាជសារ និងសារលិខិតជូនពរ ចំពោះសម្តេចមកពីគ្រប់មជ្ឈដ្ឋាន ដោយនៅក្នុង ព្រះរាជសារ និងលិខិតជូនពរទំាងនោះ សុទ្ធសឹងបានលើកឡើងពីពលិកម្មរបស់សម្តេច ដើម្បីប្រទេសជាតិ និងប្រជាជន តំាងពីដើមរហូតមកដល់ ពេលបច្ចុប្បន្ននេះ។
នៅក្នុងព្រះរាជសារលិខិតជូនពរ សម្តេចប្រធានរដ្ឋសភា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្រៅពីព្រះអង្គបានប្រសិទ្ធពរ បវរសួស្តី សិរីមង្គល មហាប្រសើរ ជូនសម្តេច ក្នុងឱកាសបុណ្យចម្រើនជន្មាយុនេះ ព្រះមហាក្សត្រព្រះអង្គក៏បានលើកឡើងពីឧត្តមភាពស្នេហាជាតិរបស់សម្តេចប្រធានរដ្ឋសភា ផងដែរ។
“ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមសម្តែងនូវសេចក្តីកោតសរសើរដ៏កក់ក្តៅជាទីបំផុត ជូនសម្តេចអគ្គមហាពញាចក្រី អ្នកស្នេហាជាតិ ដ៏ឧត្តុង្គឧត្តម ដែលបានខិតខំបំពេញភារកិច្ច ដើម្បីជាឧត្តមប្រយោជន៍ នៃប្រជាជាតិ មាតុភូមិ និងប្រជារាស្រ្តកម្ពុជា” នេះជាខ្លឹមសារនៅក្នុង ព្រះរាជសាររបស់ ព្រះមហាក្សត្រ ផ្ញើជូនសម្តេច ហេង សំរិន។
មិនខុសគ្នានេះ នៅសារលិខិតជូនពរចំពោះសម្តេច ពីឥស្សរជន ជាថ្នាក់ដឹកនាំស្ថាប័នកំពូលៗ ផ្សេងទៀត ដូចជាសារលិខិតរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងសារលិខិតថ្នាក់ដឹកនាំ ក្រសួង មន្ទីរ មន្រ្តីរាជការផ្សេងៗទៀត សុទ្ធតែបានលើកឡើងថា សម្តេច ហេង សំរិន បានលះបង់កម្លាំងកាយ កម្លំាងចិត្ត និងប្រាជ្ញាដ៏ខ្ពង់ខ្ពស់ ក្នុងការ ចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិរហូតមក។
សូមជម្រាបថា នៅក្នុងឱកាសពិធីបុណ្យចម្រើនជន្មាយុ របស់សម្តេចប្រធានរដ្ឋសភា នាថ្ងៃទី២៥ ខែឧសភានេះ ពិធីបែបសាសនា បានប្រារព្ធ ធ្វើឡើងនៅឯភូមិគ្រឹះរបស់សម្តេច ក្នុងរាជធានីភ្នំពេញ ហើយនៅក្នុងព្រឹកនេះដែរ គេសង្កេតឃើញមានវត្តមាន ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា បានដឹកនាំសមាជិកសមាជិការដ្ឋសភា ឯកឧត្តមឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានដឹកនាំ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា លោកជំទាវ ឃួន សុដារី តំណាងក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី និងថ្នាក់ដឹកនាំឥស្សរជន ជាច្រើនទៀត ចូលជូនពរ និងជូនកន្រ្តក់ផ្កា ចំពោះសម្តេចប្រធានរដ្ឋសភា ផ្ទាល់ផងដែរ។
នៅក្នុងឱកាសនោះថ្នាក់ដឹកនាំទំាងអស់ក៏បានគូសបញ្ជាក់ថា “សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំស្ថាប័នរដ្ឋសភា បានជោគជ័យ ជាបន្តបន្ទាប់ ពិសេសសម្តេចបានចូលរួម ចំណែកកសាងសមិទ្ធផលលើគ្រប់វិស័យរបស់សង្គមជាតិ ទំាងផ្នែកពុទ្ធចក្រ និងអាណាចក្រ សំដៅកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាអភិវឌ្ឍន៍ប្រទេសជាតិឲ្យសម្រេចបានការរីកចម្រើនយ៉ាងឆាប់រហ័ស”៕
អត្ថបទ និងរូបភាព នាយកដ្ឋានព័ត៌មាន