ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាអនុប្រធាន ក្រុមមិត្តភាពសភាកម្ពុជា-ចិន បានស្នើដល់សភាប្រជាជននៃខេត្តយូណាន ជួយជំរុញ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ កម្ពុជា ដល់ប្រជាជន ខេត្តយូណាន មកទស្សនានៅព្រះរាជាណាចក្រកម្ពុជា ឲ្យបានច្រើន។
នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាប្រជាជនចិន ដឹកនាំដោយ ឯកឧត្តម ចាង ប៉ាយយូ (ZHang Bairu) អនុប្រធាន ប្រតិបត្តិនៃគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជនចិន នៃខេត្តយូណាន នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នៅវិមានរដ្ឋសភា ឯកឧត្តម ឈាង វុន បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិងចិន បានឈានដល់ចំនុចកំពូល ជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ ហើយបើទោះបីប្រជាជនចិន បានឈរលើគេក្នុងចំណោមភ្ញៀវ ទេសចរបរទេស ដែលមកទស្សនាកម្ពុជាក្តី តែបើគេក្រឡេកមើលពីតួលេខ នៃប្រជាជនខេត្តយូណាន មកទស្សនានិងបណ្តាក់នៅកម្ពុជាវិញ ឃើញថានៅមានកម្រិតនៅឡើយ ។
ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា ”តាមរយៈឯកឧត្តម ប្រធានគណៈប្រតិភូ និងគណៈប្រតិភូទំាងអស់ យើងខ្ញុំសូមស្នើ ដល់មិត្តចិន ជួយជំរុញ អ្នកទេសចរ និងអ្នកវិនិយោគទុនក្នុងខេត្តយូណាន មកបណ្តាក់ទុន និងធ្វើទេសចរណ៍បន្ថែមទៀតមកកម្ពុជា។ ជាមួយគ្នានេះ ខ្ញុំស្នើសុំដល់ ខេត្តយូណាន ជួយទិញកសិផលពីកម្ពុជា ជាពិសេសស្រូវ”។
សូមជម្រាបថា គណៈប្រតិភូសភាប្រជាជនចិន ខេត្តយូណាន ដឹកនាំដោយ ឯកឧត្តម ចាង ប៉ាយយូ បានអញ្ជើញមកទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ដោយក្នុងនោះគណៈប្រតិភូ ត្រូវជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទំាងអញ្ជើញទស្សនាប្រាសាទបុរាណ នាខេត្តសៀមរាបផង។
ក្រៅពីបានលើកឡើងនូវសំណើដូចខាងលើនេះ ឯកឧត្តម ឈាង វុន បានជម្រាបគណៈប្រតិភូ បន្ថែមថា រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ជំហរយ៉ាងរឹងមាំ ក្នុងការគំាទ្រគោលយោបាយចិនតែ និងស្វាគមន៍គោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ឬវិថីសូត្ររបស់ប្រទេសចិន។ ឯកឧត្តម បានគូសបញ្ជាក់ថា វិថីសូត្រ ជាគោលនយោបាយអភិវឌ្ឍន៍ស្មើភាពគ្នា ដូច្នេះកម្ពុជាមានសង្ឃឹម និងត្រៀមខ្លួនចូលរួម អនុវត្ត គោលយោបាយនេះ ។ “វិថីសូត្រ ជាគោលនយោបាយដែលប្រទេសចិន បានទម្លាក់ថវិកា ចំនួន៤០ពាន់លាន ដើម្បីអនុវត្តកម្មវិធី ហើយ២០ពាន់លាន សម្រាប់តំបន់ អាស៊ាននោះ គឺកម្ពុជា ជាសមាជិកអាស៊ានមួយ នឹងទទួលបាន អត្ថប្រយោជន៍ពីកម្មវិធីនេះ “ ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មការ ក៏បានថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់ប្រទេសចិនដែលបានគំាទ្រដល់ការអភិវឌ្ឍន៍នៅកម្ពុជា ហើយថ្មីៗនេះ ប្រទេសចិន បានបើកបង្ហូរទឹកទន្លេមេគង្គ តាមសំណើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខណៈដែលប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀត នៅតាមដងទន្លេមេគង្គ ប៉ែកខាងក្រោម បានជួបនឹងមានការខ្វះខាតទឹកប្រើប្រាស់ ។ ឯកឧត្តម ឈាង វុន មានសង្ឃឹមថា ភាគីចិនបន្តសកម្មភាពនេះទៀត នៅពេលមានសំណូមពរពីកម្ពុជា។
ឯកឧត្តម ចាង ប៉ាយយូ (ZHang Bairu) បានទទួលយកសំណើ និងការលើកឡើង របស់ ឯកឧត្តម ឈាង វុន ដោយបានគូសបញ្ជាក់ថា ឯកឧត្តម ឈាង វុន ជាបុគ្គលម្នាក់បានខិតខំប្រឹងប្រែង ធ្វើឲ្យទំនាក់ទំនងកម្ពុជារឹងមាំឡើង។ ប្រធានគណៈប្រតិភូ បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ច របស់គណៈប្រតិភូ សភា ប្រជាជនចិនខេត្តយូណាន មកកាន់កម្ពុជានាពេលនេះ គឺដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងសភាខេត្តយូណាន និងរដ្ឋសភា កម្ពុជា ។
ឯកឧត្តម ចាង ប៉ាយយូ បានស្នើ ឯកឧត្តម ឈាង វុន និងសមាជិកអង្គប្រជុំទំាងអស់ ជួយគំាទ្រនិងផ្សព្វផ្សាយទៅវិញទៅមក ពីសក្តានុពល ដែលប្រទេស ទំាងពីរមាន ក្នុងការជំរុញដល់កិច្ចសហប្រតិបត្តិការគ្នាក្នុងវិស័យទេសចរណ៍ សេដ្ឋកិច្ច និងកសិកម្មជាដើម ដើម្បីលើកកម្ពស់ ផលប្រយោជន៍សេដ្ឋកិច្ច ប្រទេសទំាងពីរ។
ឯកឧត្តម ចាង ប៉ាយយូ បានគោរពអញ្ជើញ ឯកឧត្តម ឈាង វុន ដឹកនាំគណៈប្រតិភូ ទៅធ្វើទស្សនកិច្ចនៅខេត្តយូណាន។ ជាការអញ្ជើញដែល ឯកឧត្តម ឈាង វុន បានទទួលយក នឹងបានឆ្លើយតបថា នឹងរកពេលវេលាសមស្រប ដើម្បីបំពេញទស្សនកិច្ចនៅខេត្តយូណាន តាមការអញ្ជើញនេះ ៕
អត្ថបទ និងរូបភាព នាយកដ្ឋានព័ត៌មាន