ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានចុះជួបជាមួយអាជ្ញាធរ ឃុំ ស្រុក និងប្រជាពលរដ្ឋ ដើម្បីដោះស្រាយការលំបាក និងបញ្ហាប្រឈម ដូចជាការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ និងចូលរួមពិធី បើកការដ្ឋានសាងសង់ស្ពានបេតុង ១កន្លែង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។
ក្នុងឱកាសចុះជួបអាជ្ញាធរនិងប្រជាពលរដ្ឋនៅស្រុកពាមរក៍ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានជំរុញ អាជ្ញាធរគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ពិនិត្យសិក្សាស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ ពោលគឺនៅពេលនេះ ត្រូវធ្វើយ៉ាងណាដោះស្រាយបញ្ហាទឹក គឺទឹកសម្រាប់ប្រើប្រាស់ និងទឹកសម្រាប់បង្កបង្កើនផលជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានលើកឡើងថា បច្ចុប្បន្ននេះថ្នាក់ដឹកនាំរដ្ឋសភាដែលមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បាននឹងកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់ ជូនប្រជាពលរដ្ឋនៅគ្រប់កន្លែងទូទំាងប្រទេស។
ឯកឧត្តមបណ្ឌិតរដ្ឋ ប្រធានគណៈកម្មការ បានលើកឡើងថា រហូតមកដល់ពេលនេះ មានខេត្តខ្លះបានទទួលទឹកភ្លៀងហើយ ដូច្នេះអាជ្ញាធរឃុំ ស្រុក ត្រូវយកចិត្តទុកដាក់ក្នុងការរក្សាទុកទឹកប្រើប្រាស់នៅរដូវរាំងស្ងួត ដោយត្រូវស្តាស្រះ ត្រពាំងដើម្បីស្តុកទឹកទុកឲ្យបានច្រើន។
ដោយឡែកនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានចូលរួមអមដំណើរ សម្តេចក្រឡាហោម ស ខេង បើកការដ្ឋានសាងសង់ស្ពាន១កន្លែង ប្រវែង១៥០ម៉ែត្រ ទទឹង៩,២០ម៉ែត្រ និងផ្លូវសងខាងក្បាលស្ពានប្រវែង៨០០ម៉ែត្រ ឆ្លងកាត់ទន្លេតូច។
ស្ពាននិងផ្លូវដែលត្រូវបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺជាសំណូមពរ របស់ប្រជាពលរដ្ឋដែលបានស្នើសុំ តាមរយៈតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង។
អត្ថបទនិងរូបភាព នាយកដ្ឋានព័ត៌មាន